អានតួអត្ថបទ
កម្ពុជា

ACU ឃាត់​ខ្លួន​មន្ត្រី​អាដ​ហុក​៤ នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់

មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​១​រូប ត្រូ​វបាន​ACU សម្រេច​ឃាត់​ខ្លួន និង​គ្រោង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។ ការ​សម្រេច​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សាកសួរ​រយៈ​ពេល​២​ថ្ងៃ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់ កញ្ញា ខុម ចាន់​តារាទី ហៅ​ស្រីមុំ ដែល​ថា មន្រ្តី​សង្គម​ស៊ីវិល​ណែនាំ​នាង​ឱ្យ​និយាយ​កុហក​ប្រាប់​សមត្ថកិច្ច ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា។ ចំណែក​មន្រ្តី UN ម្នាក់​ទៀត ដែល​មិន​បាន​ចូល​ខ្លួន​មក​បំភ្លឺ​នោះ ACU នឹង​ចេញ​លិខិត​នាំ​ខ្លួន​តែ​ម្តង។

@ACU
ផ្សាយពាណិជ្ជកម្ម

បុគ្គល​ដែល​ត្រូវ​បាន ACU ឃាត់​ខ្លូន​នោះ​រួមមាន មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប គឺ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក នី សុខា អនុប្រធាន​ពីរ​រូប​នៃ​ផ្នែក​ស៊ើប​អង្កេត គឺ​លោក យី សុខសាន្ត និង​លោក ណៃ វ៉ងដា ​អ្នក​ស្រី លឹម មុន្នី មន្ត្រី​អង្កេត​ជាន់​ខ្ពស់​អាដហុក ព្រម​ទាំង លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​អះអាង​ថា ការ​សម្រេច​ចិត្ត​ឃាត់​ខ្លួន​នេះ ដោយសារ​តែ​ចម្លើយ​អ្នក​ទាំង​៥​នាក់​នេះ មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ភស្តុតាង​ ដែល​ប្រមូល​បាន​ដោយ​ ACU។ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់​ខ្លួន​អ្នក​ទាំង​៥​រូប​នោះ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ទី​២៨ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​។

ចំពោះ​ករណី​មន្ត្រី UN លោក ស៊ឺន សាលី ដែល​មិន​ទាន់​បាន​ចូល​ខ្លួន​បំភ្លឺ​នោះ លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា អង្គភាព​នឹង​បន្ត​ធ្វើ​តាម​ច្បាប់ គឺ​ត្រូវ​នាំ​ខ្លួន លោក ស៊ឺន សាលី ដើម្បី​សាកសួរ​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ ប្រធាន ACU រូប​នេះ​ពុំ​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់​លាក់​ទេ។

ដោយ​ឡែក លោក​ស្រី ធីតា ឃឹះ នាយិកា​អង្កការ​សីលកា និង​លោក​ស្រី​មេធាវី ទ្រី ឈួន ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​បន្ទាប់​ពី​សាកសួរ​រួច​នោះ លោក ឱម យ៉ិនទៀង អះអាង​ថា គឺ​ដោយសារ​ចម្លើយ​ពួក​គាត់​ច្បាស់​លាស់​ត្រឹម​ត្រូវ​ជាង​អ្នក​ដែល​ចោទ​ប្រកាន់​គាត់។ លោក​ប្រធាន ACU ជឿថា​គាត់​មិន​មាន​ការ​ពាក់ព័ន្ធ​អ្វី​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បំពេញ​ការងារស្រប​តាម​វិជ្ជាជីវៈ និង​តួនាទី​ជា NGO ពិត​ប្រាកដ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ