អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​៖ ​ផែន​ការ​ លោក​ សម រង្ស៊ី ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ​

អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី ២០​ខែកញ្ញានេះ បានអះអាង​ថា ផែន​ការ​នៃការប្រកាស​វិល​ត្រលប់​​មក​កម្ពុជាវិញ របស់លោក​សម រង្ស៊ី ពុំ​មែន​ជារឿង​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះទេ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ព្រមាន​ថា ផែន​ការនេះ ជាអំពើវិទ្ធង្សនា​ ដែល​ប៉ះពាល់​ធ្ងន់​ធ្ងរបំផុត​ដល់​សន្តិសុខជាតិ និង​អាច​ប្រឈម​នឹងទោសចំនួន ៤ ទាំងខ្លួន​លោក សម រង្ស៊ី ផ្ទាល់ មន្ត្រី​ ឬ សកម្ម​អតីត​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​ដែល​មា​ន​បំណង​ចូល​រួម​ក្នុង​ផែន​ការ​នៃការ​ត្រលប់​មក​កម្ពុជាវិញ របស់លោក​សម រង្ស៊ី ជាដើម។ 

ក្រសួងយុត្តិធម៌ ៖ ផែនការលោកសម រង្ស៊ី ជាបទឧក្រិដ្ឋធ្ងន់ធ្ងរដល់សន្តិសុខជាតិ
ក្រសួងយុត្តិធម៌ ៖ ផែនការលោកសម រង្ស៊ី ជាបទឧក្រិដ្ឋធ្ងន់ធ្ងរដល់សន្តិសុខជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​អះអាងថា ផែនការមក​កម្ពុជា​របស់​លោក​សម រង្ស៊ី គឺ​ការ​​ប៉ុន​ប៉ង់ធ្វើរដ្ឋប្រហារ តាមរយៈ​ការប្រើប្រាស់​វិធីញុះញង់​អុជអាល​ អូស​ទាញ​កម្លាំងប្រដាប់​អាវុធ ពលរដ្ឋ​ស្លូតត្រង់ ឲ្យ​បះបោរ​តាម​រូបភាព​ហិង្សា​ ដើម្បី​ផ្តួល​រដ្ឋាភិបាល។ ដោយ​សំអាងលើ​​ច្បាប់​នៃប្រទេស​កម្ពុជា អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់ថា ផែន​ការ​នេះ ជាបទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ ដែល​ត្រូវផ្តន្ទាទោស​ ក្រោម «បទល្មើ​សឧបឃាត» តាម​បញ្ញត្តិ​មាត្រា ៤៥១ និង​មាត្រា ៤៥២ នៃក្រម​ព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារពី ១៥ ទៅ ៣០​ឆ្នាំ ប៉ុន្តែ​​បើ​ជនល្មើស​ជា​អ្នក​រាជការ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​យុត្តិធម៌ បាន​ព្រមាន​ដែរថា ​រាល់​បុគ្គល​ដែល​ចូលរួម ក្នុង​គម្រោង​របស់​លោក​សម រង្ស៊ី អាចជាប់​ទោសពី «បទល្មើស​រួម​គំនិត​ក្បត់» ដែល​ជាបទឧក្រិដ្ឋ​មាន​ចែង និង​ផ្តន្ទាទោសតាមបញ្ញត្តិ​មាត្រា ៤៥៣ នៃក្រម​ព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារពី ៥ទៅ ១០​ឆ្នាំ ហើយ​បន្ថែម​ទម្ងន់​ដាក់​ពន្ធនាគារពី ១០ ទៅ ២០​ឆ្នាំ ប្រសិនបើ​ជនល្មើសជាអ្នក​រាជការសាធារណៈ។ ហើយ​រាល់ផែនការ​នៃការ​ប្រឆាំងនឹង​សន្តិសុខ​របស់​ប្រទេសជាតិ មិនត្រឹម​តែ​ខុសទៅនឹង​ក្រមព្រហ្មទណ្ឌកម្ពុជាទេ តែក៏អាចខុស​នឹង​ច្បាប់​ស្តីពីការប្រឆាំង​នឹង​ភេរវកម្ម​អាស្រ័យ​តាម​ករណី​ប្រព្រឹត្តិ​ជាក់​ស្តែងនីមួយៗ។

ចំពោះ​​ការប្រើ​រចនាសម្ព័ន្ធ​នៃអតីតគណបក្ស​សង្គ្រោះជាតិគ្រប់​លំដាប់​ថ្នាក់ បន្ទាប់​ពីគណបក្ស​នេះ ត្រូវបាន​តុលាការ​កំពូល​សម្រេចរំលាយ​ចោល តាម​សាលដីកា​កាលពីថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ ២០១៧ វិញ ក្រុម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សង្កត់​ធ្ងន់​ថា​ គឺជា​ទង្វើ​ប្រឆាំងនឹង​សាល​ដីការបស់​តុលាការកំពូល ខុសនឹង​ច្បាប់​ស្តីពីគណបក្ស​នយោបាយ និង​ខុស​នឹង​ច្បាប់​ព្រហ្មទណ្ឌកម្ពុជា ដែល​មាន​ទោស​ដូចគ្នា​។

គួរជម្រាបជូនថា ការ​ចេញ​មក​ព្រមាន​ពី​យន្តការ​ច្បាប់​លើ​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ក្រោយ​ពីលោក សម រង្ស៊ីផ្ទាល់ និង​មន្ត្រីអតីត​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​មក​ប្រកាស​ជា​​បន្តបន្ទាប់​ពីផែន​ការ​នៃការ​វិលត្រលប់​មក​កម្ពុជា របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០១៩​ខាងមុខ។​ លើ​សពីនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍របស់​អតីតបក្ស​ប្រឆាំង ក្នុង​កិច្ច​ប្រជុំនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ក៏ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​​កងកម្លាំងប្រដាប់អាវុធ ផ្តាច់​ខ្លួន​ពីរដ្ឋាភិបាល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ