អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រឆាំង​ស្នើ​សុំ​ចរចា​បញ្ហា​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច

លោក​ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា តំណាង​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​មិញ​នេះ បាន​ស្នើ​ផ្ទាល់​មាត់​មក​កាន់​លោក ដើម្បី​សុំ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ គិត​ត្រឹម​ព្រឹក​នេះ លោក​ឡេង ប៉េងឡុង មិន​ទាន់​បាន​ទាក់​ទង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ តែ​លោក​បញ្ជាក់​ថា នឹង​ទាក់​ទង​នៅ​ថ្ងៃ​ពុធ​នេះ​តែ​ម្តង។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ RFI
ផ្សាយពាណិជ្ជកម្ម

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ខ្លី​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា របៀប​វារៈ​ដែល​គណបក្ស​ប្រឆាំង​ចង់​លើក​ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ។ យ៉ាង​ណា​ក៏​ដោយ អ្នកនាំ​ពាក្យ​រូប​នេះ មិន​ព្រម​អត្ថាធិប្បាយ​លម្អិត​នោះ​ទេ​ជុំ​វិញ​របៀប​វារៈ​ដ៏​ក្តៅ​គគុក​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ​លោក​ឡេង ប៉េងឡុង។ ក៏​ប៉ុន្តែ​លោក​សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​អះអាង​ជា​មុន​ហើយ​ថា បើ​គណបក្ស​សង្រ្គោះ​ជាតិ​លើក​យក​បញ្ហា​នយោបាយ​មក​និយាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ការ​ជួប​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នឹង​មិន​អាច​កើត​ឡើង​ទេ។ នេះ​ក៏​ព្រោះថា​ គណបក្ស​កាន់​អំណាច​មិន​បាន​ទទួល​ស្គាល់​ឡើយ ថា​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​នោះ។ បន្ថែម​លើ​នេះ ​លោក​សុខ ឥសាន ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា ការ​ស្នើ​សុំ​ដោះលែង​អ្នក​ទោស ឫ​រំលោភ​លើ​សាល​ក្រម​តុលាការ ក៏​មិន​អាច​និយាយ​ចរចា​គ្នា​បាន​ដែរ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ព្រោះ​ថា វា​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​នៃ​វប្បធម៌​សន្ទានា។

ជា​ការ​កត់​សម្គាល់ ការ​សម្រេច​ចង់​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឡើង​វិញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​សំណាក់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​តែ​មើល​មុខ​មិន​ចំ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្រ្ត​កំពុង​មាន​អភ័យឯកសិទ្ធិ​របស់​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។ ហើយ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ការ​គ្រោង​នឹង​ចាប់​ខ្លួន​លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខ្មែរ។ ការណ៍​នេះ ធ្វើ​លោក​កឹម សុខា ត្រូវ​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​អស់​រយៈ​ពេល​១៤​ថ្ងៃ​ហើយ​គិត​ត្រឹម​ពេល​នេះ ដោយ​មាការ​ចាំ​ឃ្លាំ​មើល​ពី​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ផង។

គិត​ត្រឹម​ថ្ងៃ​នេះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​ចាប់​ខ្លួន​លោក​កឹម សុខា នៅ​ឡើយ​ទេ បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ព្រមាន​ទុក​ជាមុន​ហើយ​ថា គណបក្ស​នឹង​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​តែ​ម្តង បើ​អាជ្ញាធរ​ហ៊ាន​ចាប់​ខ្លួន​លោក​កឹម សុខា នោះ។ ថ្វី​បើ​បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​បាន​សម្រេច ថា​នឹងបន្ត​ប្រើប្រាស់​យន្តការ​ដែល​គណបក្ស​មាន ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​អហិង្សា​រហូត​ដល់​មាន​ដំណោះ​ស្រាយ​ដែល​អាច​នាំ​ឲ្យ​ស្ថានការ​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ