អានតួអត្ថបទ
កម្ពុជា

ដៃគូ​ក្រុម​ហ៊ុន​កា​ពី​តូល​ អាង​ប្រព័ន្ធ​តុលាការ​ ខណៈ​សង្គម​ស៊ី​វិល ​៥០​ប្រកាស​ពហិការ

រឿង​រ៉ាវ​វិវាទ​រវាង​ក្រុមហ៊ុន​កា​ពី​តូល និង​សហជីព​ការងារ​ដែល​ការពារ​អតីត​អ្នក​បើក​បរ​ឡាន​ក្រុង​ឲ្យ​ក្រុមហ៊ុន​នេះ នៅ​មិន​ទាន់​ត្រជាក់​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ទី ២៣​កុម្ភៈ ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥០ បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម និង​អំពាវនាវឲ្យ​សាធារណជន​ ពហិការមិន​ប្រើប្រាស់​សេវាកម្ម​របស់​​ក្រុមហ៊ុន​កា​ពី​តូល​ដឹក​អ្នក​ដំណើរ និង​សមាគម​អ្នក​រត់រ៉ឺម៉ក់​កង់បី ដែល​បាន​ជួយ​ក្រុមហ៊ុន បង្ក​កូដកម្ម​ហិង្សា​ កាល​ពី​ថ្ងៃ​ទី ៦​កុម្ភៈ​កន្លង​ទៅ។ ពហិការនេះ​ ដោយ​សង្គមស៊ីវិល​ អះអាង​ថាក្រុមហ៊ុន និង​សមាគម​នេះ មិនគោរពច្បាប់ការងារ ហើយ​ថែម​ទាំងបង្ក​​​ហិង្សា​ឃោរឃៅ ធ្វើឲ្យ​មាន​មនុស្ស​របួស​ជាច្រើននាក់។​ ប៉ុន្តែ​សម្រាប់​សមាគមន៍​រួម​គ្នា​អភិវឌ្ឍន៍​កម្ពុជា របស់​ក្រុម​អ្នក​រត់​រ៉ឺម៉ក់​កង់​បី ដែលជាដៃគូ​របស់​ក្រុមហ៊ុនកាពីតូល​ បាន​ហៅ​សេចក្តី​ថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ថា​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ហើយ​ប្តេជ្ញា​ថា​បើ​សង្គម​​ស៊ីវិល​ទាំង​នោះ មិន​កែ​ប្រែ​សកម្មភាព​នេះ​ទេ​ ពួក​គេ​នឹង​ផ្ទុះ​កំហឹង​តបត​តាម​ផ្លូវ​ច្បាប់​ ព្រម​ទាំង​ស្នើ​ឲ្យ​ម្ចាស់​ជំនួយ​ ពិចារណា​​ពីប្រាក់​ជំនួយសម្រាប់ជួយ​ ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ទៀត​ផង​។

Facebook
ផ្សាយពាណិជ្ជកម្ម

ក្រោយ​មាន​កូដកម្ម​ហិង្សា កាល​ពី​ថ្ងៃ​ទី ៦កុម្ភៈ នៅ​មុខ​ក្រុមហ៊ុន​កាពីតូល ​ក្នុង​រាជធានី​ភ្នំពេញ ​សង្គម​ស៊ីវិល​ចំនួន​៥០​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ប្រកាស​គាំទ្រ​ពហិការ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​កាពីតូល និង​សមាគម​អ្នក​រត់រ៉ឺម៉ក​កង់បី​ ព្រម​ទាំង​​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​ពហិការ​ជាមួយ​ខ្លួន​ដែរ។ ពហិការ​ ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល អះអាង​ថា ដោយ​សារ​តែ​ក្រុមហ៊ុន​ មិនបាន​គោរព​តាម​ច្បាប់​ការងារ ដោយ​បណ្តេញ​និយោជិត​៤៥​នាក់​​របស់​ខ្លួន​ចេញ ដោយ​គ្រាន់​តែ​ពួកគេ​ចង់​បង្កើត​សហជីព​។

លើស​ពី​នេះ​ ក្រុមហ៊ុន​នេះ ថែម​ទាំង​សហការ​ជាមួយ​នឹង​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់បី បង្ក​ហិង្សា​ដោយ​ចេតនា ក្នុង​ពេល​អតីត​អ្នក​បើកបរ​ឡាន​ក្រុង​ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់ កំពុង​ធ្វើ​កូដកម្ម។ សកម្មភាព​ហិង្សា ​ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ជិត​២០​នាក់​រងរបួស ព្រម​ទាំង​មាន​សមាជិក​សហជីព​ការងារ​កម្ពុជា​ ២នាក់​ ត្រូវ​បាន​ចាប់​ខ្លួន។​ តាម​សង្គមស៊ីវិល លុះ​ណា​តែ​ក្រុមហ៊ុន​កាពីតូល​ ព្រម​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​តវ៉ា និង​ទទួល​យក​អតីតអ្នក​បើកបរ​ឡាន​ក្រុង​ទាំង​នោះ​ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​ចាប់​ខ្លួន​ជន​ដៃដល់​ដែល​ប្រព្រឹត្តិ​ហិង្សា​មក​ផ្តន្ទទោស ទើប​ពួក​គេ​ព្រម​បញ្ឈប់​ពហិការ​នេះ។

ប៉ុន្តែ​សម្រាប់​សមាគមន៍​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​របស់​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី ហៅ​កាត់​ថា​ CCDA បាន​ប្រតិកម្ម ដោយ​ហៅ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ថា​ជា​ទង្វើ​មិន​ស្រប​ច្បាប់ ដោយ​យក​រឿង​បុគ្គល ទៅ​ដាក់​សម្ពាធ លើ​ក្រុមហ៊ុន និង​សមាគម​ទាំងមូល​។ លោក​ឯ សុភាស់ ប្រធាន​សមាគម CCDA បាន​សម្តែង​ការ​សោក​ស្តាយ ហើយ​ស្នើឲ្យ​សង្គម​ស៊ីវិល​ទាំង​នោះ កែប្រែ​សកម្មភាព​នេះ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​ផ្ទុះ​កំហឹង​តបត​វិញ តាម​រយៈការ​ដាក់​លិខិត​ប្តឹង ​ទៅ​តាម​នីតិវិធី​តុលាការ ដើម្បី​ចាប់​ឃុំ​ឃាំង​អ្នក​បង្ក​ការ​ញុះញង់​។ ជាមួយ​គ្នា​នេះ លោក​ឯ សុភាស់ ក៏​បញ្ជាក់​ថា សមាគម​លោក​ ក៏​នឹង​ដាក់​លិខិត​ស្នើសុំ​អន្តាគមន៍​ពី​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការងារ និង​ក្រសួង​ការ​បរទេស ដើម្បី​ចាត់​វិធាន​ការណ៍​លើ​សង្គម​ស៊ីវិល​ទាំង​នោះ​ផង​ដែរ​។

​ចំណែក លោក​អាត់ ធន់ ប្រធាន​សហជីព​ការងារ​កម្ពុជា​ គ្មាន​សង្ឃឹម​ពី​ចំណាត់​ការ​តាម​នីតិ​វិធី​តុលាការ​នោះ​ទេ ដោយ​លោក​ ហ៊ាន​និយាយ​ថា ក្រុមហ៊ុន​កាពីតូល មាន​អ្នក​កាង​ក្នុង​ប្រព័ន្ធ​តុលាការ នៅ​ពី​ក្រោយ​ខ្នង។ យ៉ាងណា​ក៏​ដោយ លោក​អាត់ ធន់ រួម​ជាមួយ​នឹង​សមាគម និង​សង្គម​ស៊ីវិល​ផ្សេង​ទៀត នៅ​តែ ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដល់​អតីត​អ្នក​បើកឡាន​ក្រុង​ក្រុម​ហ៊ុន​កាពីតូល​ទាំង ៤៥នាក់​ ដោយ​បន្ត​ជជែក​ពី​ដំណោះស្រាយ​ ជាមួយ​អង្កការ​អន្តរជាតិ​ខាង​ការងារ និង​ការ​ធ្វើ​ពហិការ ព្រម​ទាំង​ ​ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ។​

បើ​តាម​លោក​ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ សំណុំ​រឿង​នេះ ត្រូវ​បាន​ក្រសួង​ដោះ​ស្រាយ​រួច​រាល់​ហើយ ប៉ុន្តែ​បើ​ភាគី​ទាំង​ពីរ នៅ​មិន​ទាន់​ឯក​ភាព នោះ​មាន​តែ​ការ​បន្ត​ទៅ​តាម​នីតិវិធី​តុលាការ​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា កន្លង​មក ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​របស់​ក្រសួង​ការងារ​ បាន​ចេញ​សេចក្តី​សម្រេច​ តំរូវ​ឲ្យ​ក្រុមហ៊ុន​កាពីតូល ផ្តល់​សំណង​ដល់​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់ ហើយ​ក៏​ឲ្យ​ក្រុម​និយោជិត​នោះ​ទទួល​យក​ការ​បញ្ឈប់​របស់​ក្រុមហ៊ុន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ