អានតួអត្ថបទ
កម្ពុជា-សង្គម

​ខេត្ត​បាត់​ដំបង ជា​ជង្រុក​នៃ​សំណង់​បេតិក​ភណ្ឌ​

«គ្មាន​ការ​រុះរើ​ស្ពាន​ថ្ម​ចាស់​សល់​ពី​សម័យ​អាណានិគម​បារាំង ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង​ទេ»។ នេះ​គឺ​ជា​ការ​ធានា​អះអាង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​នេះ ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ការ​អះអាង​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​បញ្ហា​ចម្រូង​ចម្រាស់​រវាង​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​វប្បធម៌ ដោយ​អាជ្ញាធរ​ខេត្ត​បាន​ដាក់​សំណើ​សុំ​រុះរើ​ស្ពាន​ថ្ម​ដ៏​ចំណាស់​​នេះ​ក្រោម​ហេតុផល​សុវត្ថិភាព ខណៈ​ក្រសួង​វប្បធម៌​ទាមទារ​ឲ្យ​រក្សា​ទុក​។ គួរ​កត់​សម្គាល់​ថា ក្រៅ​ពី​ស្ពាន​ថ្ម​ចំណាស់​នៅ​មុខ​សាលា​ខេត្ត បាត់ដំបង​មាន​សំណង់​បេតិកភណ្ឌ​ជា​ច្រើន​ទៀត ដែល​អ្នក​អភិរក្ស​យល់​ឃើញ​ថា គួរ​តែ​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​។ 

ទេសភាពស្ពានថ្មចាស់ ជាមួយនឹងសំណង់សាលាខេត្តបាត់ដំបងនៅពីក្រោយ
ទេសភាពស្ពានថ្មចាស់ ជាមួយនឹងសំណង់សាលាខេត្តបាត់ដំបងនៅពីក្រោយ @Internet
ផ្សាយពាណិជ្ជកម្ម

ខេត្ត​បាត់ដំបង គឺ​ជា​ជង្រុក​នៃ​សំណង់​​​ល្អ​ប្រណិតរាប់​មិន​អស់ ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​ជា​ច្រើន​ជំនាន់​។ សំណង់​បេតិកភណ្ឌ​ដែល​មាន​រចនាបទ​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ គឺ​សំណង់​ដែល​សាងសង់​នៅ​ក្នុង​ពេល​ដែល​ខេត្ត​នេះ ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណាព្យាបាល​បារាំង ចាប់​តាំង​ពី​ឆ្នាំ​១៩០៧​។ សំណង់​មួយ​ក្នុង​ចំណោម​នោះ គឺ​ស្ពាន​ថ្ម​ចំណាស់ សាងសង់​នៅ​ឆ្នាំ​១៩១៧។ ស្ពាន​ថ្ម​នេះ​គឺ​ជា​រចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ ដែល​ត​ភ្ជាប់​ត្រើយ​ខាង​កើត​និង​ត្រើយ​ខាង​លិច​នៃ​ស្ទឹង​សង្កែ​។

ក្រៅ​ពី​ស្ពាន​ថ្ម​នេះ បារាំង​បាន​រៀបចំ​ប្លង់​អភិវឌ្ឍ​ក្រុង​បាត់ដំបង ដោយកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ផ្លូវ​៣​ខ្សែស្រប​នឹង​ស្ទឹង​សង្កែ ព្រម​ទាំង​​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ជា​ដើម​។ ផ្ទះ​លក់​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​សាងសង់​ជា​ល្វែង​ខណ្ឌ ​ផ្ដាច់​ពី​គ្នា​ដោយ​ផ្លូវ​កាត់​ទទឹង​និង​ដឿងហែម​នៅ​ចន្លោះ​ផ្លូវ​សំខាន់​ទាំង​បី ជាមួយ​ទីធ្លា​សម្រាប់​ប្រកប​របរ​និង​ជំនួញ​ខ្នាត​តូច។ នៅ​សម័យ​នោះ បារាំង​បាន​សាងសង់​ផ្សារ​មួយ​នៅ​កណ្ដាល​ក្រុង។ បច្ចុប្បន្ន ផ្សារណាត់​នេះ ​មាន​វ័យ​ជាង​៨០ហើយ​។

គួរ​កត់​សម្គាល់​ថា ក្រៅ​ពី​​​សំណង់បុរាណ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​​បេតិកភណ្ឌ​ចំណាស់​ៗ​ជា​ច្រើន​ទៀត ដែល​កសាង​ឡើង​តាំងពី​សម័យ​លោក​ម្ចាស់ និង​ដែល​​អ្នក​អភិរក្ស​យល់​ឃើញ​ថា គួរ​តែ​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​។ សំណង់​ទាំង​នោះ​រួម​មាន អគារ​សាលា​ខេត្ត​កសាង​ក្នុង​សម័យ​លោក​ម្ចាស់ សព្វ​ថ្ងៃ​មាន​អាយុកាល​១១៤​ឆ្នាំ​, និង​វត្តកំផែង​ចាស់ ដែល​សាងសង់តាំង​ពី​​មុន​ឆ្នាំ​១៨៣៧​ជា​ដើម។ បើ​តាម​ឯកសារ ខេត្ត​បាត់ដំបង​មាន​សំណល់​សំណង់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​សម័យ​លោក​ម្ចាស់ និង​សម័យ​អាណានិគម​បារាំង​នេះ មិន​តិច​ជាង​៨០០​កន្លែង​ទេ​។

តាម​រយៈ​សំណង់អគារ​ចំណាស់​អស់​ទាំង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ នូវ​ឯកសារ​របស់​ខ្លួន ដើម្បី​ស្នើ​សុំ​ចុះ​បញ្ជី​ក្រុង​​បាត់ដំបង និង​ក្រុង​​ចំនួន​ពីរ​ទៀត គឺ​ក្រចេះ និង​កំពត ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ប៉ុន្តែ​ការងារ​នេះ បើ​តាម​ក្រសួង​ពាក់ព័ន្ធ វា​អាច​ស៊ី​ពេល​រហូត​ដល់​ទៅ​មួយ​ទសវត្ស​ឯ​ណោះ​។ បញ្ហា​ប្រឈម​សំខាន់​នៅ​ក្នុង​ការងារ​នេះ គឺ​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​ដែល​កាន់​កាប់​អគារ​ចំណាស់​ទាំង​នោះ​នា​ពេល​បច្ចុប្បន្ន ឲ្យ​ចូល​រួមក្នុង​ការងារ​​ស្ដារ​និង​អភិរក្ស​។ ការងារ​ស្ដារ​និង​អភិរក្ស​អគារ​ចាស់​ៗ ដែល​ត្រូវ​បាន​អះអាង​ថា នឹង​ផ្ដល់​ប្រយោជន៍​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ ទាំង​សម្រាប់​ម្ចាស់​សំណង់ និង​សម្រាប់​ប្រទេស​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ