អានតួអត្ថបទ
កម្ពុជា-ចិន

ចិន អំពាវនាវ​ដល់​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ឲ្យ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កម្ពុជា

ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី ៧ កុម្ភៈ​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​​​ដ៏​កម្រ​មួយ ដើម្បី​បញ្ជាក់​អំពី​ស្ថាន​ភាព​នៃ​ការ​កើន​ឡើង​វិនិយោគិន​ និង​វត្តមាន​​របស់​ប្រជាជនចិន​នៅ​ក្នុង​ប្រទេសកម្ពុជា បន្ទាប់​ពី​មាន​ការ​រិះគន់។ នៅ​ក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​នេះ លោក​ឯកអគ្គរដ្ឋទូត ​ប្រឆាំង​ជាដាច់​ខាត ចំពោះ​ជនជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រពឹត្តិ​អំពើ​ល្មើស​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​ប្រជាជនចិន​ទាំង​មូល។ ប្រឈម​នឹង​បញ្ហានេះ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ចាត់​វិធានការ​តឹង​រឹង​ចំពោះ​ប្រជាជន​ចិន ដែល​ប្រព្រឹត្តិ​បទ​ល្មើស​ទាំង​នោះ​។ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ចិន​ទាំង​ឡាយ​ដែល​មក​កម្ពុជា រក្សា​ភាព​ត្រឹម​ត្រូវ ស្អាតបាត និងជៀស​វាង​ពីល្បែង​ស៊ី​សង​។

លោក ស្យុង បូ ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា
លោក ស្យុង បូ ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ស្យុង បូ ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ប្រជាជន​ចិន​ដែល​មក​កម្ពុជា​ច្រើន​ជាង​គេ គឺជា​ភ្ញៀវ​ទេសចរ​។ កាល​ពី​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ចិន​ប្រមាណ​ជា ១​លាន​២​សែន​នាក់ បាន​មក​ទស្សនានៅ​កម្ពុជា ហើយ​ចំនួន​នេះ រំពឹង​ថា នឹង​កើន​ឡើង​ដល់​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ តំណាង​ឲ្យ​រាជ​រដ្ឋាភិបាល​ចិន លោក ស្យុង បូ (លោក Xiong Bo) កត់​សម្គាល់​ថា វត្តមាន​របស់​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​នៅ​កម្ពុជា គឺ​ដើម្បី​ជួយ​ជម្រុញ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សង្គម​កិច្ច និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ បាន​ទទួល​ស្គាល់​ថា កំណើន វិនិយោគិន​ចិន និង​ប្រជាជនចិន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ក៏​បាន​បង្ក​ជា​ក្តីបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ​។ លោក ថា ពលរដ្ឋ​ចិន​មួយ​ភាគធំ អាច​បំពេញ​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់ ប្រពៃណី ទំនៀម​ទម្លាប់​របស់​កម្ពុជា និង​ប្រាស្រ័យ​ទាក់​ទង​ប្រជាជន​ក្នុង​តំបន់​ប្រកប​ដោយ​សន្តិភាព។ ប៉ុន្តែ មាន​ប្រជាជន​ចិន​មួយ​ចំនួន​តូច បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ដោយ​អ្នក​ខ្លះ​លេង​ល្បែង​ខុស​ច្បាប់ ចាប់​ជម្រិត​ទារ​ប្រាក់​តាមទូរគមនាគមន៍ ខ្លះ​ទៀត​ផឹក​ស្រា​បង្ក​ជម្លោះ​ រំខានសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ហើយ​ខ្លះ​ទៀត​មើលរំលង​ច្បាប់​វិន័យ​ចរាចរណ៍។

ប្រឈម​នឹង​បញ្ហា​ទាំង​អស់​នេះ តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន លោក ស្យុង បូ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ចិន ដែល​ចេញ​ក្រៅ​ប្រទេស​ទាំង​អស់​ ត្រូវ​គោរពឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​របស់​ប្រទេស​នីមួយៗ​ គោរពប្រពៃណី​ ទំនៀមទម្លាប់ ប្រជាជន​ក្នុង​តំបន់ និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ពលរដ្ឋ ប្រទេសដទៃ ឲ្យ​បានល្អ​ប្រសើរ​ថែម​ទៀត។ ឯក​អគ្គរដ្ឋ​ទូត​ចិន​នៅ​កម្ពុជា​រូប​នេះ ក៏​បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់របស់​កម្ពុជា មាន​ចំណាត់​ការ​តឹង​រឹង​បំផុត​ ចំពោះ​ជន​ជាតិ​ចិន​ណា​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​កម្ពុជា​។ និង​ស្នើ​កុំ​ឲ្យ​ភាគី​កម្ពុជា បន្ធូរ​បន្ថយ​ដល់​ជន​សង្ស័យ​ណា​មួយ តាមរយៈ​ការ​យោគ​យល់​នៃ​ទំនាក់​ទំនង​ល្អ​រវាងចិន​-កម្ពុជា។

ជា​ការ​កត់​សម្គាល់ ការ​លើក​ឡើង​របស់​តំណាង​រដ្ឋាភិបាល​ចិន នា​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ ជុំវិញ​វត្ត​មាន​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​បាន​បង្ក​អសន្តិសុខ​នៅ​តំបន់ទេសចរ​មួយ​នេះ និង​ខ្លះ​ទៀត កំពុង​តែ​ក្តោប​ក្តាប់​អាជីវកម្ម​មួយ​ចំនួន​ផង។ ជុំវិញ​ការ​ព្រួយបារម្ភ​នៃ​ការកើន​ឡើង​អ្នក​វិនិយោគ និង​ប្រជាជន​ចិន​នៅ​កម្ពុជា​នេះ លោក ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកុម្ភៈ បាន​ប្រតិកម្ម​ចំពោះ​ការ​បង្ហាញ​ពី​ក្ដីព្រួយ​បារម្ភ​ចំពោះ​វត្តមាន​វិនិយោគិន​ចិន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ហ៊ុន សែន ថា ការ​ហូរ​ចូល​វិនិយោគិន​ចិន ដោយ​សារ​តែ​កម្ពុជា មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​វិវឌ្ឍ​របស់​ប្រទេស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​បំពេញ​នូវ​កង្វះ​ខាត​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ