អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​ឲ្យ​មេធាវី​សហជីព​ដែល​ប្ដឹង​លោក ជា មុនី ចូល​បំភ្លឺ​នៅ​ថ្ងៃ​៩​មករា

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​មេធាវី​ក្រុម​សហជីព​ដែល​ប្ដឹង លោក​ជា មុនី អតីត​ប្រធាន​សហជីព​សេរីកម្មករ​ពី​បទ​ញុះ​ញង់ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩​ខែ​មករា ។ ​ជា​ការ​កត់​សម្គាល់ ចំណាត់​ការ​របស់​តុលាការ នា​ពេល​នេះ​ត្រូវ​បាន​គេ​រិះ​គន់​ថា ធ្វើ​ឡើង​លឿន​ជាង​ការ​ដោះ​ស្រាយ​រឿង​រ៉ាវ​សង្គម​ផ្សេង​ទៀត។

​រូបភាព​ចាស់៖​ លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរីកម្មករ
​រូបភាព​ចាស់៖​ លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរីកម្មករ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ពាក្យ​បណ្ដឹង​ដាក់​ទៅ​កាន់​តុលាការ​មិន​ដល់​មួយ​សប្ដាហ៍​ផង ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​នេះ ព្រះ​រាជ​អាជ្ញារង នៃ​តំណាង​អយ្យការ​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​កោះ​អញ្ជើញ លោក កេតុ សុវណ្ណឌី និង លោក ដារ៉ា សុបញ្ញា មេធាវី​របស់​ក្រុម​សហជីព​ធំៗ​ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​សាក​សួរ​អំពី​ដំណើរ​រឿង​ប្តឹង លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរីកម្មករ​ពី​បទ​ញុះញង់។

 

គួរ​រម្លឹក​ថា បើ​តាម​ខ្លឹម​សារ​នៃ​ពាក្យ​បណ្តឹង​របស់ ក្រុម​មេ​ដឹក​នាំ​សហភាព​និង​សហព័ន្ធ​សហជីព​ទាំង​១២០​ស្ថាប័ន​ដែល​បាន​ដាក់​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី ១៨ ធ្នូ​ដោយ​បាន​ចាត់​ទុក​បទ​សម្ភាសន៍​របស់​លោក ជា មុនី សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​ខ្លឹម​សារ​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា​ឲ្យ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ក្នុង​នោះ​ពួក​គេ​បាន​ប្ដឹង​ទាម​ទារ​ប្រាក់​១​លាន​ដុល្លារ។

គិត​មក​ដល់​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ​ លោក ជា មុនី នៅ​តែ​មិន​អាច​ទាក់​ទង​បាន​តាម​ទូរសព្ទ។ តែ​សម្រាប់​លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិត​ស្និទ្ធ​ជាមួយ​លោក ជា មុនី មើល​ឃើញ​ថា ចំណាត់​ការ​របស់​តុលាការ​ធ្វើ​ឡើង​លឿន​មែន​ទែន​ ដែល​ភាព​លឿន​រហ័ស​នេះ ត្រូវ​បាន​លោក រ៉ុង ឈុន ចាត់​ទុក​ថា នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពី​មតិ​ជាតិ អន្តរជាតិ ដែល​អាជ្ញាធរ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​រឹត​បណ្តឹង​សេរីភាព​បញ្ចេញ​មតិ។ បើ​តាម​លោក រ៉ុង ឈុន នៅ​តែ​បន្ត​អះ​អាង​ថា អ្វី​ដែល​លោក ជា មុនី បាន​លើក​ឡើង​តាម​រយៈ​បទ​សម្ភាសន៍​នោះ គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ