អានតួអត្ថបទ
កម្ពុជា-សង្គម

​លទ្ធ​ផល​រឹត​បន្តឹង​ការ​ប្រឡង​បាក់​ឌុប​៥ឆ្នាំ​ ​ធ្វើ​ឲ្យ​គុណ​ភាព​អប់រំ​ត្រូវ​បាន​ទទួល​ស្គាល់​

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ហៅ​កាត់​ថា បាក់ឌុប គឺ​បាន​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក​ដោយ​​មានរយៈពេល​២ថ្ងៃ​ចាប់ពីថ្ងៃទី១៩​ដល់ថ្ងៃទី២០​ខែសីហានេះ។ នៅមិនទាន់​មានភាព​មិន​ប្រ​ក្រតី​អ្វី​កើត​ឡើង​គួរឲ្យកត់​សំគាល់ឡើយ។ ប៉ុន្តែនៅតាមមណ្ឌលមួយចំនួន បេក្ខជនខ្លះមានបញ្ហាសុខភាព​តែ​អាច​ធ្វើ​ការ​ប្រឡងបាន ខណៈមាន​បេក្ខនារីម្នាក់​បានស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​មកពិនិត្យ​ឈ្មោះ​ប្រឡង​កាលពីម្សិលមិញ។ 

បេក្ខជនដែលត្រូវប្រលង កំពុងធ្វើដំណើរចូលទៅក្នុងមណ្ឌលប្រលង
បេក្ខជនដែលត្រូវប្រលង កំពុងធ្វើដំណើរចូលទៅក្នុងមណ្ឌលប្រលង @Internet
ផ្សាយពាណិជ្ជកម្ម

ការ​រឹត​បន្តឹង​ការ​ប្រឡង​បាក់ឌុប​ក្នុង​គោល​នយោបាយ​កំណែ​ទម្រង់​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ២០១៤​គឺ​មាន​តែ​សិស្ស​ចំនួន​១១​នាក់​ប៉ុណ្ណោះ​ បាន​ជាប់​និទ្ទេសA ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់ ២៣.១២៦​នាក់​ស្មើនឹង​២៥,៧២% ក្នុង​ចំណោម​បេក្ខជន​សរុប​ជិត​៨៩.៩៣៧​នាក់​។ ប៉ុន្តែ​ដោយ​សារ​តែ​ជា​ការ​កំណែ​ទម្រង់​លើកទី១ សិស្ស​ប្រលង​ជាប់​តិច​ពេក ក្រសួង​អប់រំ​បាន​សម្រេច​ចិត្ត​ បើក​ឲ្យ​មាន​ការ​ប្រឡង​ជា​លើក​ទី២ ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង​ជាប់​បាន​ជាង​១ម៉ឺន​នាក់​បន្ថែម​ទៀត​។

ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ពោល​នៅ​ឆ្នាំ​២០១៥ ចំនួន​បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប បាន​កើន​ឡើង​ដល់​ជិត ៥​ម៉ឺន​នាក់ ស្មើ៥៦% ក្នុង​ចំណោម​បេក្ខជន​ជាង​៨ម៉ឺន​នាក់ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A​ក៏​កើន​ឡើង​ដល់​១០៨​នាក់​ផង​ដែរ​។ លុះ​មក​ដល់​ឆ្នាំ​២០១៦នេះ បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​បន្ត​កើន​ឡើង​ទៀត​រហូត​ជិត​៦ម៉ឺន​នាក់ ក្នុង​នោះ​ជាប់​និទ្ទេស A ក៏​កើន​ឡើង​រហូត​ដល់ ៤០៥​នាក់​។ នៅ​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​បន្ត​កើន​ឡើង​ដល់​ជាង​៦ម៉ឺន​៣ពាន់​នាក់​ស្មើ​នឹង​៦៣% ខណៈ​បេក្ខជន​មាន​ជាង​៩ម៉ឺន​នាក់​។ ក្នុង​នោះ​សិស្ស​ដែល​ជាប់​និទ្ទេស​A​ក៏​បន្ត​កើន​ឡើង​ដែរ​៤២៤​នាក់​។

ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំ​២០១៨ មាន​ករណី​បេក្ខជន​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​លទ្ធ​ផល​បាក់​ឌុប​របស់​ពួក​គេ​ដោយ​សារ​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេក​ទេស ដោយ​សារ​កម្មវិធី​កុំព្យូទ័រ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ ដែល​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ជិត​២ម៉ឺន​នាក់​មាន​ការ​ប្រែ​ប្រួល​។

ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ក្រសួង​បាន​រៀប​ចំ​មជ្ឈ​មណ្ឌល​កុំព្យូទ័រ​ចំនួន ២កន្លែង ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ប្រឡង មិន​ឲ្យ​មាន​កំហុស​ដូច​ឆ្នាំ​មុន​នោះ​ទេ​។

បើ​តាម លោក ហង់ ជួន​ណារ៉ុន លទ្ធ​ផលនៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​ក្នុង​ពេល​៥​ឆ្នាំ​មក​នេះ ​គឺ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ត្រូវបាន​ទទួល​ស្គាល់​ខ្ពស់​ជាង​មុន ពី​សំណាក់​អ្នកធ្វើ​ការ​ក្នុង​វិស័យ​ធុរ​កិច្ច រដ្ឋ​បាល​សាធារណៈ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ