អានតួអត្ថបទ
កម្ពុជា-សង្គម

​ពិព័រណ៍​សៀវ​ភៅ​ថ្នាក់​ជាតិ​លើក​ទី៨ រំពឹង​ថា​មាន​អ្នក​ចូល​រួម​ទស្សនា​ជាង​១០​ម៉ឺន​នាក់​

ពិព័រណ៍​សៀវភៅ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជាដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ បាន​វិល​ត្រឡប់​មក​វិញ​ហើយ​។ ចាប់​ពី​ថ្ងៃ​សុក្រ​ទី​១៣ រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី​១៥​ខែ​ធ្នូ អ្នក​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​និង​អ្នក​និពន្ធ​រាប់​រយ​នាក់ នឹង​នាំ​យក​សៀវភៅ​រាប់​ពាន់​ចំណង​ជើង​ទៅ​តាំង​បង្ហាញ​និង​ដាក់​លក់ នៅ​ឯ​បណ្ណាល័យ​ជាតិ ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​រៀបចំ​ពិព័រណ៍​សៀវភៅ​រំពឹង​ទុក​ជា​មុន​ថា ពិព័រណ៍​សៀវភៅ​លើក​ទី​៨ ឆ្នាំ​២០១៩​នេះ នឹង​អាច​ទាក់ទាញ​អ្នក​ទស្សនា​បាន​ចំនួន​ជាង​១០​ម៉ឺន​នាក់។ 

ពិព័រណ៍សៀវភៅលើកទី៨នាឆ្នាំនេះ ប្រព្រឹត្តធ្វើក្រោមប្រធានបទ «ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ»
ពិព័រណ៍សៀវភៅលើកទី៨នាឆ្នាំនេះ ប្រព្រឹត្តធ្វើក្រោមប្រធានបទ «ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ» @FB
ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​សៀវភៅ​លើក​ទី​៨​នា​ឆ្នាំ​នេះ ប្រព្រឹត្ត​ធ្វើ​ក្រោម​ប្រធាន​បទ «ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ» ដោយ​មាន​ការ​ចូល​រួម​ពីគ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយ​ជាង​៨០០ និង​មាន​​ស្តង់​សៀវភៅ​ចំនួន​១៤៣​ស្តង់​។ ដោយ​សារ​ស្តង់​ចូល​រួម​មាន​ចំនួន​ច្រើន ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​នេះ បាន​ពង្រីក​ទីតាំង​ដាក់​តាំង​សៀវភៅ​បន្ថែម នៅ​ ​ខាង​ក្រៅ​បណ្ណាល័យ​ជាតិ​ផ្នែក​ខាង​មុខ បន្ថែម​ពី​លើ​បរិវេណ​ប្រារព្ធ​ពិធី​នៅ​ក្នុង​របង​បណ្ណាល័យ​ជាតិ​​។

គួរ​ជម្រាប​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​កាន់​តែ​រីក​ធំ​ធាត់​ឡើងជា​លំដាប់ ទាំង​ចំនួន​ស្តង់​សៀវភៅ និង​ទាំង​ចំនួន​អ្នក​ចូល​រួម​ទស្សនា​។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ពិព័រណ៍​សៀវភៅ​រៀបចំ​ធ្វើ​ដំបូង​នៅ​ឆ្នាំ​២០១១ មាន​ស្តង់​សៀវភៅ​ចូល​រួម​តាំង​បង្ហាញ​មិន​ដល់​១០​ស្តង់​ផង ហើយ​អ្នក​ចូល​រួម​មាន​ត្រឹម​តែ​ប្រមាណ​១​ពាន់​នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០១៧ ពិព័រណ៍​សៀវភៅ​ទាក់ទាញ​អ្នក​ទស្សនា​បាន​ចំនួន​ប្រមាណ​​៥​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​បាន​កើន​ឡើងជាង​​ទ្វេ​ដង​នៅ​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​អ្នក​ចូល​រួម​ដល់​ទៅ​១៣​ម៉ឺន​នាក់​។

លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា និង​ជា​នាយក​អង្គការ​ស៊ីប៉ា រំពឹង​ទុក​ជា​មុន​ថា ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​២០១៩​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដូច​ឆ្នាំ​មុន​ដែរ​។ សម្រាប់​លោក ហុក សុទ្ធិ បើ​ទោះ​បី​ជា​ចំនួន​អ្នក​ទស្សនា​អាច​មាន​តិច​ជាង ឬ​ស្មើ​នឹង​ឆ្នាំ​មុន​ក៏​ដោយ ក៏​ចំនួន​នេះ​នៅ​តែ​ចាត់​ចូល​ថា​មាន​កម្រិត​ចូល​រួម​ខ្ពស់​បំផុត បើ​ធៀប​នឹង​ពិព័រណ៍​ដទៃ​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​ដែរ​។

គួរ​កត់​សម្គាល់​ថា ក្រៅ​ពី​តាំង​លក់​សៀវភៅ​បញ្ចុះ​តម្លៃ​ពិសេស ពិព័រណ៍​សៀវភៅ​នៅ​ឆ្នាំ​២០១៩​នេះ ​មាន​រៀបចំ​ទីតាំង​បណ្ណាល័យ​ធម្មជាតិ​សម្រាប់​ឲ្យ​អ្នក​ចូល​រួម​អង្គុយ​អាន កម្មវិធី​ផ្លាស់​ប្ដូរ​សៀវភៅ ការ​ប្រគុំ​តន្ដ្រី សម្ដែង​រឿង​ខ្លី និង​ចម្រៀង ក៏​ដូច​ជា​មាន​កម្មវិធី​កម្សាន្ត​សម្រាប់​កុមារ​ជា​ច្រើនទៀត​។ ក៏​មាន​ផង​ដែរ ការ​ចែក​ជូន​សៀវភៅ​អាន​ដោយ​ឥត​គិត​ថ្លៃចំនួន​៤​ម៉ឺន​ក្បាល​ រួម​មាន​សៀវភៅ​កម្រង​ច្បាប់​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​លោក ក្រម ង៉ុយ និង​ច្បាប់​ស្រី​ហិតោបទេស របស់ បណ្ឌិត ប៉ាង ខាត់ ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ