អានតួអត្ថបទ
កម្ពជា

សង្គម​ស៊ីវិល​ស្នើ​ជា​ថ្មី​ទៅ​រដ្ឋាភិបាល​បង្កើត​គោល​នយោបាយ​គាំពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​

សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ស្នើ​ជាថ្មី​ទៅ​កាន់​រដ្ឋាភិបាល បង្កើត​គោល​នយោបាយ​ច្បាស់លាស់​មួយ​ ឬ​ច្បាប់​គាំពារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដើម្បី​ជា​ផ្នែក​មួយ​គេច​ផុត​ពី​ការ​រើងអើង​និង​ការ​មាក់ងាយ​ក្នុង​សង្គម។ ​ការ​ស្នើសុំ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អង្គការសង្គម​ស៊ីវិល ​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ប្រសាសន៍​លោក ​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាលដែល​ថា​កម្ពុជា​គ្មាន​ច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។

Lesbian Gay Buisexual Transgender
Lesbian Gay Buisexual Transgender
ផ្សាយពាណិជ្ជកម្ម

ទោះ​បីជា​មាន​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​និង​មិន​មាន​ការ​ជំទាស់​សម្រាប់​អាពាហ៍​ពិពាហ៍អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ក៏​ដោយ ​តែ​សង្គម​ស៊ីវិល ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ឬ​ច្បាប់​ដើម្បី​បញ្ជាក់​ពី​ការ​គាំពារដល់​ពួក​គេ។

ហ៊ាន​ស្នើ​យ៉ាង​ដូច្នេះ​ក៏​ដោយ​សារ​តែ​សង្គម​ស៊ីវិល​សង្កេត​ថា ​កន្លង​មក​បញ្ហា​នេះ​ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន ​តាម​រយៈ​សន្ទរកថា​មួយ​កាល​ពី​ឆ្នាំ​២០១២​និង​ថ្មីៗ​នេះ​តាមរយៈ​ការ​បង្ហាញ​ជំហរ​គាំទ្រ​ជា​ថ្មី​របស់​មន្រ្តី​រដ្ឋាភិបាល ​លោក ​ផៃ ​ស៊ីផាន។

លោក​ ផៃ ​ស៊ីផាន ​ដែល​បាន​និយាយ​ថា «កម្ពុជា​គ្មាន​ច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ​ក៏​គ្មាន​ការ​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​»។ ​នេះ​ជា​ការ​បញ្ជាក់​របស់ ​លោក ​នួន ​ស៊ីដារ៉ា ​អ្នក​សម្រប​សម្រួល​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​នៃ​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស។

លោក ​នួន ​ស៊ីដារ៉ា​បន្តថា ​ប្រសិន​បើ​កម្ពុជា​មាន​ច្បាប់​និង​គោលនយោបាយ​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នឹង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​រស់​នៅ​ក្នុង​សុខដុម​នីយកម្ម​តាមរយៈ​ការ​រស់​នៅ​ស្មើភាព​គ្នាដោយ​គ្មាន​ការ​រើស​អើង។ ​ម្យ៉ាង​ទៀត​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ទ្វីប​អាស៊ី​ដែល​ទទួល​ស្គាល់​អាពាហ៍​ពិពាហ៍​ភេទ​ដូចគ្នា​តាម​ផ្លូវ​ច្បាប់។​ ព្រោះ​នាពេលបច្ចុប្បន្ន​នេះ ​ការ​លាបព័ណ៌  ​ការ​រើស​អើង​និង​មាក់ងាយ​មក​លើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​តែង​តែ​កើត​មាន​ជារឿយៗ​ដែល​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​ឱកាស​ការងារ​ក្នុង​សង្គម​។

លោក ​យ៉ាន ​សេដ្ឋាណាវុធ ​ដែល​អះអាង​ថា ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មក​ពី​បណ្ដាញ​ចតុមុខ​ឲ្យ​ដឹង​ថា​ គឺ​លោក​ចង់​បាន​ការ​គាំទ្រ​តែ​ម្យ៉ាង​ពី​រដ្ឋាភិបាល​និង​ពលរដ្ឋ​ធ្វើ​យ៉ាងណា​កុំឲ្យ​មាន​ការរើស​អើង​មក​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​និង​មាន​ឱកាស​ការងារ​ក្នុង​សង្គម​ដូច​មនុស្ស​ធម្មតា។ លោក​បន្ថែម​ថា ​លោក​កំពុង​ស្វែង​រកការ​គាំទ្រ​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​សិទ្ធ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

បើតាម​តួលេខ​មួយ​បង្ហាញ​កាល​ពី​ឆ្នាំ​២០១២​នៅ​កម្ពុជា ​ក្រុម​បុរស​ស្រឡាញ់​បុរស ​មាន​ចំនួន​ជាង​២៥​ម៉ឺន​នាក់ ​ស្រ្តី​ស្រឡាញ់​ស្រ្តី​ជិត​១០​ម៉ឺន​នាក់។ ​សរុប​ជារួម​មក ​ក្រុម​ទាំង​ពីរ​នេះ​បូក​និង​ភេទទីបី​មាន​ចំនួន​៣៦​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ