អានតួអត្ថបទ
កម្ពុជា-​ថៃ

កម្ពុជា៖ ថៃ​ត្រូវ​មាន​កាតព្វកិច្ច​​​ផ្តល់​​សុវត្ថិភាព​ដល់​នាយក​រដ្ឋមន្ត្រី​ខ្មែរ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ប្រាវីត វុងស៊ូវុន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​កំពុង​ពិភាក្សា​អំពី​ការ​បន្ថែម​កំលាំង​សន្តិសុខ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ពេល​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី​៤-៥​ខែ​មេសាក្រោយ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង ថ្លែង​ថា ថៃ​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​សុវត្ថិភាព​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ពួកអាវក្រហម​សម្រុកចូល​កន្លែងប្រជុំ​អាស៊ាន​ នៅហួហ៊ីន ខែមេសា ២០០៩
ពួកអាវក្រហម​សម្រុកចូល​កន្លែងប្រជុំ​អាស៊ាន​ នៅហួហ៊ីន ខែមេសា ២០០៩ ©Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​អោយដឹង​នៅ​ថ្ងៃ​ទី​២៦​មិនា​នេះ​ថា អាជ្ញាធរ​ថៃ​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​សុវត្ថិភាព​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ថៃ​នៅចុង​សប្តាហ៍​ក្រោយ​នេះ។ សេចក្តី​ថ្លែង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​លោក កុយ គួង ​យ៉ាងនេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ប្រាវីត វុងស៊ូវុន កំពុង​ពិចារណា​អំពី​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​ហួហ៊ីន ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​ថៃ​គ្រោងរៀបចំ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ថ្ងៃ​ទី៤ ដល់​ទី៥​ខែ​មេសា។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ថែមទាំង​បាន​អំពាវនាវ​មិន​អោយ​ក្រុម​បាតុករ​អាវ​ក្រហម​មក​ឆាឆៅ​ដល់​ទី​កន្លែង​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​ទៀត​ផង។

លោក ​កុយ គួង​ បាន​អត្ថាធិប្បាយ​ថា លើស​ពី​កាតព្វកិច្ច​របស់​ថៃ នៅពេលដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ប្រកាស​រឹតបន្តឹង​សន្តិសុខ​យ៉ាង​ដូច្នេះ វា​ក៏​ជា​ការ​បង្ហាញ​ឆន្ទៈ និង​បំណង​ល្អ​របស់​អាជ្ញាធរ​ថៃ​ថែម​ទៀត​ដែរ។

សម្រាប់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​វិញ បើ​ទោះ​ជា​ថៃមាន​ឆន្ទៈ​ល្អ​យ៉ាងនេះ​មែន​ក្តី ប៉ុន្តែ​ដោយសារ​ពេលវេលា​នៃ​កិច្ច​ប្រជុំ​កំពូល​នោះ នៅ​វែង​ឆ្ងាយ​ទៀត កម្ពុជា​នៅ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្តែង​បន្ត​ទៀត។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះ ដោយ​យោង​ទៅ​បទពិសោធន៍​ដែល​ធ្លាប់​កើត​មាន​ម្តងរួច​ហើយ ក្នុងពេល​ដែល​ប្រទេស​ថៃ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំមុន។ រដ្ឋាភិបាល​ថៃ​បាន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មិន​បាន​សម្រេច​កាល​ពី​ខែ​មេសា​ឆ្នាំ​២០០៩ ដោយសារ​តែ​បាតុករ​អាវ​ក្រហម​ចូល​អុកឡុក​កន្លែង​ប្រជុំ។

ទោះយ៉ាងណាក្តី ក្នុងដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វេចាជីវ៉ា និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន នឹង​ជួបគ្នា​ឡើង​វិញ ក្រោយពី​កម្រិត​ទំនាក់ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្លាក់​ចុះ​តាំងពី​ខែ​វិច្ឆិកា ហើយ​បន្ទាប់​មក​សង្គ្រាម​ពាក្យ​សម្តី​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ក៏​កាន់តែ​ពុះពោរ​នោះ។

អាចជា​ការ​ជួបមុខ​គ្នា​ក្នុង​ក្របខណ្ឌ​កិច្ច​ប្រជុំ​ពហុភាគីតែប៉ុណ្ណោះ ប៉ុន្តែ​ថា​តើ​អាចមាន​ជំនួប​ទ្វេភាគី​កម្ពុជា​ថៃ​ដែរ ឬ​ក៏​អត់​នោះ លោក កុយ គួង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ថ្លែង​ថា នៅ​មិន​ទាន់​មាន​ព័ត៌មាន​នោះ​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ