អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈបុរស​​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​ជ្រូក

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈកម្ពុជា​ទើប​តែ​រក​ឃើញ​ករណី​ស្លាប់​របស់​បុរស​​ម្នាក់​ ​ដោយ​សារ​ជំងឺ​ផ្ដាសាយ​ជ្រូក។ ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ​ធ្លាប់​រាត​ត្បាត​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩ និង​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​៦​នាក់​។ បើ​ទោះ​បី​ជា​មាន​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ នៅ​ដើម​ឆ្នាំ​២០១៦​ក៏​ដោយ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គ្រូ​ពេទ្យ​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​ជំងឺ H1N1 នេះ​បាន ប្រសិន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​។

មេរោគផ្ដាសាយជ្រូក H1N1 ដែល​រាត​ត្បាត​ខ្លាំង​កាល​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២
មេរោគផ្ដាសាយជ្រូក H1N1 ដែល​រាត​ត្បាត​ខ្លាំង​កាល​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ Licence de documentation libre GNU
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ដែល​បាន​ស្លាប់ ​​កាល​ពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ពុធ​ទី​២៤​កុម្ភៈ​នេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្សី​តាំង​​ពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​។ ៤​ថ្ងៃ​បន្ទាប់​ពីនោះ ពោល​គឺ​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បុរស​នេះ មាន​ផ្ទុក​មេរោគ​ផ្ដាសាយ​ជ្រូក H1N1​។ នៅ​ក្នុង​រយៈ​ពេល​ជាង​១​សប្ដាហ៍​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អះអាង​ថា គ្រូ​ពេទ្យ​ខ្មែរ​និង​បរទេស បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បីព្យាបាល​​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​។ ប៉ុន្តែជា​ការ​កត់​សម្គាល់ អ្នក​ជំងឺ​មក​កាន់​មន្ទីរ​ពេទ្យ​យឺត​ពេល​បន្តិច ដោយ​មេរោគ H1N1 បាន​រាត​ត្បាត​ទៅ​ដល់​សួត​របស់​អ្នក​ជំងឺរួច​ទៅ​ហើយ​​។ មរណភាព​របស់​អ្នក​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ថ្មី​នេះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់​។

 

សូម​រំលឹក​ថា ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ​ធ្លាប់​រាត​ត្បាត​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៩ និង​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​៦​នាក់​​។ សព្វ​ថ្ងៃ បើ​តាម​ការ​ពន្យល់​របស់​លោក លី សូវ៉ាន់ មេរោគ​​ផ្ដាសាយ​ជ្រូក H1N1 នេះ បានក្លាយ​ជា​មេរោគ​ផ្ដាសាយ​ធម្មតា និង​ជា​ផ្ដាសាយ​តាម​រដូវ​កាល​​ថែម​ទៀត​ផង​។ ​កម្ពុជា​រក​ឃើញ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ជាច្រើន​ករណី ក្នុង​មួយ​ឆ្នាំ​ៗ​។ នេះ​បើ​តាម​លោក លី សូវ៉ាន់។ ខណៈកម្ពុជាជួប​ប្រទះ​ករណី​ស្លាប់​ថ្មី ​​របស់អ្នក​ជំងឺ​ផ្ដាសាយ​ជ្រូក​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​រូប​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក៏​ដូច​ជា​តាម​ដាន​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​​។ រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 ដែល​មាន​ជា​អាថិ៍ គ្រុន​ក្ដៅ​លើស​ពី​៣៨អង្សារ ឈឺ​ក ក្អក កណ្ដាស់ ឈឺ​សាច់​ដុំ និង​ស្រៀវស្រាញ​ក្នុង​ខ្លួន​។

ក្នុង​នោះ ប្រសិន​បើ​​មាន​ជំងឺ​ផ្ដាសាយ និង​មាន​ការ​ឡើង​កម្ដៅ​ក្នុងខ្លួន អ្នក​ជំងឺ​ត្រូវទទួល​ទាន​ថ្នាំបញ្ចុះ​កម្ដៅ​ និងទទួល​ទាន​​​ទឹក​ឲ្យ​បាន​ច្រើន​។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ហាត់​កីឡា ត្រូវ​ផ្អាក​ហាត់​កីឡា​សិន​។ ក្នុង​ករណី​ដែល​ជំងឺ​ផ្ដាសាយ​មិន​បាន​ធូរ​ស្រាល​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ទេ អ្នក​ជំងឺ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ បើ​ទោះ​បី​ជា​មាន​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ នៅ​ដើម​ឆ្នាំ​២០១៦​ក៏​ដោយ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គ្រូ​ពេទ្យនៅ​​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​ជំងឺ H1N1 នេះ​បាន ប្រសិន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ