អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​មួយ​ក្រុម​ ពិគ្រោះ​យោបល់ មុន​ពេល​ចុះ​ហត្ថលេខា​លើ​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ស្ត្រី​ក្រោយ​ឆ្នាំ​២០១៥

ក្រុម​សង្គម​ស៊ីវិល ប្រមាណ​ជា ៥០​អង្គការ ដែល​ធ្វើ​ការ​លើ​ផ្នែក​យេនឌ័រ នៅ​ថ្ងៃ​អង្គារ ទី ២៨​កក្កដា​នេះ ​បាន​ជួបជុំ​គ្នា នៅ​សណ្ឋាគារ​សាន់វេ ក្រុង​ភ្នំពេញ ដើម្បី​ពិគ្រោះ​យោបល់​ជុំវិញ​ផែន​ការ​សកម្មភាព​ទីក្រុង​ប៉េកាំង បូក ២០ និង​គោលការណ៍​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ ២០១៥។​ សង្គម​ស៊ីវិល​ លើក​ឡើង​ថា ការ​ពិគ្រោះ​យោបល់​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី និង​ផ្តល់​ឲ្យ​មាន​ការ​អភិវឌ្ឍ​មួយ​ ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ជំនាន់​ក្រោយ ជា​ពិសេស​គឺ​ស្ត្រី និង​កុមារី។

ផ្សាយពាណិជ្ជកម្ម

ផែន​ការ​សកម្មភាព​ទីក្រុង​ប៉េកាំង គឺ​ជា​ផែនការ​អភិវឌ្ឍ​ស្ត្រី ដែល​មាន​ប្រទេស​ចំនួន​ ១៦០​បាន​ចូលរួម។ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក​ស្រី​ធីតា ឃឹះ នាយិកា​អង្គកា​សីលកា នៅ​ក្នុង​សិក្ខាសាលា នា​ថ្ងៃ​ទី​ ២៨​កក្កដា​នេះ។ លោក​ស្រី​ធីតា ឃឹះ​ បាន​បញ្ជាក់​ថា​ សិក្ខាសាលា​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​ពិគ្រោះ​យោបល់ ដើម្បី​លើក​យក​គោល​ដៅ​សំខាន់​ៗ ក្នុង​ចំណោម​គោល​ដៅ​ចំនួន​ ១៧​ចំនុច មុន​ពេល​មាន​ការ​ចុះហត្ថលេខា​លើ​ក្រប​ខណ្ឌ​អភិវឌ្ឍន៍ ក្នុង​ប្រទេស នៅ​ខែ​កញ្ញា ឆ្នាំ២០១៥នេះ។​

តាម​លោក​ស្រី​ធីតា ឃឹះ បន្ទាប់​ពី​មាន​ការ​ចុះ​ហត្ថលេខា​លើ​ផែន​ការ​អភិវឌ្ឍ​នេះ​ហើយ នោះ​កម្ពុជា​ក៏​នឹង​រៀប​ចំ​សម្រេច​យក​សន្ទុះ​សម្រាប់​ការ​អភិវឌ្ឍ​សមភាព​យេនឌ័រ នៅ​អំឡុង​ខែ​កុម្ភៈ ឬ​មីនា ឆ្នាំ ២០១៦​ផង​ដែរ។ ចំពោះ​កិច្ច​ពិគ្រោះ​យោបល់​វិញ សង្គម​ស៊ីវិល ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដែល​មាន​ចីរភាព សម្រាប់​ស្ត្រី​ ដែល​រួម​មាន​ការ​ចែក​ចាយ​ដែល​ប្រកប​ដោយ​យុត្តិធម៌ រួម​មាន​យុត្តិធម៌​សេដ្ឋកិច្ច យុត្តិធម៌​បរិស្ថាន និង​គណនេយ្យ​ភាព​ទៅ​ប្រជាពលរដ្ឋ។​​

ឆ្លង​កាត់​តាម​ការ​ពិគ្រោះ​យោបល់​នោះ​ អ្វី​ដែល​ទិសដៅ ដែល​សង្គម​ស៊ីវិល​ត្រូវ​ការ​ចំពោះ​សមភាព​យេនឌ័រ គឺ​ត្រូវ​បញ្ចប់​រាល់​ទម្រង់​នៃ​ការ​រើសអើង ប្រឆាំង​ទៅ​នឹង​ស្ត្រី និង​កុមារី នៅ​គ្រប់​ទី​កន្លែង។ ត្រូវ​លុប​បំបាត់​គ្រប់​ទម្រង់​ហិង្សា​ក្នុង​ទីសាធារណៈ និង​ក្នុង​គ្រួសារ។ លុប​បំបាត់​ការ​អនុវត្ត​ដែល​មាន​គ្រោះថ្នាក់ ដូចជា​ការ​បង្ខំ​ឲ្យ​រៀប​ការ និងការ​កាត់​ប្រដាប់​ភេទ​កុមារ​ជាដើម។ លើស​ពី​នេះ សង្គម​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​សមភាព​យេនឌ័រ ហើយ​បង្ក​ឲ្យ​មាន​ការ​ចូលរួម​ពីស្ត្រី​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​នូវ​សេវា​សង្គម​គ្រប់​យ៉ាង។

លោក​ស្រី​ធីតា ឃឹះ បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​សង្គម​កម្ពុជា​មើល​ទៅ​មាន​ការ​អភិវឌ្ឍ​មែន ប៉ុន្តែ​ចំពោះ​សមភាព​យេនឌ័រ​រវាង​ស្ត្រី និង​បុរស ពី​ថ្នាក់​លើ ដល់​ថ្នាក់​ក្រោម គឺ​មាន​ត្រឹម​ ១៥ភាគរយ​ប៉ុណ្ណោះ។ ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ប្រឈម​មុខ​ជាមួយ​នឹង​វប្បធម៌​បុរាណ ដែល​តែង​ចាត់​ទុក​ថា​ស្ត្រី ត្រូវ​តែ​ទន់ខ្សោយ​ជាង​បុរស ឬស្ត្រី​ត្រូវតែ​ធ្វើ​ការងារ​ផ្ទះ​ទាំងអស់​ជា​ដើម។ នេះ​ជា​ផ្នត់​គំនិត ដែល​លោក​ស្រី​នាយិកា​អង្គការ​សីលកា​រូប​នេះ បញ្ជាក់​ថា ជា​រឿង​ដែល​នៅ​តែ​កំពុង​ពិបាក​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ