អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​ព្រំ​ដែន​កម្ពុជា ​និង​វៀតណាម​នៅ​ថ្ងៃ​នេះ ​គ្មាន​លទ្ធ​ផល​

គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា​និង​វៀត​ណាម​នៅ​ថ្ងៃ​អង្គារ​ទី​០៧ ​កក្កដា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី។​ កិច្ច​ប្រជុំ​ដែល​មាន​គ្នា​ប្រមាណ​២៥​នាក់​នោះ ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​និង​វៀតណាម​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​មិន​ធ្លាប់​មាន​។ ​កិច្ច​ប្រជុំ​នេះ ​នៅ​មិន​ទាន់​មាន​លទ្ធ​ផល​នៅ​ឡើយ​ទេ។ 

គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា​និង​វៀត​ណាម​នៅ​ថ្ងៃ​អង្គារ​ទី០៧ ​កក្កដា​បាន​ជួប​ប្រ​ជុំ​គ្នា​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​
គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា​និង​វៀត​ណាម​នៅ​ថ្ងៃ​អង្គារ​ទី០៧ ​កក្កដា​បាន​ជួប​ប្រ​ជុំ​គ្នា​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​និង​វៀត​ណាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​មិន​ទាន់​សម្រេច​អ្វី​នៅ​ឡើយទេ។​ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​ វ៉ា​គឹម ​ហុង ​ប្រធាន​គណៈកម្មការ​ព្រំ​ដែន​កម្ពុជា​។ ​លោក​វ៉ា ​គឹម​ហុង ដែល​ជា​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ ​មិន​បាន​ផ្តល់​ព័ត៌​មាន​អ្វី​បន្ថែម​ពី​កិច្ច​ប្រជុំ​ជាង​៣​ម៉ោង​នេះ​នៅ​ឡើយទេ។​ កិច្ច​ប្រជុំ​រវាង​កម្ពុជា​វៀត​ណាម​នៅ​ភ្នំពេញ​នេះ ​ជា​កិច្ច​ប្រជុំ​ដើម្បី​ដោះ​ស្រាយ​បាតុ​ភាព​នៅ​ព្រំ​ដែន និង​ការ​បែង​ចែក​ខណ្ឌសីមា​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​ក្រោយ​ស្ថាន​ភាព​តាន​តឹង​មិន​ធ្លាប់​មាន​។​កិច្ចប្រជុំ​បិទ​ទ្វា​រយៈ​ពេល​៣​ម៉ោង​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នេះ ​គឺ​មាន​សមាស​ភាព​២៥​រូប​។

 
វៀតណាម​ដឹក​នាំ​ដោយ​ លោក ​Ho​ Xuanson ​អនុ​រដ្ឋ​មន្ត្រីការ​បរទេស​វៀត​ណាម ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ជា​មួយ​កម្ពុជា​។ ​ដោយ​ឡែក​ភាគី​កម្ពុជា ​គឺ​ដឹក​នាំ​ដោយ​វ៉ា ​គឹម​ហុង ​ប្រធាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​នៅ​ភ្នំ​ពេញ​ចាប់​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​៩កក្កដា​ មាន​របៀប​វារៈ​ពីរសំខាន់​គឺ​ ការ​ដោះ​ស្រាយ​បាតុភាព​ហិង្សា​នៅ​ព្រំ​ដែន​ខេត្ត​ស្វាយ​រៀង​ និង​ការ​បែង​ចែក​ខណ្ឌ​សី​មា​ព្រំដែន​គោក​ដែល​នៅ​សេស​សល់​ប្រមាណ​ជា​២០%​បន្ថែម​ទៀត​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនុ​ប្រធាន​កិច្ចការ​ព្រំដែន​កម្ពុជា ​លោក​ស្រី​ កុយ ​ពិសី​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​មុន​កិច្ច​ប្រ​ជុំ។

សូម​រំលឹក​ថា ​កម្ពុជា​និង​វៀតណាម​បាន​កើន​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ​បន្ទាប់​ពីពល​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ប៉ះ​ទង្គិច​ហិង្សា​នៅ​តាម​ព្រំដែន​ និង​កំណត់​ទូត​តវ៉ា​ប្រឆាំង​នឹង​សកម្ម​ភាព​វៀត​ណាម​នៅ​តាម​ព្រំ​ដែន​ជា​បន្ត​បន្ទាប់​។ ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក​វ៉ា ​គឹម​ហុង​ ធ្លាប់​បាន​សារ​ភាព​ថា ​ការ​ចរចា​ជា​មួយ​ប្រទេស​វៀត​ណាម​ គឺ​មាន​ភាព​តឹង​តែង​។​ តឹងតែ​ក៏​ព្រោះ​តែ​វៀត​ណាម​ប្រកាន់​ជំហរ​រឹង​មិន​សូវ​សម្រប​សម្រួល​ជា​មួយ​ភាគី​កម្ពុជា​នោះ​ទេ​។​

សូម​រំលឹក​បន្ថែម​ថា​ដែរ​ថា​ កម្ពុជា ​និង​វៀត​ណាម ​បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ចម្រុះ​ដើម្បី​ស៊ើបអង្កេត​ដោះ​ស្រាយ​បញ្ហា​បាតុ​ភាព​ហិង្សា​នៅ​ព្រំដែន​កាល​ពី​ថ្ងៃទី​២៨​ មិថុនា​ ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​ប្រទេស​ទាំង​ពីរ​ជិត​២០​នាក់​បាន​រង​របួស​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទស​កម្ពុជា ​លោក​ ជុំ​ សន្ទ​រី នៅ​មិន​ទាន់​អាច​បញ្ជាក់​ពីសមាស​ភាព​នៃ​ក្រុម​ការងារ​ចម្រុះ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។ ​ភាគី​វៀតណាម​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​លើសកម្ម​ភាព​ហិង្សា​នេះ​។ ទោះ​បី​ជា​កិច្ច​ប្រជុំ​រវាង​កម្ពុជា-​វៀត​ណាម​នៅថ្ងៃ​​ទី១​នេះ ​មិន​មាន​លទ្ធ​ផល​មែន​ ប៉ុន្តែ​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​បី​ថ្ងៃ​នៅ​កម្ពុជា​នេះ ​នឹង​អាច​កាត់​បន្ថយ​ភាពតាន​តឹង​រឿង​ព្រំដែន​រវាង​ប្រទេស​ក្បែ​ខាង​ទាំង​ពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ