អានតួអត្ថបទ
កម្ពុជា

CNRP មិន​ទាន់​កំណត់​ពេល​ធ្វើ​បាតុកម្ម តែ​សមត្ថកិច្ច​ជាង​១​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ថ្ងៃ​នេះ

សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​គេ​អះអាង​ថា មាន​គ្នា​ជាង​១​ពាន់​នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ការ​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ចេញ​ចូល​ទីក្រុង​ភ្នំពេញ និង​តំបន់​សំខាន់​ៗ​ជា​ច្រើន​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​មិថុនា​នេះ។ ការ​ដាក់​ពង្រាយ​កង​កម្លាំង​ដ៏​សន្ធឹក​បែប​នេះ ត្រូវ​បាន​គេ​អះអាង​ថា គឺ​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ចេញ​មក​អះអាង​ថា គណបក្ស​នេះ នៅ​មិន​ទាន់​កំណត់​ពេល​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ ហើយ​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​គាំទ្រ​ជំហរ​របស់​លោក កឹម សុខា ប៉ុណ្ណោះ។

ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស។​
ក្រុម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​របស់​បក្ស។​ សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ អង្គារ ទី ១៤​មិថុនា​នេះ គេ​បាន​ប្រទះ​ឃើញ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង និង​កាំភ្លើង​គ្រាប់​បែក​ផ្សែង​ផង ត្រូវ​បាន​ដាក់​ពង្រាយ នៅ​តាម​ច្រក​ចេញ​ចូល​សំខាន់​ៗ​មក​កាន់​រាជធានី​ភ្នំពេញ ជា​ពិសេស​ គឺ​នៅ​ក្បែរ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជ​ធានី​ភ្នំពេញ។

សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជាង​ ១​ពាន់​នាក់​នេះ ត្រូវ​បាន​គេ​ដាក់​ពង្រាយ គឺ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ដោយ​បារម្ភ​ថា ពួក​គេ​អាច​នឹង​ជួបជុំ​គ្នា​ ដើម្បី​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង និង​លោក ប៉ុល ហំម បាន​ចេញ​មក​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ១៤​នេះ​ថា គណបក្ស​នៅ​មិន​ទាន់​កំណត់​ពេល​ធ្វើ​បាតុកម្ម​នៅ​ឡើយ​ទេ ហើយ​បើ​គណបក្ស​នេះ​ធ្វើ​បាតុកម្ម​មែន នោះ​គណបក្ស​នឹង​មិន​លាក់​លៀម​នោះ​ទេ ពោល​គឺ នឹង​ជូន​ដំណឹង​ទៅ​ដល់​អាជ្ញាធរ​ឲ្យ​បាន​ដឹង​ភ្លាម។

គួរ​ជម្រាប​ជូន​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្រ្គោះ​ជាតិ រាប់​រយ​នាក់ ដែល​ត្រូវ​បាន​គេ​អះអាង​ថា មក​ពី​ ២៥​រាជធានី-ខេត្ត បាន​ឡើង​មក​កាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ដាក់​ញត្តិ និង​គាំទ្រ​លោក កឹម សុខា។ លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​ថា ការ​ជួបជុំ​របស់​ក្រុម​អ្នក​គាំទ្រ​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​ធ្វើ​បាតុកម្ម​ទេ តែ​គឺ​ដើម្បី​ឃ្លាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ លើ​ករណី​របស់​លោក កឹម សុខា តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១៤​មិថុនា​នេះ ពី​មូលហេតុ​នៃ​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​ចំនួន​ ២​លើក​រួច​មក​ហើយ នៅ​ក្នុង​សំណុំ​រឿង​សញ្ចា​កម្ម​របស់​កញ្ញា ខុម ចាន់​តារ៉ាទី ហៅ​ស្រី​មុំ។ ហើយ​នេះ ក៏​ជា​លើក​ទី​៣​ដែរ ដែល​លោក កឹម សុខា មិន​បាន​ទៅ​បំភ្លឺ​ ដោយ​អះអាង​ថា លោក​នៅ​មាន​អភ័យ​ឯកសិទ្ធ​សភា​នៅ​ឡើយ។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សំណូមពរ​ឲ្យ​បន្ត​ជួប​ជុំ​គ្នា​រហូត​ដល់​ល្ងាច​ថ្ងៃ​នេះ ​ដើម្បី​បន្ត​តាម​ដាន​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ បាន​ព្រមាន​ហើយ​ថា នឹង​មិន​អត់​ឱន​ឲ្យ​ឡើយ​ ចំពោះ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ ចំណែក​ លោក អេង ឆៃអ៊ាង នៅ​តែ​មាន​សង្ឃឹម​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​អាច​បញ្ចប់​ទៅ​បាន​ តាម​រយៈ​ការ​ជជែក​គ្នា ហើយ​ថា​គណបក្ស​ទាំងពីរ​នឹង​មិន​ប្រើ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជាជន ដើម្បី​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ