អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ជា សុផារ៉ា ស្នើ​សុំ​នាយក​រដ្ឋ​មន្រ្តី​ឱ្យ​ក្រសួង​៤​ផ្សេង​ទៀត​ជួយ​ចូល​រួម​ទប់​ស្កាត់​ការ​ដ្ឋាន​សំណង់​ខុស​ច្បាប់​

លោកជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែនដី នគ​រូបនីយកម្ម និង សំណង់ កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​នេះ បាន​ដាក់​សំណើ​មួយ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដោយ​ស្នើ​សុំ​គោលការណ៍​សម្រេច​លើ​វិធាន​ការ​ចាំ​បាច់​សំដៅ​ទប់​ស្កាត់​ការ​ដ្ឋាន​សំណង់​ខុស​ច្បាប់ ដើម្បី​ធានា​អាយុ​ជីវិត​មនុស្ស ទ្រព្យ​សម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​កម្ពុជា។ បើ​តាម​លោកជា សុផារ៉ានេះ ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេច​ទៅ​បាន លោក​ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៤​ផ្សេង​ទៀត​ចូល​រួម​ជាមួយ​ក្រសួង​ដែនដី​ផង​ដែរ។ 

លោក ជា សុផារ៉ា
លោក ជា សុផារ៉ា @facebook/chea sophara
ផ្សាយពាណិជ្ជកម្ម

វិធាន​ការ​ចាំ​បាច់​របស់​លោកជា សុផារ៉ា ដើម្បី​ទប់​ស្កាត់​សំណង់​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​មាន​៥​ចំណុច​។ ទី១ គឺ​លោក​ស្នើ​ឱ្យ​ក្រសួងរ៉ែ និង ថាមពល ចាត់​វិធានការ​មិន​ឱ្យ​មាន​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ដល់​ការ​ដ្ឋាន​សំណង់​ដែល​គ្មាន​លិខិត​អនុញ្ញាត ឬ សាង​សង់​ខុស​លក្ខណៈ​បច្ចេកទេស​។ ចំណុច​ទី២ ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ចាត់​វិធាន​ការ​មិន​ឱ្យ​មាន​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​ការ​ដ្ឋាន​សំណង់ ហើយ​ទី៣ ក្រសួង​សារធាណ​ការ និង ដឹកជញ្ជូន មិន​ត្រូវ​អនុញ្ញាត​ឱ្យ​តភ្ជាប់​លូ​ចូល​បណ្តាញ​លូ​សាធារណៈ​។ ចំណែក ចំណុច​ទី៤ គឺ​លោក​ជា សុផារ៉ា ស្នើ​ឱ្យ​ក្រសួង ស្ថាប័ន និង អង្គភាព​មាន​សមត្ថកិច្ច មិន​ត្រូវ​ផ្តល់​លិខិត​អនុញ្ញា​ត​ឱ្យ​ប្រកប​អាជីវកម្ម និង ចំណុទី៥ លោក​ចង់​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ព័ត៌មាន និង អង្គ​ភាព​មាន​សមត្ថកិច្ច ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​។

បើ​តាម​លោក​ជា សុផារ៉ា ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ទាំង៥នេះ គឺ​ចាំ​បាច់​ខ្លាំង​ណាស់​ដើម្បី​ការពារ​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ ធានា​សុវត្ថិភាព និង គុណភាព​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​ធានា​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព​។ ប៉ុន្តែ ការ​ស្នើ​សុំ​គោលការណ៍​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ដែនដី​នេះ​នៅ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​។

សូម​កត់​សម្គាល់​ថា ការ​ចេញ​នូវ​វិធាន​ការ​ថ្មី​របស់​ក្រសួង​ដែនដី​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការ​ណ៍​បាក់​រលំ​សំណង់​អគារ​ខុស​ច្បាប់​កម្ពស់​៧ជាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​មាន​មនុស្ស​២៨​នាក់​ស្លាប់ និង ២៦​នាក់​ផ្សេង​ទៀត​រង​របួស​។ ក្រោយ​មាន​ហេតុការណ៍​នេះ ក្រសួង​ដែនដី​បាន​រៀប​ចំ​ឱ្យ​មាន​គណៈ​កម្មការ​ចំនួន​៨ ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​និង​លក្ខណៈ​បច្ចេកទេស​នៃ​សំណង់​ទាំង​អស់​ដែល​កំពុង​សាង​សង់​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុ​។ ជា​លទ្ធផល ក្រសួង​ដែន​ដី​បាន​រក​ឃើញ​ការ​ដ្ឋាន​សំណង់​ចំនួន​៥​នៅ​ក្នុង​ខេត្ត​នេះ កំពុង​សាង​សង់​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​។

ក្រៅ​តែ​ពី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ អាជ្ញាធរ​ក៏​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​លើ​ការ​ត្រួត​ពិនិត្យ​ការសាង​សង់​សំណង់​អគារ​ដោយ​ខុស​ច្បាប់​នេះ​ផង​ដែរ​។ អភិបាល​ក្រុង​ភ្នំពេញ​ថែម​ទាំង​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​លើ​អភិបាល​ខណ្ឌ​ណា ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ថែម​ទៀត​ផង​។ ជាក់​ស្តែង អាជ្ញាធរ​បាន​រក​ឃើញ​នូវ​សំណង់​អគារ​មួយ​កន្លែង​ដែល​កំពុង​សាង​សង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី១ ខណ្ឌ​បឹង​កេងកង រាជ​ធានី​ភ្នំពេញ​។ អាជ្ញាធរ​ក៏​បាន​ផ្អាក​ដំណើរ​ការ​សាង​សង់​សំណង់​អាគារ​នោះ​សិន ដើម្បី​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ