អានតួអត្ថបទ
កម្ពុជា

គ្រួសារ​លោក កែម ឡី ត្រូវ​ការ​ថវិកា​១០ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​សាងសង់​ចេតិយ​បញ្ចប់

ម្សិលមិញ​នេះ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​២​ម៉ឺន​ដុល្លារ​ទៀត​ដល់​ក្រុម​គ្រួសារ​លោក កែម ឡី ក្នុង​ការ​សាងសង់​ចេតិយ បន្ទាប់​ពី​ម្ដាយ​និង​ប្អូន​ប្រុស​លោក កែម ឡី បាន​សសេរ​លិខិត​ស្នើ​សុំ​ថវិកា​ពី​លោកនាយករដ្ឋមន្ត្រី។ ទោះ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក៏​ដោយ គ្រួសារ​លោក កែម ឡី ត្រូវការ​ថវិកា​១០​ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​សាង​សង​ចេតិយ​បញ្ចប់។

រូបថតៈ ចេតិយលោក កែម ឡី ដែល​កំពុង​ដំណើរ​ការ​សាង​សង
រូបថតៈ ចេតិយលោក កែម ឡី ដែល​កំពុង​ដំណើរ​ការ​សាង​សង @freshnews
ផ្សាយពាណិជ្ជកម្ម

លោក កែម រិទ្ធីសិទ្ធិ ប្អូន​ប្រុស​លោក កែម ឡី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គិត​មក​ដល់​​ពេល​នេះ តួ​ចេតិយ លោក កែម ឡី សាងសង់​រួច​រាល់​ទាំង​ស្រុង​ហើយ នៅ​ឡើយ​តែ​ការរៀប​ចំ​ក្បាច់​រចនាបថ​នៃ​ចេតិយ ដែល​ត្រូវ​ការ​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​១០​ម៉ឺន​ដុល្លារ​ទៀត​ដែរ​ ដើម្បី​សាង​សង់​បញ្ចប់​ទាំង​ស្រុង។

តាម​គម្រោង ចេតិយ​លោក កែម ឡី ត្រូវ​ប្រើ​ទឹក​ប្រាក់​១៧​ម៉ឺន​ដុល្លារ​ក្នុង​សាង​សង់។ទំហំ​ទឹក​ប្រាក់​នេះ​លោក កែម រិទ្ធិសិទ្ធិ ទទួល​ស្គាល់​ថា ជា​ចំនួន​លុយ​មួយ​ដ៏​ច្រើន ដែលគេ​អាច​​នឹង​សាង​សង់​ផ្ទះ​វីឡា​មួយ​បាន ប៉ុន្តែ​អ្វី​ដែល​ថ្លៃ​ចំពោះ​ចេតិយ​នេះ គឺ​រចនាបថ​ពិ​សេស​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​លោក កែម រិទ្ធីសិទ្ធិ ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរសធម៌​ក្នុង និង​ក្រៅ​ប្រទេស​ដែល​​ស្រឡាញ់​លោក កែម ឡី បូក​រួម​នឹង​ថវិកា​ផ្ដល់​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​គ្រួសារ​បាន​ចំណាយ​លើ​ការ​សាងសង​អស់​ជាង​៥​ម៉ឺន​ដុល្លារ។ រីឯ​ថវិកា​ដែល​នៅ​សេសស់​គឺ​រក្សា​ទុក​នៅ​ក្នុង​កុង​ធនាគារ។ ដើម្បី​ស្វែង​រក​ថវិកា​មក​បង្គ្រប់​ក្នុង​ការ​សាង​សង់​ចេតិយ ក្រុម​គ្រួសារ​បាន​បន្ត​អំពាវ​ឲ្យ​អ្នក​ដែល​ស្រឡាញ់ លោក កែម ឡី បន្ត​ឧបត្ថ​ម្ភ​។ នេះ​បើ​តាម​លោក កែម រិទ្ធីសិទ្ធិ។

ជា​ការ​កត់​សម្គាល់ ខណៈ​ដែល​ចេតិយ​កំពុង​ត្រូវ​ការ​ថវិកា​មក​បង្គ្រប់ ដើម្បី​បញ្ចប់​ការសាង​សង់ សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​តែ​បាន​ចេញ​ដីកា​លើក​ទី​២ កោះ​ហៅ​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង លោក ប៉ា ងួនទៀង ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា ពាក់ព័ន្ធ​នឹង​ករណី​បាត់​បច្ច័យ​ចូល​បុណ្យ​សព​លោក​បណ្ឌិត​កែម ឡី។

លោកមឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្ស​ ហៅ​កាត់​​ថា ​សង់ត្រាល់ ដែល​ជា​អតីត​សមាជិក​គណៈកម្មាការ​ចាស់ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះថា លោក​នឹង​ចូល​បំភ្លឺ​តាម​កំណត់​របស់​តុលាការ។

លោក មឿន តុលា បន្ត​បន្ថែម​ថា សមាជិក​គណៈកម្មាការ​មិន​បាន​ធ្វើ​ខុស ហើយ​ក៏​មិនដែល​ធ្លាប់​កាន់​លុយ​បច្ច័យ ដូច​ការ​ចោទ​ប្រកាន់​របស់​ម្ចាស់​បណ្ដឹង លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ឡើយ​។

សម្រាប់​លោក មឿង តុលា បណ្ដឹង​ណា​មួយ​ក្នុង​សំណុំ​រឿង​បច្ច័យ​បុណ្យ​សព​លោក​កែម ឡី​នេះ គួរ​តែ​កើត​ចេញ​ពី​សមាជិក​ក្រុម​គ្រួសារ មិន​មែន​កើត​ចេញ​ពី​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​នយោបាយ​នោះ​ទេ។

ចំណែក​លោក កែម រិទ្ធីសិទ្ធិ បាន​អះអាង​ដែរ​ថា សមាជិក​គណៈកម្មាការ​ពិត​ជា​មិន​ជាប់ព័ន្ធ​ក្នុង​រឿង​បច្ច័យ​នេះ​មែន ប៉ុន្តែ​បណ្ដឹង​នេះ​គឺ​ជា​សិទ្ធិ​របស់​លោក​ពេជ្រ ស្រស់ ដោយមិន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ឡើយ៕

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ