អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ស្នើ​ថៃ​បំភ្លឺ​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់​ក្នុង​ខែ​មីនា​នេះ

ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ថ្មី​មួយ​ទៀត​ទៅ​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ដើម្បី​អោយ​អាជ្ញាធរ​ថៃ​ពន្យល់​អំពី​មូលហេតុ​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ២​នាក់​ចុងក្រោយ នៅ​ក្នុង​ខែ​មីនា​នេះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ គួង​បាន​បញ្ជាក់ថា កំណត់ទូត​ត្រូវ​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​នេះ ហើយ​ភាគី​ថៃ​នៅ​មិនទាន់​បាន​ឆ្លើយតប​អ្វី​ឡើយ​រហូត​ដល់​ពេលនេះ។ 

ទាហាន​ឈុតខ្មៅ​ថៃ ដែលយាម​តាម​បណ្តោយ​ព្រំដែន​​ខ្មែរ-ថៃ
ទាហាន​ឈុតខ្មៅ​ថៃ ដែលយាម​តាម​បណ្តោយ​ព្រំដែន​​ខ្មែរ-ថៃ ©ដឺលុច/RFI
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ថ្មី​មួយ​ទៀត​ទៅ​រដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃ​ទី​២២​ខែ​មីនា​ទាក់ទង​ព្រឹត្តិការណ៍​សម្លាប់​ពលរដ្ឋ​ខ្មែរ​២​នាក់​ចុងក្រោយ នៅ​ពាក់​កណ្តាល​ខែ​មីនា​នេះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​លោក​កុយ គួង​បាន​ថ្លែង​ថា កំណត់ទូត​របស់​កម្ពុជា​បាន​ថ្កោលទោស​អំពើ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​មក​លើ​ពលរដ្ឋ ថា​ជាអំពើ​ព្រៃផ្សៃ អមនុស្សធម៌ ខុស​ច្បាប់​មនុស្សធម៌​អន្តរជាតិ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​អោយ​អាជ្ញាធរ​ថៃ​បើក​ការស៊ើបអង្កេត និង​នាំ​ជន​ដៃដល់​មក​ផ្តន្ទាទោស។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការឆ្លើយ​តប​ណា​មួយ​ពី​ភាគី​ថៃ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៣​ខែ​មីនា បុរស​ឈ្មោះ​ឌិន ចេស អ្នកភូមិ នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៧-២៨។ ទាហាន​ថៃ​បាន​ចោទ​ប្រកាន់​ថា ពលរដ្ឋ​ខ្មែរ​រូប​នេះ​បាន​ចូល​ទៅ​កាប់ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​របស់​គេ។ ប៉ុន្តែ​យោងតាម​ការអះអាង​របស់​អ្នកស្រុក បុរស​ម្នាក់​នេះ គ្រាន់តែ​បាន​ជីក​ឬសឈើ​ធ្វើ​ថ្នាំ​បុរាណ​ដូច​សព្វដង​តែ​ប៉ុណ្ណោះ។

២​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា បុរស​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ម៉ោ សារិទ្ធ អ្នកស្រុក​ខេត្ត​បន្ទាយមានជ័យ​ដែរ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​នៅ​ម្តុំ​បង្គោល​ព្រំដែន​លេខ​៣៨​ជាប់​ព្រំដែន​ខេត្ត​ស្រះកែវ​របស់​ថៃ។ លោក​កុយ គួង​បាន​រៀបរាប់​ថា បុរស​ម្នាក់​នេះ​ត្រូវ​បាន​អ្នកភូមិ​អះអាង​ថា ជា​អ្នកជីក​ឬសឈើ​ដូចគ្នា។ ប៉ុន្តែ​ទាហាន​ថៃ​បាន​ប្រាប់​អោយ​ដឹងថា គេ​បាញ់​បុរស​នេះ ដោយសារ​ពេល​ទាហាន​ហៅ​អោយ​ឈប់ បុរស​ម្នាក់​នេះ​មិន​បាន​ឈប់។

លោក​កុយ គួង​បាន​អត្ថាធិប្បាយ​ថា អំពើ​បាញ់បោះ​យ៉ាង​ដូច្នេះ​មិន​គួរ​កើត​ចេញ​ពី​អាជ្ញាធរ​នៃ​ប្រទេស​ដែល​មាន​អរិយ្យធម៌​ខ្ពស់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៣​ខែ​មីនា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ដើម្បី​បង្ហាញ​សាក្សី និង​ជនរងគ្រោះ​នៃ​ការបាញ់​ប្រហារ​របស់​ទាហាន​ថៃ​កន្លង​មក។

យោង​តាម​របាយការណ៍​របស់​សមាគម​អាដហុក ក្នុង​រយៈពេល​ជាង​២ឆ្នាំ​កន្លង​មក​នេះ យ៉ាងហោច​ណាស់​មាន​អំពើ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១០​ករណី បាត់​ខ្លួន ៦​ករណី (ក្រោយ​មក​ទទួល​ដំណឹង​ថា​ស្លាប់) ករណី​បង្ក​របួស​ស្នាម​៦​ករណី និង​ករណី​ធ្វើ​ទារុណកម្ម​៥​ករណី ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​ថៃ។

បើ​តាម​ការបញ្ជាក់​របស់​លោក​កុយ គួង ក្នុង​ចំនោម​កំណត់ទូត​ទាំងឡាយ​ដែល​កម្ពុជា​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថៃ រដ្ឋាភិបាល​ថៃ​បាន​ឆ្លើយតប​តែ​ម្តង​គត់ ក្នុង​ករណី​ដែល​អាជ្ញាធរ​កម្ពុជា​ចោទ​ទាហាន​ថៃ​ថា បាន​ចង​ដុត​កុមារ​យន់ រិទ្ធ​អាយុ​១៦​ឆ្នាំ​ទាំង​រស់ បន្ទាប់​ពី​បាន​បាញ់​អោយ​របួស​នោះ។ ពេល​នោះ​ក៏​ជា​ការឆ្លើយ​ច្រានចោល​ការចោទប្រកាន់​របស់​កម្ពុជា​ដែរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ