អានតួអត្ថបទ
កម្ពុជា

ជិតចូល​ឆ្នាំ អ្នក​ភ្នំពេញ​សម្រុក​ចេញ ​ហើយ​ខ្មែរ​នៅ​ក្រៅ​ស្រុក​មក​កាន់​តែច្រើន​

 នៅ​ចុង​សប្តាហ៍​នេះ ​គេ​សង្កេត​ឃើញ​ថា ​អ្នក​ស្នាក់​នៅ​ក្រុង​ភ្នំពេញ​បាន​នាំ​គ្នា​សម្រុក​ចាក​ចេញ​ជា​បណ្តើរៗ​ហើយ​ ទៅ​កាន់​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា ​ដើម្បី​ជួប​ជុំ​គ្រួសារ​និង​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី។ ​តាម​ស្ថានីយ​រថយន្ត​ដឹក​អ្នក​ដំណើរ​ មាន​មនុស្ស​កកកុញ​ជា​ច្រើន ជា​មួយ​នឹង​អីវ៉ាន់​សំពីង​សំពោង។​ រថយន្ត​ធុន​តូច​ធំ​ជា​ច្រើន​រយ​គ្រឿង​ផ្ទុក​មនុស្ស​និង​របស់​របរពេញៗ​ និង​បាន​ដឹក​ជញ្ជូន​ច្រើន​ជើង​ជាង​មុន។ ​ទន្ទឹម​នឹងនេះ ​បង​ប្អូន​ខ្មែរ​និង​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​និង​ធ្វើ​ការ​នៅ​ឯ​បរទេស​ ជា​ច្រើន​ម៉ឺន​នាក់ ​ក៏បាន​ត្រឡប់​មក​លេង​ស្រុក​កំណើត​ផង​ដែរ។ 

អ្នក​ភ្នំពេញ​និង​អ្នកស្នាក់​​នៅ​រាជធានី​​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​បណ្តា​ខេត្ត។
អ្នក​ភ្នំពេញ​និង​អ្នកស្នាក់​​នៅ​រាជធានី​​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​បណ្តា​ខេត្ត។ @rfi-siv-channa
ផ្សាយពាណិជ្ជកម្ម

នៅ​រាជ​ធានី​ភ្នំពេញ ​គេ​សង្កេត​ឃើញ​ថា ​មាន​អ្នក​ចាក​ចេញ​ជា​បណ្តើរៗ​តាំង​តែ​ពី​ថ្ងៃ​ព្រហស្បត៍​ឬ​ថ្ងៃសុក្រ​មក​ម្ល៉េះ ​ហើយ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ​ទៀត​ រឹត​តែ​មាន​មនុស្ស​ចេញ​ពី​ក្រុង​រឹតតែ​ច្រើន​ឡើង។​ ខុស​ពី​សព្វ​មួយ​ដង​ រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​បាន​ធ្វើ​សកម្ម​ភាព​ច្រើន​ជាង​មុន​។ ​លោក​ ឡុង​ ឌីម៉ង់​ ក៏បាន​សង្កេត​ឃើញ​យ៉ាង​ដូច្នេះ​ដែរ​ ហើយ​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​រូបនេះ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ សាលា​រាជធានី​ភ្នំពេញ ​បាន​ចាត់​មន្ត្រី​រៀប​ចំ​សណ្តាប់ធ្នាប់​គ្រប់​ខណ្ឌ​ទាំង​អស់​ ឲ្យ​ជួយ​បញ្ជៀស​ការ​កកស្ទះ​ចរាចរណ៍​ទៀត​ផង​។

 នៅឯ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ដើម​ខែ​នេះ ​មាន​អណិក​ជន​ខ្មែរ​រស់​នៅ​បរទេស​ជាច្រើន​រយ​នាក់​ បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។​ គឺ​ជា​មធ្យម​ប្រមាណ​ជាង​១០០​នាក់​ក្នុង​មួយថ្ងៃៗ ​ដែល​មក​ពី​សហរដ្ឋអាមេរិក​ បារាំង​ អូស្ត្រាលី ​និង​កាណាកា ​ជា​ដើម​។ ​មន្ត្រី​របស់​ព្រលានយន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​បាន​កត់​សម្គាល់​ដែរ​ថា ​មាន​ប្រជា​ជន​ខ្មែរ​ជិះ​យន្ត​ហោះ​មក​កម្ពុជា​ជា​ច្រើន​នាក់​ តាំង​តែ​ពីថ្ងៃ​ទី៥ ​និង​៦មេសា​មក​ម្ល៉េះ ​ហើយ​និង​សម្រុក​មក​កាន់​តែ​ថែម​ទៀត​ចាប់តាំង​ពី​ថ្ងៃទី​៧មេសា។​ ក្នុង​នោះ​គេ​ឃើញ​ថា ​មាន​អណិក​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក ​មាន​ចំនួន​ច្រើន​ជាង​គេ។​

ចំណែក​នៅ​ព្រំដែន​កម្ពុជា-ថៃ​វិញ ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ ​បាន​ត្រឡប់​ចូល​មាតុ​ភូមិ​វិញ ​តាម​ច្រក​ប៉ោយ​ប៉ែត។​ លោក ​ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​រោង​ចក្រ​សហគ្រាស​ក្នុង​ប្រទេស​ថៃ ​បាន​ឈប់​សម្រាក​និង​ចូល​មក​លេង​ស្រុក​ខ្មែរ​ រាប់​ម៉ឺន​នាក់​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។​ លោក​បាន​បញ្ជាក់​ថា ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បួង​និង​ម៉ាឡេស៊ី ​ជាដើម​ មិន​សូវ​ត្រឡប់​មក​ប៉ុន្មាន​ទេ។ ​លោក​ ហេង ​សួរ​ ឲ្យ​ដឹង​ថា ​តំណាង​ក្រសួង​ការងារ​បាន​សហការ​ជាមួយ​សហ​គមន៍​ខ្មែរ​ ដើម្បី​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ ចំនួន​៦​កន្លែង​ផ្សេង​គ្នា ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង។

ទោះ​យ៉ាង​ណា​ក្តី ​គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ មាន​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ ដែល​មាន​ជីវភាព​ធូរធារ​ បាន​ត្រៀម​រៀប​ចំ​ចេញ​ដំណើរ​ទៅ​លេង​នៅ​បរទេស​ តាមរយៈ​ក្រុម​ហ៊ុន​ទេសចរណ៍ ​ឬ​ជា​លក្ខណៈ​គ្រួសារ ឬក៏​ឯកជន​ផ្ទាល់​ខ្លួន​ផង​ដែរ៕

ដោយ ហេង ឧត្តម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ