អានតួអត្ថបទ
កម្ពុជា-សង្គម

​របាយ​ការណ៍​ស៊ើប​អង្កេត​៖ ជន​ជាតិ​ចិន​គ្រប់​គ្រង​មុខ​របរ​ដែល​ខ្មែរ​ធ្លាប់​ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​

មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅកាត់ថាCCIM បានដាក់ឲ្យដំណើការ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​ចំនួន៥នៅថ្ងៃពុធនេះទាក់ទងនឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅកម្ពុជា។ នៅក្នុង​ចំណោមរបាយការណ៍​ស៊ើបអង្កេត​ទាំង៥នោះ មានរបាយការណ៍មួយបាន​រកឃើញថា ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុស្ទើរតែទាំងស្រុង ខណៈ​ពលរដ្ឋខ្មែរ​ជា​ម្ចាស់​ស្រុក​ខ្លះបានចាកចេញ។ 

រូបភាព៖ ក្រុងព្រះសីហនុ
រូបភាព៖ ក្រុងព្រះសីហនុ @Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ចំនួន៦ទំព័រ ក្រោមចំណងថា «ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ»​ បាន​បង្ហាញថា​ នៅ​ខេត្ត​ព្រះសីហនុ​ ជនជាតិ​ចិន​បើកហាង​ដូរលុយ​ ហាត់​កាត់សក់​ ជាង​ផ្សារដែក​ រថ​តាក់ស៊ី​ ម៉ូតូ​កង់​បី​ឥណ្ឌា​ និង​ហាង​ម៉ាស្សា​ ហាង​លក់​គ្រឿងទេស​ លក់​បន្លែ​ ត្រី​ និង​សាច់​ជ្រូក​ដូច​ពលរដ្ឋខ្មែរ​ម្ចាស់​ស្រុក​ដែរ​។ ចំណែក អាជីវកម្ម​ស្ទើរ៩០ភាគរយ​ នៅក្នុង​ខេត្ត​ជាប់សមុទ្រនេះ​ត្រូវ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​គឺ​ផ្ទះ​សំណាក់​ សណ្ឋាគារ​ ហាង​ម៉ាស្សា​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ជាដើម​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី២៩​ខែសីហា​ឆ្នាំ២០១៩​មាន​ក្រុមហ៊ុន​ចំនួន​៥២​កំពុងតែ​វិនិយោគ​នៅក្នុង​ខេត្ត​នេះ​ ហើយប្រហែល៩០ភាគរយ​គឺជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​។

គិត​ត្រឹម​ខែមេសា​ ឆ្នាំ២០១៩​ ការ​វិនិយោគ​នៅខេត្តព្រះសីហុន មាន​ទឹកប្រាក់​ជាង​ ៨ពាន់៤៦០លាន​ដុល្លារ​អា​មេ​រិក។ ទំហំ​ទឹកប្រាក់​ដែល​គ្រប់​ដណ្តប់​គម្រោង​ទាំង​ ៥២គម្រោង​នេះ​ គឺ​ក្តោប​ទៅលើ​វិស័យ​សំ​ខាន់​ៗក្នុង​ខេត្តនេះ​ ដូចជា​ វិស័យ​សេវាកម្ម​ទេសចរណ៍​ អចលនទ្រព្យ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ឧស្សាហកម្ម​។ នេះបើតាមរបាយការណ៍នៅក្នុងព័ត៌មានស៊ើប​អង្កេតដដែលនេះ។

របាយការណ៍នេះបានបញ្ជាក់ថា នៅពេល​ដែល​ការ​វិនិយោគ​របស់​ចិន​កាន់តែ​ច្រើន​នៅខេត្ត​ព្រះសីហនុ​បានធ្វើ​ឲ្យ​អ្នក​ប្រកបរបរ​តូចតាច​ខ្លះ​កំពុង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ហើយ​អ្នក​ខ្លះ​បាន​​ចាក​ចេញ​ពី​ទឹក​ដីកំណើតនេះទៅកាន់ខេត្ត​ផ្សេង ខណៈអាជីវកម្ម​របស់​ខ្លួន​ពិបាក​ប្រកួត​ប្រជែងជាមួយ​ចិន​ដែល​រក​ស៊ី​ដូចគ្នាដែរនោះ។ ក្នុង​ចំណោម​មនុស្ស៣០នាក់ ដែល​អ្នកសរសេរ​របាយការណ៍​នេះ​ បាន​ជួប​សម្ភាស​ន៍​នៅកន្លែង​ផ្សេងគ្នា​ យ៉ាង​ហោចណាស់​ ពលរដ្ឋ៦០ភាគរយអះអាងថា ​កំពុង​ទទួលរង​ផល​ប៉ះពាល់​អវិជ្ជមាន​​ ខណៈពលរដ្ឋ​ប្រហែលជា៤០ភាគរយ​បាន​ទទួលផល​ខ្ពស់​ពី​ការអភិវឌ្ឍន៍ក្នុង​ខេត្ត​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ