អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​អាច​ប្តឹង​តវ៉ា​ចំពោះសេវា​សាធារណៈ​របស់​រដ្ឋ នៅ​ថ្នាក់​មូលដ្ឋាន​!

ថ្មីៗ​នេះ រដ្ឋាភិបាល​ បាន​បង្កើត​ ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ការិយាល័យ​នេះ គឺអនុញ្ញាតឲ្យពលរដ្ឋ​ ប្តឹង​​ផ្តល់ចំពោះ​មន្ត្រី​​សេវា​សាធារណៈ ដូចជា​​ការ​យក​ប្រាក់ ​លើស​កម្រៃ​សេវា​ជាដើម។ ការិយាល័យ​ប្រជាពលរដ្ឋ​ មាន​តួនាទី​ទទួល​បណ្តឹង ស៊ើប​អង្កេត និង​សម្រុះ​សម្រួល​ដោះស្រាយ​បណ្ដឹង​ នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ សំដៅ​ដល់​ការ​ធ្វើ​ឲ្យ​តម្លាភាព ចំពោះ​​សេវា​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​។ 

ពលរដ្ឋ​កំពុង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត!
ពលរដ្ឋ​កំពុង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត! RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​ប្រជាពលរដ្ឋ​នៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ ត្រូវ​បែង​ចែក​ជាពីរ​​ថ្នាក់ គឺការិយា​ល័យ​​ប្រជាពលរដ្ឋរាធាធានី ខេត្ត និង​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង​ ស្រុក ខណ្ឌ។ តាមរយៈ​ការិយាល័យ​ទាំង​នេះ ពលរដ្ឋខ្មែរ​ទូទៅនៅមូលដ្ឋាន​ អាច​ប្តឹង​ផ្តល់​ចំពោះមន្ត្រី​សាធារណៈ​នៃ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ និង​អាច​ប្តឹង​ផ្តល់ សម្តែង​ការ​មិន​ពេញចិត្ត​​ចំពោះការ​គ្រប់​គ្រង​នៅ​មូលដ្ឋាន។ 

តួយ៉ាង​ដូចជា​​ ពលរដ្ឋ​អាច​​ប្តឹង​មន្ត្រីមូលដ្ឋាន ដែល​ផ្តល់​សេវា​លិខិត​ស្នាម​ ដោយ​យក​លុយ​លើស​​កម្រៃដែល​ច្បាប់​បាន​កំណត់ ឬ​ពលរដ្ឋ​អាច​ប្តឹង​ចំពោះ​អាកប្បកិរិយាមិន​គប្បី​របស់​មន្ត្រីមូលដ្ឋាន​​ទាំង​នោះ​ជា​ដើម។ ចំពោះការ​ប្តឹង​ផ្តល់​ទាំងនេះ គឺគ្មាន​​បង់​ថ្លៃ​សេវា​នោះទេ។​

ទន្ទឹមនេះ លោក សក់ សេដ្ឋា ប្រធាន​លេខាធិការ​ដ្ឋាន​ របស់​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ គ.ជ.អ.ប. បាន​បញ្ជាក់​ប្រាប់​វិទ្យុ​RFI ថា ការ​បង្កើត​ការិយាល័យ​មួយ​នេះ គឺ​ដើម្បីជំរុញ​ឲ្យ​មាន​តម្លាភាព និង​បង្កើន​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ចំពោះ​​សេវា​សាធារណៈនៅ​ថ្នាក់​ក្រោម​ជាតិ​។

ចាប់ពី​​ពេ​លនេះតទៅ ពលរដ្ឋ​នៅមូល​ដ្ឋាន អាច​ប្តឹង​តវ៉ា ប្តឹង​ទាមទារ ឬ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​សេវា​សាធារណៈនិង​ការ​គ្រប់​គ្រង​រដ្ឋបាល​ របស់​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ​ សង្កាត់ និង​មន្ទីរ​ អង្គភាព​ជំនាញ ព្រមទាំងភ្នាក់​ងារ​ទទួល​សមត្ថកិច្ច នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ។

តាម​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា រូប​នេះ​ដដែល, ការិយាល័យ​ប្រជាពលរដ្ឋ គឺ​ជួយ​ដោះស្រាយ​វិវាទ និង​ជួយ​​សម្រុះ​សម្រួល​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ​ នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​នៅតែ​មិន​សុខ​ចិត្ត គឺអាច​ប្តឹងបន្ត​​​តាម​នីតិវិធី​តុលាការ​បន្ថែមទៀត​។​

គួរ​បញ្ជាក់​ថា នៅពេល​នេះ ក្រសួង​មហាផ្ទៃ​ កំពុង​តែ​រៀបចំ​សាង​​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋនេះ នៅចំ​កន្លែង​សមរម្យ ក្នុង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលទំនង​​អាច​នៅក្បែរ​នឹង​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែរ។​

លក្ខណៈពិសេស​នៃ​ការិយាល័យ​ប្រជាពលរដ្ឋនេះ គឺតួនាទី ប្រធាន​ និងអនុប្រធាន គឺមិន​ត្រូវ​ជា​មន្ត្រីរាជការ​ ក្នុងក្រប​ខណ្ឌរដ្ឋ​នោះទេ។​ ​ចំពោះការ​ជ្រើស​រើស​បេក្ខជន​សម្រាប់​មុខ​តំណែង​ទាំងពីរ​នេះទៀត​សោត​ ​បើ​ជា ស្រ្តី ជនពិការ និង​ជនជាតិ​ដើមភាគតិច​គឺ​ ត្រូវលើកទឹកចិត្ត​ឲ្យ​ដាក់​ពាក្យប្រកួត​ប្រជែង។ លើសពីនេះ ​ការ​ជ្រើស​រើស​ប្រធាន​ និងអនុប្រធាន សម្រាប់​ការិយាល័យ​ពលរដ្ឋ​នេះ គឺត្រូវ​មានការ​ចូលរួម​ជ្រើសរើស​ពី​តំណាងអាជីវ​អ្ន​កលក់ដូរ ៧នាក់​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ៧នាក់ ​ផង​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ