អានតួអត្ថបទ
កម្ពុជា​

អ្នកវិភាគ បារម្ភ​ពី​ការ​កើន​ឡើង​នៃ​បំណុល​បរទេស របស់​កម្ពុជា

គិត​ត្រឹម​រយៈពេល ៦ ខែ ដើមឆ្នាំ ២០១៦ កម្ពុជា មាន​បំណុល​ជាតិ​ជាង ៥,៧ពាន់ លាន​ដុល្លារ ឬ ប្រហែល ១ ភាគ ៣ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិការអនាគត បាន​ព្រមាន​ថា បើ​កំណើន​នៃ​បំណុល​ជាតិ​លើស​ពី ៥០% នៃ​សេដ្ឋកិច្ច​ជាតិ នា​ពេលខាង​មុខ​នោះ វា​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិភាព​សេដ្ឋកិច្ច​ជាក់​ជា​មិន​ខាន។ អត្ថបទដោយ៖ សរ ពិសី 

អាគារ​វឌ្ឍនៈ​ដែល​កំពុង​សាងស​ង់ ស្ថិត​នៅក្បែរ​ខាងជើង​ព្រះបរម​រាជរាំង ប្រឈម​នឹង​ការវាយ​កម្ទេច​ចោល។
អាគារ​វឌ្ឍនៈ​ដែល​កំពុង​សាងស​ង់ ស្ថិត​នៅក្បែរ​ខាងជើង​ព្រះបរម​រាជរាំង ប្រឈម​នឹង​ការវាយ​កម្ទេច​ចោល។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

បំណុល​បរទេស​របស់​កម្ពុជា បាន​បន្ត​កើន​ឡើង​ទ្វេរ​ដង ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មកនេះដោយ​កើនឡើង​ពី​ ២,៤ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០០៦ ហើយ​បំណុល​មួយ​ភាគ​ធំ គឺជំពាក់​ប្រទេស​ចិន។ នេះ​បើ​តាម​របាយការណ៍​ស្តី​ពី​ថវិកា​ជាតិ របស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

របាយការណ៍​ដដែល បង្ហាញ​ថា​អនុបាត​បំណុល​ធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មាន​ប្រហែល ៣១ ភាគ​រយ​ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា ១៥,៥ លាននាក់ ដែល​ក្នុង​ម្នាក់ៗជាប់​បំណុល​ប្រហែល​ ៣៦៧ ដុល្លារ។

ពាក់​ព័ន្ធ​នឹង​កម្ចីពី​បរទេស​នេះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត បាន​សង្កត់​ធ្ងន់​តែទៅ​លើ​កម្ចី​ពី​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។ លោក ថា កម្ចី​ពី​ប្រទេស​ចិន ធ្វើ​ឲ្យ​កម្ពុជា​ផ្លាស់​ប្តូរនយោបាយ​អន្តរជាតិ លម្អៀង​ទៅ​ប្រទេស​ចិន។ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក លើក​ឡើង​ទៀត​ថា កម្ចី​មួយ​ចំនួន​ពី​ប្រទេស​ចិន ហាក់​មិន​បាន​ប្រើប្រាស់ ប្រកប​ដោយ​ប្រសិទ្ធភាព និង តម្លាភាព។ ជាក់​ស្តែង​កម្ចី​មួយ​ចំនួន​ពី​ប្រទេស​ចិន ត្រូវបាន​យក​ទៅ​ប្រើ​ប្រាស់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ភាគី​ចិន។ ក៏ប៉ុន្តែ សំណង់​ទាំង​អស់នោះ​ពុំសូវ​ជា​មាន​គុណភាព​នោះ​ឡើយ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ថា នៅ​ក្នុង​សេដ្ឋកិច្ច​អន្តរជាតិ កម្ចី​ពី​បរទេស គឺ​មិន​មែន​ជារឿង​ប្លែក​នោះ​ទេ។ ប៉ុន្តែ លោក បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ចំណាយ​កម្ចី​ទាំង​នោះ ដើម្បីពង្រឹង​សសរស្តម្ភ​នៃ​កិច្ច​អភិវឌ្ឍ៍​សង្គម ក្នុង​នោះ​រួម​មាន នីតិរដ្ឋ តុលាការ ថាមពល​អគ្គិសនី វិស័យអប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ ជា​ដើម។

លោក បន្ថែម​ថា បើ​បំណុល​ចេះ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វា​អាច​នឹង​បង្កអស្ថិរភាព ផ្នែក​សេដ្ឋកិច្ច​ជាក់​ជា​មិន​ខាន។

ទោះ​បី​ជា​បំណុល​ជាតិ​របស់​កម្ពុជា មាន​ការ​កើន​ឡើង ក៏ប៉ុន្តែ បើ​តាម​របាយការណ៍​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាល​ពី​សប្តាហ៍​មុន បាន​រក្សា​ការព្យករណ៍​របស់​ខ្លួន ចំពោះកំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រង្វង់​អាត្រា ៧ % ក្នុង​មួយ​ឆ្នាំ និង បន្ត​ការ​កើន​ឡើង​ទៀត​ ៧,១% នៅ​ក្នុង​ឆ្នាំ ២០១៧។ សេដ្ឋកិច្ច​រឹង​មាំ ត្រូវ​បាន ADB បញ្ជាក់​ថា ដោយ​សារ​តែ ការ​នាំ​ចេញ​ពីឧស្សាហកម្ម​សម្លៀក​បំពាក់ និង ស្បែកជើងកម្ពុជា មាន​ការ​កើន​ឡើង ចំនួន ៩,៤% ក្នុង​ឆមាសទី ១ នៃ​ឆ្នាំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ