អានតួអត្ថបទ
កម្ពុជា

NGOs សង្ឃឹម​ថា​ឧបការីរង​ ការ​បរទេស​អាមេរិក​ ជួយ​ឲ្យ​មាន​ការ​ពិភាក្សា​គ្រប់​ជ្រុង​ជ្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​ ១​មិថុនា​នេះ​ ឧបការីរង​ការ​បរទេស​អាមេរិក​ លោក Scott Busby ត្រូវ​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ នៅ​កម្ពុជា។ ជា​ទស្សន​កិច្ច​ ដែល​តំណាង​រដ្ឋាភិបាល​អាមេរិក​រូប​នេះ​ នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ បាន​ដាក់​ក្តី​រំពឹង​ថា ​យ៉ាង​ហោច​ណាស់​ រដ្ឋាភិបាល​ខ្មែរ អាច​នឹង​យក​អនុសាសន៍​ខ្លះ​ពី​អាមេរិក​ ហើយ​អាច​នឹង​បើក​ចំហរ​ឲ្យ​មាន​ការ​ពិភាក្សា​គ្រប់​ជ្រុង​ជ្រោយ​ មុន​នឹង​សម្រេច​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ ក្នុង​សប្តាហ៍​នេះ។

ឧបការីរងការបរទេសអាមេរិក Scott Busby
ឧបការីរងការបរទេសអាមេរិក Scott Busby @Google
ផ្សាយពាណិជ្ជកម្ម

លោក​ Scott Busby ឧបការី​រង​ក្រសួង​ការ​បរទេស​អាមេរិក​ ដែល​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ហើយ​ នៅ​ថ្ងៃ​ទី​ ១​មិថុនា​នេះ​ ដើម្បី​ផ្តើម​ដំណើរ​ទស្សនកិច្ច​ រយៈពេល ២ថ្ងៃ។ ជាដំណើរ​ទស្សនកិច្ច​ ដែល​មន្ត្រី​អាមេរិក​រូប​នេះ​ នឹង​ជួប​ជាមួយ​មន្ត្រី​ខ្មែរ​ ដើម្បី​ពិភាក្សា​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ហើយ​បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ លោក​ឧបការី​រង​ការ​បរទេស​អាមេរិក​ ក៏​នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​ នៅ​ថ្ងៃ​ទី​ ២​មិថុនា មុន​នឹង​ត្រឡប់​ទៅ​វិញ​ផង​ដែរ។

លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ឬ NGO Forum បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក Scott Busby នៅ​ពេល​នេះ​ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​ធ្វើឲ្យ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ មាន​តម្លាភាព​ជាង​មុន។ លោក​សង្ឃឹម​ថា តំណាង​សហរដ្ឋអាមេរិក ​អាច​ជួយ​ផ្តល់​អនុសាសន៍​ខ្លះ​ៗ​ ដល់​រដ្ឋាភិបាល​កម្ពុជា ​ប្រយោជន៍​ដើម្បី​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ជាចំហរ និង​គ្រប់​ជ្រុង​ជ្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ មុន​នឹង​ត្រូវ​អនុម័ត​ ក្នុង​សប្តាហ៍​នេះ។​ តាម​​លោក​តឹក វណ្ណារ៉ា ចង់​ឬ​មិន​ចង់​ កម្ពុជា គួរតែ​ស្តាប់​យោបល់​ខ្លះ​ពី​អាមេរិក​ ព្រោះ​អាមេរិក​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​មួយ ហើយ​ក្នុង​ចំណោម​អង្គការ​ដែល​ចុះ​បញ្ជី​នៅ​កម្ពុជា ក៏​មាន​អង្គការ​អន្តរជាតិ​ជា​ច្រើន​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា​ ទោះបី​មាន​ការ​ជួប​ពិភាក្សា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ឧបការី​រង​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​ដោយ​ ប៉ុន្តែ​ដំណើរ​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ នឹង​មិន​ថយ​ក្រោយ​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​ លោក​ផៃ ស៊ីផាន​ សង្ឃឹម​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ អាច​នឹង​ត្រូវ​រដ្ឋាភិបាល​អនុម័ត​នៅ​ថ្ងៃ​សុក្រ​នេះ​ និង​បញ្ជូន​បន្ត​ទៅ​ឲ្យ​រដ្ឋសភា ​ដើម្បី​ពិនិត្យ​ និង​អនុម័ត។

គួរ​ជម្រាប​ជូន​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម កាលពី​ពីរ​សប្តាហ៍​មុន​ បាន​រៀបចំ​ដំណើ​រទស្សនកិច្ច ​ ទៅ​កាន់​សហរដ្ឋអាមេរិក​ ដើម្បី​ថ្លែង​ប្រាប់​ពី​បញ្ហា ​របស់​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដល់​ភាគី​ពាក់ព័ន្ធ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ សហរដ្ឋអាមេរិក​ និង​សហភាពអឺរុប​ បាន​សន្យា​ថា​ នឹង​ជួយ​ផ្តល់​យោបល់ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល និង​សភា​កម្ពុជា ​បើក​ចំហរ​ការ​ពិភាក្សា​ពី​ខ្លឹម​សារ​ និង​មាត្រា​នីមួយៗ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​សិន​ មុន​នឹង​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ​ ក្នុង​ខែ​មិថុនា​នេះ។ នេះ​បើតាម​លោក​តឹក វណ្ណារ៉ា។

គួរ​រម្លឹក​ជូន​ថា​ អង្គការ​សង្គម​ស៊ីវិល​ បាន​រិះគន់​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន។ ផ្ទុយ​ពី​ការ​រិះគន់​នេះ​ រដ្ឋាភិបាល​ បាន​បដិសេធ ​ដោយ​បញ្ជាក់​ថា​ ច្បាប់​នេះ​ គឺ​បង្កើត​ឡើង ​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ