អានតួអត្ថបទ
កម្ពុជា-អាមេរិក

កម្ពុជា​ស្នើ​អាមេរិក បញ្ជូល​លក្ខខណ្ឌ​២​ចំណុច ក្នុងកិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​បញ្ជូន​ពលរដ្ឋខ្មែរ​ត្រឡប់​មក​វិញ

មន្ត្រី​ជំនាញ​របស់​កម្ពុជា និង​អាមេរិក​កំពុង​តែ​ចរចា​ជាមួយ​គ្នា ក្នុង​ការ​ធ្វើ​វិសោធកម្ម​លើកិច្ច​ព្រម​ព្រៀង ស្ដីពី​ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​របស់​ពលរដ្ឋ​អាមេរិក​កាំង​ដើម​កំណើ​ត​​ខ្មែរ។ តាម​រយៈ​ការ​ចរចា​នេះ កម្ពុជា​ស្នើ​អាមេរិក​បញ្ជូល​លក្ខខណ្ឌ​២​ចំណុចក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​កាល​ពី​ឆ្នាំ​២០០២។ លក្ខខណ្ឌ​២ចំណុច​នោះ​គឺ ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត​មិន​មែន​ចាប់​បង្ខំ និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​គ្រួសារ​នៅ​អាមេរិកវិញបាន។

លោក ផៃ​ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​។
លោក ផៃ​ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​។ RFI
ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​គណៈរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កិច្ច​ព្រម​ព្រៀង​ចាស់​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​អាមេរិក និង​កម្ពុជា​មិន​បាន​បញ្ជូល​លក្ខខណ្ឌ​២​ចំណុច​នេះ​ឡើយ។ លក្ខខណ្ឌ​២​ចំណុច​នោះ​គឺ ការ​វិល​ត្រឡប់​មក​វិញរបស់​ពលរដ្ឋ​ខ្មែរ​ធ្វើ​ទៅ​បាន​អាស្រ័យ​ការ​ស្ម័គ្រ​ចិត្ត​មិន​មែន​ចាប់​បង្ខំ និង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ​នៅ​អាមេរិក​វិញ​បាន។

លោក ផៃ ស៊ីផាន យល់ថា ការ​បណ្ដេញ​មនុស្ស​ដែល​ជាប់​ពន្ធនាគារ​រួច​ហើយ ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ប្រៀប​បាន​នឹង​របប​ប៉ុលពត​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ ​គឺ​នាំឲ្យ​មាន​ការ​បែក​បាក់​ពី​ក្រុម​គ្រួសារ។ ដូច្នេះ​បើ​តាម​លោក ផៃ ស៊ីផាន រដ្ឋាភិបាល​មានសិទ្ធិ​ការពារ​ពលរដ្ឋ​ខ្លួន​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ការពារពលរដ្ឋ​ខ្លួន​ឯង​ដែល​រស់​នៅ​ក្រៅ​ប្រទេស។ ដោយ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញនេះ ទើប​រដ្ឋាភិបាល ស្នើ​ធ្វើ​វិសោធកម្ម​លើ​កិច្ច​ព្រម​ព្រៀង ស្ដីពី​ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើតវិញ​របស់​ពលរដ្ឋ​អាមេរិកកាំង​ដើម​កំណើត​ខ្មែរ។ ចុង​ក្រោយ​ប្រសិន​បើ​កិច្ច​ចរចា​បរាជ័យរដ្ឋាភិបាល​នៅ​តែ​បង្ហាញ​ជំហរ​សហការ​ជាមួយ​អាមេរិក​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ត្រឡប់មក​វិញ។

សូមបញ្ជាក់ថា កិច្ច​ចចារ​រវាង​អាមេរិក និង​កម្ពុជា​កំពុង​តែ​ធ្វើ​នៅ​ពេល​នេះ បន្ទាប់​ពី​ប្រមុ​ខ​រដ្ឋាភិបាល​លោក ហ៊ុន សែន  បាន​ស្នើ​សុំ​សហរដ្ឋ​អាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួម​គ្នា​កាល​ឆ្នាំ​២០០២។ បើតាម លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក ដែល​មាន​ទោស​កំហុស ហើយ​បាន​ទទួល​ទោស ទៅ​តាមច្បាប់​អាមេរិក​រួច​រាល់ គួរ​តែ​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​បន្ត​ទៀត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​ដែល​រួម​រស់​ជាមួយ​គ្នា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ កន្លង​មក។

បើ​តាម​គម្រោង ពលរដ្ឋខ្មែរ​៣៦​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក នឹង​បញ្ជូន​មក​ប្រទេស​កំណើត​​វិញ ក្នុង​ពេល​ឆាប់ៗ ខណៈ​មាន​ពលរដ្ឋខ្មែរ​៥​នាក់ បាន​មក​ដល់​កម្ពុជា កាល​ពីថ្ងៃ​ទី​២៩​មីនា។ តាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រចាំ​ឆ្នាំ២០១៦ មាន​ពលរដ្ឋ​ខ្មែរ ធ្វើ​មាតុភូមិនិវត្តន៍​ពី​អាមេរិក ចំនួន​២៥​លើក មាន​ចំនួន​៤១​នាក់ ។ គិត​ត្រឹម​ឆ្នាំ​២០១៧ ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍ មាន​ចំនួន ២២៦​លើក ក្នុង​នោះ​មាន​ពលរដ្ឋ ៥៤៤នាក់ ស្រី១៤នាក់ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ