អានតួអត្ថបទ
កម្ពុជា

លោក​​ជាម យៀប ការ​ពារ​​អាជ្ញាធរ​​អប្សរា​​និង​​ស្តី​បន្ទោស​​លោក សុន ឆ័យ

លោក​ជាម យៀប ប្រធាន​គណៈកម្មការ​ទី២រដ្ឋសភា​ទទួលបន្ទុក​ហិរញ្ញវត្ថុ​បាន​ការពារ​អាជ្ញាធរ​អប្សរា​ហើយ​បាន​ស្តីបន្ទោស​សហការី​របស់​ខ្លួន​គឺ​លោក សុន ឆ័យ មកពី​បក្សប្រឆាំង​ថា​និយាយ​បំ​ភ្លើ​ស​ការពិត​ទាក់ទង​នឹង​ចំណូល​ចំណាយ​ក្នុង​​រមណីយដ្ឋាន​​អង្គរ។ ទំនាស់​រវាង​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ទី២រដ្ឋសភា​បានកើត​ឡើង​បន្ទាប់ពី​លោក សុន ឆ័យ បរិហារ​អំពី​ការបាត់បង់​ចំណូល​យ៉ាងច្រើន​ដែល​បានមកពី​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ។

លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា
លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី៣១ធ្នូ​នេះ​នៅឯ​មន្ទីរ​រដ្ឋសភា លោក ជាម យៀប បាន​ការពារ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​បានធ្វើ​ការងារ​យ៉ាង​ល្អ​ទាក់ទង​នឹង​ចំណូល​ចំណាយ​និង​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ។ ប្រធាន​គណៈកម្មការ​ទី២នៃ​រដ្ឋសភា​ទទួលបន្ទុក​ហិរញ្ញវត្ថុ​និង​ធនាគារ​បាន​ស្តីបន្ទោស​អនុប្រធាន​របស់ខ្លួន​គឺ​លោក សុន ឆ័យ មកពី​បក្សប្រឆាំង​ថា​បាន​និយាយ​បំ​ភ្លើ​ស​ការពិត។

សេចក្តីថ្លែងការណ៍​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​លោក សុន ឆ័យ បាន​ចោទ​អាជ្ញាធរ​អប្សរា​ថា​បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​យ៉ាងច្រើន​ដែល​បានមកពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ។ បើតាម​លោក សុន ឆ័យ ចំណូល​ដែល​បានមកពីរ​ការលក់​សំបុត្រ​ចូល​មណី​យ​ដ្ឋា​ន​អង្គរ​គឺ​មិនតិចជាង ១៥០ លាន​ដុល្លារ​ទេ​ក្នុង​មួយឆ្នាំ។ ប៉ុន្តែ អាជ្ញាធរ​អប្សរា​បាន​អះអាងថា ចំណូល​នេះ​មាន​ត្រឹមតែ​ជាង ៤៧ លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល១០ខែ​ដើមឆ្នាំ ២០១៤។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២២ធ្នូ គណៈកម្មការ​ទី២របស់​រដ្ឋសភា បាន​ចុះ​ស្វែងយល់​អំពី​ប្រតិបត្តិការ​ចំណូល​ចំណាយ​របស់ អាជ្ញាធរ​អប្សរា។ ក្រោយ​ការស្វែងយល់​នោះ​ក៏ លោក សុន ឆ័យ ដែល​ធ្លាប់​បានលើកឡើង​អំពី​ការបាត់បង់​ចំណូល​សន្ធឹកសន្ធាប់​ដែល​បានមកពី​រមណីយដ្ឋាន​អង្គរ​នោះ​ក៏បាន​លើក​បញ្ហា​នេះ​ជាថ្មី​ម្តងទៀត។

ប៉ុន្តែ អាជ្ញាធរ​អប្សរា​បាន​ពន្យល់​ជា​លាយលក្ខណ៍អក្សរ​កាល​ពីថ្ងៃ​ទី២៤ធ្នូ​ថា ទេសចរ​បរទេស​ទាំង​អស់​ដែល​មក​កម្ពុជា​មិនមែន​សុទ្ធតែ​ចូល​ទស្សនា​តំបន់​អង្គរ​នោះឡើយ។ ជាក់ស្តែង​មានតែ​ទេសចរ​ចំនួន​ជាង១លាន៦សែន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទិញ​សំបុត្រ​ចូល​រមណីយ​ដ្ឋាន​អង្គរ​ក្នុង​រយៈពេល១០ខែ​ដំបូង​នៃ​ឆ្នាំ ២០១៤។

លោក សុន ឆ័យ មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ លោក​ធ្លាប់បាន​បញ្ជាក់ប្រាប់​បណ្តា​ញ​ផ្សាយ​ព័ត៌មាន​ថា តួលេខ​ដែល​អាជ្ញាធរ​អប្សរា​បានបង្ហាញ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​លោក​នឹង​ស្វែងរក​ភស្តុតាង​បន្ថែមទៀត​ដើម្បី​បង្ហាញថា​ពិតជា​មានការ​បាត់​ចំណូល​យ៉ាងច្រើន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ