អានតួអត្ថបទ
កម្ពុជា

របាយការណ៍​​ស្តីពី​​ការ​​ប្រឈម​​របស់​​កុមារ​​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​​ត្រូវ​បាន​​ចេញ​ផ្សាយ​

កុមារ​កម្ពុជា​​ជា​ច្រើន​​ដែល​មាន​​រឿង​​ក្តីក្តាំ​​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​​កំពុង​តែ​​ប្រឈមមុខ​​នឹង​​បញ្ហា​​ជា​ច្រើន​​ទាំង​​ពេល​​កើត​ហេតុ ពេល​​ឡើង​​តុលាការ ​និង​​ក្រោយ​ពេល​​ជំនុំ​ជម្រះ​។ ​នេះ​​បើ​​យោង​តាម​​របាយការណ៍​​ស្រាវជ្រាវ​​ដែល​មាន​​ឈ្មោះ​ថា​ «​សំឡេង​​របស់​​​កុមារ​​​នៅ​ក្នុង​​តុលាការ​» ​ដែល​​ត្រូ​វ​បាន​​ចេញ​ផ្សាយ​ នៅ​​ព្រឹក​​ថ្ងៃ​ទី ​២៨​មករា​​នេះ ​ដោយ​​អង្គការ ​ហា​ហ្កា ​សហការ​​ជាមួយ​​អង្គការ​​យូ​នី​សេ​ហ្វ ​នៅ​​សណ្ឋាគារ​​កាំបូឌីយ៉ាណា​។

របាយការណ៍ស្រាវជ្រាវដែលមានឈ្មោះថា «សំឡេងរបស់កុមារនៅក្នុងតុលាការ» ដែលត្រូវបានចេញផ្សាយ នៅព្រឹកថ្ងៃទី ២៨មករាឆ្នាំ២០១៥
របាយការណ៍ស្រាវជ្រាវដែលមានឈ្មោះថា «សំឡេងរបស់កុមារនៅក្នុងតុលាការ» ដែលត្រូវបានចេញផ្សាយ នៅព្រឹកថ្ងៃទី ២៨មករាឆ្នាំ២០១៥ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

កុមារ​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធយុត្តិធម៌ គឺ​សំដៅ​ដល់​កុមារ​ទាំងឡាយណា ដែល​ប្រឈម​នឹង​បញ្ហា​ច្បាប់ ដូចជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីរំលោភបំពាន​ផ្លូវភេទ, អំពើហិង្សា និង​បញ្ហាផ្សេងៗទៀត។ បច្ចុប្បន្ន​កុមារ​ទាំងនេះ ត្រូវបាន​រកឃើញថា​មាន​បញ្ហា​ប្រឈម​ជាច្រើន នៅក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា ទោះជា​ពួកគេ​ជា​ជនរងគ្រោះ ជនល្មើស ឬក៏​សាក្សី ក៏ដោយ។ បញ្ហា​ប្រឈម​របស់​ពួកគេ កើតចេញពី​ការប្រព្រឹត្ត​របស់​នគរ​បាល ការធ្វើ​កោសល្យ​វិ​ច្ច័​យ បទពិសោធ​នៅក្នុង​បន្ទប់​តុលាការ កិច្ច​គាំទ្រ​ពី​មេធាវី និង​ការរៀបចំ​ត្រៀមលក្ខណៈ​សម្រាប់​តុលាការ, ការទទួលបាន​សាលក្រម និង​រយៈពេល​ក្រោយ​ជំនុំជម្រះ​ជាដើម។

អង្គការ​ហា​ហ្គា និង​យូ​នី​សេ​ហ្វ បាន​ស្រាវជ្រាវ​អំពី​បទពិសោធ​របស់​កុមារ​ទាំងនោះ ហើយ​ចេញ​ជា​របាយការណ៍​ស្រាវជ្រាវ កំរាស់​ជាង ២០០ទំព័រ ដើម្បី​ជា​ប្រយោជន៍​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​និ​តី​វិធី​តុលាការ​ព្រហ្មទណ្ឌ ដែល​ឆ្លុះបញ្ចាំង​ពី​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ ឲ្យ​បាន​កាន់តែ​ពេញលេញ។

របាយការណ៍​នេះ ត្រូវបាន​ចងក្រង​ឡើង​តាមរយៈ​អ្នកផ្តល់​ចម្លើយ​ចំនួន ១០៣នាក់ ក្នុង​នោះ​មាន​កុមារ មន្ត្រី​យុត្តិធម៌ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​នគរបាល។ អង្គការ​ហា​ហ្គា បាន​ដោះស្រាយ​បញ្ហា​កុមារ​ចំនួន៥០ករណី​ក្នុង​មួយឆ្នាំ ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​នៅ​កម្ពុជា។ ករណី​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ការជួញដូរ ការរំលោភ​ផ្លូវភេទ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម។

លោក​អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​សាទរ​ចំពោះ​ការចេញផ្សាយ​របាយការណ៍​នេះ ព្រមទាំង​បាន​ទទួលស្គាល់ថា ពិត​ជាមាន​កង្វះខាត​សម្រាប់​កុមារ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​មែន។ លោក​បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​របាយការណ៍ នៅ​ថ្ងៃទី ២៨មករា​នេះ​ថា របាយការណ៍​ស្រាវជ្រាវ​នេះ នឹងមាន​ប្រយោជន៍ ដើម្បី​ពង្រីក​កម្មវិធី​កំណែ​ទម្រង់​ប្រព័ន្ធ​ព្រហ្មទណ្ឌ​នៅក្នុង​តុលាការ និង​អាចបំពេញ​ការអនុវត្ត​គោលការណ៍​យុត្តិធម៌​សម្រាប់​អ​និតិ​ជន។

ចំណែក​លោកស្រី Rana Flower តំណាង​អង្គការ​យូ​នី​សេ​ហ្វ បាន​ថ្លែងថា ដើម្បី​ធ្វើ​ឲ្យ​កុមារ​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ ក្នុង​ប្រព័ន្ធតុលាការ, រដ្ឋាភិបាល ត្រូវតែ​កែលម្អ ការអនុវត្តន៍​ភស្តុភារ​របស់​នគរបាល និង​តុលាការ, បង្កើន​សុខុមាលភាព និង​ការយល់ដឹង​របស់​កុមារ​អំពី​នីតិវិធី​ច្បាប់, ត្រូវ​កសាង​សមត្ថភាព​បុគ្គលិក​ប្រព័ន្ធយុត្តិធម៌ ក្នុងការ​ផ្តល់​ដំណើរការ​ដែលមាន​លក្ខ​ណៈ​កុមារ​មេត្រី, កែលម្អ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌ ,និង​បង្កើន​ការត្រួតពិនិត្យ ឬ ស្រាវជ្រាវ ឲ្យ​បាន​ល្អិតល្អន់ តាម​ស្តង់ដារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ