អានតួអត្ថបទ
កម្ពុជា

លោក​ខៀវ សុភ័គ ថា​រក​ឃើញ​កំហុស​រាប់​ភ្លេច​ក្នុង​ញត្តិ​ស្នាម​មេដៃ​របស់​សង្គ្រោះ​ជាតិ

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី ២៣​មិថុនា​នេះ​ថា គណៈកម្មការ​ស្រាវជ្រាវ ស្នាម​មេ​ដៃ​របស់​ក្រសួង​មហាផ្ទៃ បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​កាន់​តែ​ច្រើន​ឡើង​ៗ ក្នុង​ញត្តិ​ស្នាម​មេ​ដៃ​ពលរដ្ឋ របស់​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍ ជុំវិញ​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​។ កំហុស​ធំ​ៗ​ចំនួន ៥ ត្រូវ​បាន​លោក​ខៀវ សុភ័គ បង្ហើប​ត្រួស​ៗ​នៅ​ព្រឹក​នេះ ប៉ុន្តែ​លោក​ថា លទ្ធផល​ជាក់​លាក់ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ ក្រោយ​ថ្ងៃ​ទី​៣០​មិថុនា​ខាងមុខ​។

សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​មុន​នឹង​ធ្វើ​ការ​ប្រមូល​ញ្ញត្តិ។​
សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​មុន​នឹង​ធ្វើ​ការ​ប្រមូល​ញ្ញត្តិ។​ Faceboook
ផ្សាយពាណិជ្ជកម្ម

តាម​លោក​ខៀវ សុភ័គ លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​តែ​ឯង​របស់​ភាគី​បក្ស​កាន់​អំណាច​ បាន​រក​ឃើញ​ថា ញត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ មាន​ភាព​មិន​ប្រក្រតី ត្រង់​ស្នាម​មេ​ដៃ​ក្នុង​ញត្តិ​នោះ មិន​មាន​គ្រប់​ ២៥​រាជធានី ខេត្ត ដូច​ការ​អះអាង​របស់​លោក​យ៉ែម បុញ្ញរិទ្ធ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ក្នុង​ញត្តិ​នោះ មាន​តែ​ស្នាម​មេដៃ​ពលរដ្ឋ មក​ពី ២១​ខេត្ត រាជធានី​តែ​ប៉ុណ្ណោះ គឺ​ខ្វះ​ខេត្ត​កោះកុង ក្រចេះ ឧត្តរ​មានជ័យ និង​ខេត្ត​ពោធិ៍សាត់​។

ក្រៅ​ពី​បញ្ហា​នេះ មាន​សន្លឹក​ញត្តិ​ខ្លះ មាន​តែ​ស្នាម​មេដៃ ប៉ុន្តែ​គ្មាន​អាស័យដ្ឋាន ឬ​ក៏​មាន​តែ​ស្នាម​មេដៃ ប៉ុន្តែ​គ្មាន​ឈ្មោះ​មនុស្ស​អ្នក​ផ្តិត ឬ​មួយ​ទៀត គឺ​មាន​តែ​ឈ្មោះ​ ប៉ុន្តែ​អត់​មាន​ស្នាម​មេដៃ​សោះ​។ និង​បញ្ហា​ចុងក្រោយ គឺ​គណៈកម្មការ​ស្រាវជ្រាវ​ស្នាម​មេដៃ បញ្ជាក់​ថា មាន​សន្លឹក​ញត្តិ​មួយ​នោះ មនុស្ស​តែ​ម្នាក់ បាន​ផ្តិតមេដៃ រហូត​ដល់​ទៅ ៨៦​ដង ដែល​តំណាង​ឲ្យ​មនុស្ស ៨៦​នាក់​។

ក្រសួង​មហាផ្ទៃ ដែល​ធ្វើការ​ងារនេះ​ដោយ​មិន​មានការ​ចូលរួម​ពីភាគី​ម្ចាស់​ស្នាម​មេដៃ​ អះអាង​ថា ការ​ធ្វើ​កោសល្យ​វិច្ច័យ​លើ​ញត្តិ​ស្នាម​មេដៃ​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី ៣០មិថុនា​ខាង​មុខ។ ហើយ​លទ្ធផល​ជាក់លាក់ នឹង​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​ក្រោយ​ពេល​នោះ​។ លោក​ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​នឹង​ធ្វើ​របាយការណ៍​ពី​លទ្ធផល​នៃ​ភាព​មិន​ប្រក្រតី​នេះ​ ​ជូន​ទៅ​រដ្ឋាភិបាល ហើយ​ចំណាត់​ការ​បែប​ណា​ចំពោះ​ការ​បន្លំ​ចំនួន​ស្នាម​មេដៃ​ពលរដ្ឋ​នេះ​ គឺ​រដ្ឋាភិបាល​ជា​អ្នក​ចាត់​ចែង​តាម​ផ្លូវ​ច្បាប់​។

សូម​រម្លឹក​ជូន​ថា កាល​ពី​ចុង​ខែ​ឧសភា ពលរដ្ឋ អ្នក​គាំទ្រ និង​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ បាន​នាំ​គ្នា​ហែ​ញត្តិ ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ប្រមាណ​ជា ១៧​ម៉ឺន​ស្នាម​មេដៃ យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍ ក្នុង​ដំណោះស្រាយ​បញ្ហា​នយោបាយ​នា​ពេល​បច្ចុប្បន្ន រួម​មាន​ការ​ចោទ​ប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)​។​ ក្រោយ​មក ស្ថាប័ន​​ព្រះបរម​រាជវាំង​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លើ​ស្នាម​មេដៃ​ទាំង​នោះ ហើយ​ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មាការមួយ​ ដែល​មាន​តែ​សមាសភាព​របស់ខ្លួន ​ដើម្បី​ធ្វើ​ការ​លើ​រឿង​នេះ​។

កន្លងមក​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ធ្លាប់​បាន​លើក​ឡើង​ថា បើ​ខ្លាច​ថា​ស្នាម​មេដៃ​នោះ មិន​ពិត គេ​នឹងប្រមូល​ម្ចាស់​មេដៃ មក​បង្ហាញ​ព្រះមហាក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង​តែ​ម្តង​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក​ខៀវ សុភ័គ យល់​ថា បក្ស​សង្គ្រោះជាតិ មាន​យោបល់​ល្អ តែ​គំនិត​អាក្រក់។ លោក​ខៀវ សុភ័គ ថា បើ​ពលរដ្ឋ​មក​ប្រមូល​ផ្តុំ​គ្នា​ទៀត​នោះ គឺ​វា​ដូច​ជា​ហេតុការណ៍​ចង់​ផ្តួល​រលំ​រដ្ឋាភិបាល ដូច​ដែល​បក្ស​ប្រឆាំង ធ្លាប់​បាន​ធ្វើ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ យ៉ាងដូច្នេះដែរ​។ ប៉ុន្តែ​លោក​ថា ធ្វើ​យ៉ាង​ណា ក៏​ប្រហែល​នៅ​តែ​បរាជ័យ​ដដែល​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ