អានតួអត្ថបទ
កម្ពុជា

បក្ស​ទាំង​ពីរ​គ្រោង​បើក​វប្បធម៌​សន្ទនា​ឡើង​វិញ​​នៅ​ចុង​ខែ​ធ្នូ

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួបគ្នា​ឡើង​វិញ​ក្នុង​ក្រប​ខណ្ឌ​វប្បធម៌​សន្ទនា​បន្ទាប់​ពី​អខាន​ជិត​ ១​ឆ្នាំ​កន្លង​មក។ របៀប​វារៈ​សំខាន់​ៗ​នឹង​ត្រូវ​លើក​ឡើង ប៉ុន្តែ​កិច្ចការ​ ដែល​សំខាន់​ជាង​គេ​ ដែល​ភាគី​បាន​បង្ហើប​ឱ្យ​ដឹង​ គឺ​ការ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ដើម្បី​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​មាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ថា បញ្ហា​នេះ​អាច​មាន​ការ​ចំណាយ​ច្រើន និង​ថែម​ទាំង​ត្រូវ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ជា​ចាំបាច់​ផង​ដែរ។

លោក កឹម សុខា និង លោក ហ៊ុន សែន ចាប់ដៃស្វាគមន៍​គ្នា​នៅមុន​កិច្ច​ប្រជុំ​ពេញអង្គ​រដ្ឋសភា ថ្ងៃ​ទី​០៧ ធ្នូ ២០១៦
លោក កឹម សុខា និង លោក ហ៊ុន សែន ចាប់ដៃស្វាគមន៍​គ្នា​នៅមុន​កិច្ច​ប្រជុំ​ពេញអង្គ​រដ្ឋសភា ថ្ងៃ​ទី​០៧ ធ្នូ ២០១៦ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជជែក​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​សប្តាហ៍​ទី​ ៤ នៃ​ខែ​ធ្នូ​ខាង​មុខ។ របៀប​វារៈ​សំខាន់​ ដែល​បក្ស​ទាំង​ពីរ​ ដែល​នឹង​ប្រើ​ក្នុង​វប្បធម៌​សន្ទនា​ដំបូង​នោះ គឺ​នឹង​ពិភាក្សា​ស្តីពី​ការ​សម្រប​សម្រួល​ឱ្យ​ពលករ​ចំណាក​ស្រុក​មាន​សិទ្ធិ​បោះឆ្នោត។ ជំនួប​ដំបូង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​បក្ស​ទាំង​ពីរ​ទាត់​ចោល​តាំង​ពី​ដើម​ឆ្នាំ​មក​ក្រោយ​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ។ លោក​អេង ឆៃអ៊ាង សមាជិក​ជាន់​ខ្ពស់​គណបក្ស បាន​មាន​ប្រសាសន៍​បាន​បង្ហាញ​ពី​សុទ្ធិដ្ឋិនិយម​ចំពោះ​ការ​ជជែក​ពិភាក្សា​នេះ​ខណៈ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាំទ្រ ហើយ​ថា​ក៏​ជា​អ្វី​គិតគូរ​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​មិន​ចង្អៀត​ចង្អល់​នោះ​ទេ ហើយ​បក្ស​ក៏​ចង់​ឱ្យ​ពលរដ្ឋ ដែល​ជា​ពលករ​អាច​មាន​សិទ្ធិ​បោះឆ្នោត​នោះ​ដែរ។ ការ​ចង់​ឱ្យ​មាន​ការ​កែប្រែ​នេះ គឺ​បន្ទាប់​ពី​បក្ស​ទាំង​ពីរ​មើល​ឃើញ​ថា ចំនួន​ពលករ​ចំណាក​ស្រុក​មាន​ចំនួន​ប្រមាណ​ ១​លាន​នាក់​ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស។

លោក អេង​ ឆៃអ៊ាង បន្ត​ថា​ការ​កែប្រែ​នេះ​ គឺ​សម្រាប់​ប្រទេស​មួយ​ចំនួន​ដំបូង​សិន​ ដែល​ពលករ​ចំណាក​ស្រុក​រស់នៅ​ច្រើន​ ដូចជា​កូរ៉េ​ខាង​ត្បូង ថៃ និង​ម៉ាឡេស៊ី។ លោក​ហង្ស ពុទ្ធា អ្នក​ជំនាញ​ការ​បោះឆ្នោត និង​ជា​អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប បាន​អះអាង​ថា​ ដើម្បី​អនុញ្ញាតិ​ឱ្យ​មាន​ការ​បោះឆ្នោត​ពី​ក្រៅ​ស្រុក​ត្រូវ​ការ​ចំណុច​សំខាន់​ ៤​ធំៗ​ គឺ​ទី​១៖ ការ​សម្រេច​ចិត្ត​នយោបាយ​យ៉ាង​ចាំ​បាច់ និង​ការ​ទុក​ចិត្ត​គ្នា​ពី​អ្នក​នយោបាយ ទី២៖ បញ្ហាថវិកា ទី៣៖ បញ្ហា​បច្ចេក​ទេស និង​ទី៤៖ គឺ​សិទ្ធិ និង​ការ​ចូលរួម​ពី​ពលករ។

យ៉ាងណា​ក៏​ដោយ​សម្រាប់​លោក​អេង ឆៃអ៊ាង ចំណុច​ទាំង​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ​ ព្រោះ​ថា​កម្ពុជា​អាច​យក​ស្ថានទូត​ធ្វើ​ជា​កន្លែង​បោះឆ្នោត ហើយ​ថា​បើ​ពលរដ្ឋ​កម្មករ​ចំណាក​ស្រុក​ចង់​បោះ ឬ​មិន​បោះ គឺ​ជា​សិទ្ធិ​របស់​គាត់​ ព្រោះ​ថា​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ហើយ។

ដោយ​ឡែក​លោក សុខ ឥសាន បាន​បញ្ជាក់​បន្ថែម​ថា​អ្វី​ដែល​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​កន្លង​មក​ គឺ​ការ​មិន​ទុក​ចិត្ត​ពី​បណ្តា​គណបក្ស និង​សង្គម​ស៊ីវិល ដែល​យក​ស្ថានទូត​ធ្វើ​ជា​កន្លែង​បោះឆ្នោត ដោយ​ចោទ​ថា​មិន​ឯករាជ្យ ព្រោះ​ស្ថានទូត គឺ​ស្ថិត​ក្នុង​ដៃ​នៃ​គណបក្ស​កាន់​អំណាច។

ការ​ជួបគ្នា​ឡើង​វិញ​ក្នុង​វប្បធម៌​សន្ទនា​ចុង​ខែ​ខាង​មុខ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រជុំ​ដាច់​ដោយ​ឡែក​រវាង​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន និង​លោក​កឹម សុខា ដែល​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច បន្ទាប់​ពី​ការ​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ​ ដែល​ឈាន​ដល់​ការ​លើក​លែង​ទោស​ឱ្យ​លោក​កឹម សុខា។​ បើទោះបី​ជា​បែប​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ម្ចាស់​សំណើ​នៅ​មិន​ទាន់​សង្ឃឹម​ ១​រយ​ភាគរយ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ