អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន និង​សម រង្ស៊ី​សម្របសម្រួល​គ្នា​ដោះលែង​​អ្នក​បឹងកក់​និង​សកម្មជន​​បក្សប្រឆាំង​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ លោកអេង ឆៃអ៊ាង បានលើក​ឡើងថា​ ប្រធាន​គណបក្សប្រជាជនកម្ពុជា​និងគណបក្សសង្គ្រោះជាតិ​បាន​ពិភាក្សាគ្នា​ដើម្បី​សម្របសម្រួល​ឱ្យមានការ​ ដោះលែង​សកម្មជន​បឹងកក់​ សកម្មជន​គណបក្សសង្គ្រោះជាតិ​ រួមទាំង​អតីត​ព្រះសង្ឃ​សរុបចំនួន១៨នាក់។

លោកមាជ សុវណ្ណារ៉ា ​ប្រធាននាយកដ្ឋានព័ត៌មាន​និង​ផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ
លោកមាជ សុវណ្ណារ៉ា ​ប្រធាននាយកដ្ឋានព័ត៌មាន​និង​ផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅទី​បំផុត​ ការ​ដោះលែង​សកម្មជន​បឹងកក់ និង​ការ​សុំ​នៅក្រៅឃុំ​របស់​សកម្មជន​គណបក្សសង្គ្រោះជាតិ សរុបចំនួន១៨នាក់មានពន្លឺ​លេចឡើង​ហើយ។ លោកអេង ឆៃអ៊ាង មន្ត្រីជាន់​ខ្ពស់​គណបក្សសង្គ្រោះជាតិបានគូស​បញ្ជាក់ថា​លោកនាយករដ្ឋមន្ត្រី​​​ហ៊ុន ​សែន និងលោក សម រង្ស៊ី បានពិភាក្សាសម្របសម្រួល​ឱ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់ ចំនួន១៣​ដែលរួម​មាន​អ្នកស្រីទេព វន្នី និងអតីត​ព្រះសង្ឃ​ចំនួន៣អង្គ។ បើតាម​លោកអេង ឆៃ អ៊ាង​ដដែល សកម្មជន​បឹងកក់​ទាំង១៣នាក់​នឹងត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​ដោះលែង។

ប៉ុន្តែ​សកម្មជន​បឹងកក់​ទាំងអស់​ត្រូវតែ​ដក​បណ្តឹង​សារទុក​របស់ខ្លួន​​ចេញ​ពី​តុលាការ​ជាមុន​សិន ហើយសរសេរ​លិខិត​សុំ​កិច្ចអន្តរាគមន៍​មកកាន់​លោកនាយករដ្ឋមន្ត្រី។ លោកអេង ឆៃអ៊ាង​បានបន្ថែម​ថា ដោយឡែកសកម្មជន​គណបក្សសង្គ្រោះជាតិ ទាំង៥រូបដែល​រួមមាន​លោក មាជ សុវណ្ណារ៉ា​វិញតុលាការសាលាដំបូង​រាជធានីភ្នំពេញ នឹងបើក​សវនាការ​លើការ​សុំនៅ​ក្រៅឃុំ​នៅថ្ងៃ​ចន្ទទី១៣ មេសា​សប្តាហ៍ក្រោយនេះ។ លោក​មេធាវី ជួង ជូងី មេធាវី​ការពារក្តី​ឱ្យ​សកម្មជន​គណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកបាន​សរសេរពាក្យ​សុំនៅ​ក្រៅឃុំ​ទៅកាន់​តុលាការ​រួចហើយ។

សូម​រំលឹកថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ ចំនួន៥រូប ដែល​រួមមាន​លោក​ មាជ សុវណ្ណារ៉ា និងសកម្មជន​បក្ស​នៅតាម​មូលដ្ឋាន​ចំនួន៤នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​កម្ពុជា ចាប់ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការរំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៤ ។ ​ដោយ​ឡែក​សកម្មជន​បឹងកក់​ ចំនួន១៣នាក់ ដែល​រូមមាន​សកម្មជន លោកស្រី​ទេព វន្នី និង​អតីតព្រះសង្ឃចំនួន​៣អង្គផង​ត្រូវបាន​តុលាការ​កាត់ទោស​ ឱ្យជាប់​ពន្ធនាគារ​ពី៦ខែ ដល់១ឆ្នាំ  និង​ពិន័យជា​ប្រាក់ពី១លាន ដល់ ១លាន ៥សែនរៀល។

លោកអេង ឆៃអ៊ាងដដែល បានបញ្ជាក់ថា ការយល់​ព្រម​ដោះលែង​ និង ការ​អនុញ្ញាត​ឱ្យ​នៅក្រៅឃុំនេះ គឺនឹង​ធ្វើតាម​នីតិវិធីច្បាប់ និងមិនបំពាន​ទៅលើ​តុលាការ​នោះទេ។ គណបក្សសង្គ្រោះជាតិ បានហៅ​ពន្លឺ​នៃការ​ដោះលែង និងសុំ​នៅក្រៅឃុំនេះ ថាជា​ផ្លែផ្កា​នៃវប្បធម៌​សន្ទនា របស់​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងការ​បិទបញ្ចប់​ជម្លោះ​នយោបាយ​នៅកម្ពុជា។ លោកបណ្ឌិត សុខ  ទូច​អ្នក​វិភាគ​ស្ថានការ​នយោបាយ​នៅកម្ពុជា បានហៅ​ការ​សម្របសម្រួល​នៃអ្នក​នយោបាយ​ទាំងពីរបក្ស​ដើម្បី​ឱ្យមាន​ការដោះលែងនេះថា គឺជា​ជំហានចាស់​ទុំ​ផ្នែក​នយោបាយ​ដ៏ធំ សម្រាប់​កាលានុវត្តភាពអភិវឌ្ឍន៍​របស់​សង្គម​ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ