អានតួអត្ថបទ
កម្ពុជា

ក្រុមយុវជន រៀបចំ​ពិព័រណ៍ និង​បុណ្យ​ភូមិ ដើម្បី​បង្កើន​ការយល់ដឹង​ពី​វប្បធម៌​ខ្មែរ

ក្រុមយុវជន ដែលមាន​ឈ្មោះថា “រីកសាយ” និង “ភ្លើង​គប់” នឹង​រៀបចំ​ព្រឹត្តិការណ៍​ពីរ ដាច់ដោយឡែក​ពីគ្នា ដើម្បី​បង្កើន​ការយល់ដឹង​ពី​វប្បធម៌​ខ្មែរ។ ក្រុមយុវជន​រីកសាយ នឹង​រៀបចំ​ពិព័រណ៍​វប្បធម៌ ឈ្មោះថា “ស្នាដៃ និង​អនាគត លើក​ទី៣” នៅ​ថ្ងៃទី២៨ និង​ថ្ងៃទី២៩ មីនា នៅ​សាល​មហោស្រព​ចតុមុខ។ ចំណែក​ក្រុមយុវជន​ភ្លើង​គប់ នឹង​រៀបចំ​បុណ្យ​ភូមិ លើក​ទី២ ចាប់ពី​ថ្ងៃទី៣ ទី៤ និង​ថ្ងៃទី៥មេសា នៅ​វត្ត​ព្រែក​ថ្លឹង ជាយ​រាជធានី​ភ្នំពេញ។

© រីកសាយ
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិការណ៍​វប្បធម៌​ទាំងពីរ នៅ​ចុង​សប្តាហ៍​នេះ និង​នៅ​ចុង​សប្តាហ៍​ក្រោយ ត្រូវបាន​ប្រកាស​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី២៣មីនា នៅ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍ បូ​ផា​ណា ក្នុង​រាជធានី​ភ្នំពេញ។ ដំបូង ជា​ពិព័រណ៍ ស្តីពី “ស្នាដៃ និង​អនាគត លើក​ទី​បី” រៀបចំ​ដោយ​ក្រុមយុវជន រីកសាយ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ នៅឯ​សាល​មហោស្រព​ចតុមុខ។

ពិព័រណ៍ ស្នាដៃ និង​អនាគត លើក​ទី​បី ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុមយុវជន យុវនារី ក្នុងការ​ចូលរួម​ថែរក្សា និង​លើកតម្កើង​សិល្បៈ​វប្បធម៌​ខ្មែរ។ លោក ឡោ វុ​ឌ្ឍី ប្រធាន​ក្រុម​រីកសាយ លើកឡើងថា សព្វថ្ងៃ ការ យល់ដឹង​ពី​សិល្បៈ​ខ្មែរ មាន​កម្រិត​ទាប​ក្នុងចំណោម​យុវជន។

ពិព័រណ៍ ស្នាដៃ និង​អនាគត លើក​ទី៣ នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ក្រៅពី​ការដាក់​តាំង​ស្នាដៃ​និស្សិត ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ និង​រាំរែក កម្មវិធី​ពិភាក្សា​តទល់​រវាង​យុវជន លើ​ប្រធានបទ​វប្បធម៌ ព្រមទាំង​ការសម្តែង​សិល្បៈ​ប្រពៃណី​ខ្មែរ​ចម្រុះ រួមមាន របាំ​អប្សរា របាំ​ក្រ​ម៉ា ព្រមទាំង​ការសម្តែង​ល្ខោនខោល ជាដើម។

ពិព័រណ៍​រយៈពេល ២ ថ្ងៃ នៅ​ចុង​សប្តាហ៍​នេះ ក៏​នឹង​ជា​វេទិកា​មួយ​សម្រាប់​យុវជន យុវនារី​ខ្មែរ ដែលមាន​ទេពកោសល្យ និង​មានគំនិត​ច្នៃប្រឌិត​ខាង​ផ្នែក​សិល្បៈ មានឱកាស​អាច​ចូលរួម​ក្នុងការ​បញ្ចេញ​នូវ​ស្នាដៃ​របស់ខ្លួន ផងដែរ។ ថវិកា​មួយផ្នែក ដែល​បានមកពី​អំពី​ពិព័រណ៍​សិល្បៈ​នេះ នឹងត្រូវ​បរិច្ចាគ​ទៅកាន់​កុមារ​ទីទ័លក្រ។

ដោយឡែក​បុណ្យ​ភូមិ ក៏​នឹងត្រូវ​ក្រុមយុវជន ភ្លើង​គប់ រៀបចំ ជា​លើក​ទី២ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី៥ ខែមេសា នៅ​វត្ត​ព្រែក​ថ្លឹង ជាយ​រាជធានី​ភ្នំពេញ។ ក្នុង​ព្រឹត្តិការណ៍​ដើម្បី​សាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និង​លើកកម្ពស់​វប្បធម៌​សិល្បៈ ដែលមាន​ឈ្មោះថា បុណ្យ​ភូមិ គឺ​ដូចនឹង​ឆ្នាំមុន ក្រុមយុវជន​នឹង​រៀបចំ​លេងល្បែង​ប្រជាប្រិយ របាំ​ត្រុត លក់​ចំណីអាហារ​ខ្មែរ សម្តែង​ល្ខោនស្បែក​ធំ ល្ខោនស្បែក​តូច យីកេ និង​ល្ខោនបាសាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ