អានតួអត្ថបទ
កម្ពុជា

លោក​ជាម យៀប ​ចេញ​មុខ​​ទាត់​ចោល​​ការ​លើកឡើង​រ​ប​ស់​​លោក​​សុន ឆ័យ​

នៅ​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​១២មីនា​​ លោក​ជាម យៀប​ ប្រធាន​​គណៈកម្មការ​​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​​សវនកម្ម​​ដែល​ជា​​គណៈកម្មការ​​ទី២ ​នៃ​​រដ្ឋសភា ​បាន​​ចេញ​មុខ​​ទាត់​ចោល​​នូវ​​ការ​លើកឡើង​​របស់​លោក​​សុន ឆ័យ ​ជុំវិញ​​ការ​​​ចំណាយ​​ច្រើន​​ហួសហេតុ និ​ង​​បក្ខពួក​និយម​​នៅ​ក្នុង​​រដ្ឋសភា​។ ​នៅ​ក្នុង​​សន្និសីទ​កាសែត​​មួយ​​នៅ​​វិមាន​​រដ្ឋសភា​លោក​ជាម យៀប ​បាន​​បញ្ជាក់​ថា ​ការ​លើកឡើង​​របស់​លោក​សុន ឆ័យ​​នោះ ​មិន​មាន​​ភ​ស្ត​តាង​ និង​​ប្រភ​ព​​ច្បាស់​លាស់​​នោះ​ទេ​។​

លោកជាម យៀប​ ថ្លែង​ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​លោកសុន ឆ័យ ​នៅក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ​មីនា​
លោកជាម យៀប​ ថ្លែង​ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​លោកសុន ឆ័យ ​នៅក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ​មីនា​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធាន​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋសភា លោក​ជាម យៀប ដែល​បាន​ចេញមុខ​ធ្វើ​សន្និសីទ​ទាត់ចោល​ការលើក​ឡើង​របស់​អនុប្រធាន​របស់ខ្លួន​លោក​សុន ឆ័យ។ ក៏ប៉ុន្តែ​ការទាត់ចោល​នៅពេលនេះ គឺ​បានធ្វើ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​សុន ឆ័យ បាន​ថ្លែងប្រាប់​អ្នកកាសែត​អំពី​ការចំណាយ​ច្រើន​ហួសហេតុ និង​បក្ខពួកនិយម​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ។

សូម​ជំរាបជូន​ថា បន្ទាប់​ជួបប្រជុំ​ជា​លើកដំបូង​ជាមួយ​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី១០មីនា លោក​សុន ឆ័យ​ក្នុងនាម​ជា​អនុប្រធាន​គណៈកម្មការ​ទី​ពីរ​នៃ​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នកកាសែត​ពី​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ដែល​កំពុង​កើតមាន​នៅក្នុង​រដ្ឋសភា​កម្ពុជា។ ក្នុងនោះ​បញ្ហា​ចាយវាយ​ច្រើន​ហួសហេតុ​លើ​សម្ភារៈ និង​បញ្ហា​គ្រួសារនិយម​នៅក្នុង​រដ្ឋសភា​គឺជា​បញ្ហា​ចម្បង​ដែល​លោក​សុន ឆ័យ បានលើកឡើង។ ជាងនេះទៅទៀត លោក​សុន ឆ័យ បានទាមទារ​លោក​ឡេង ប៉េងឡុង​ផ្តល់​ឯកសារ​ចំណាយ​របស់​រដ្ឋសភា ប៉ុន្តែ​អគ្គលេខាធិការ​រដ្ឋសភា​មិន​ផ្តល់​ឲ្យ​នោះទេ ដោយ​សុំ​ពិគ្រោះ​យោបល់​ជាមួយ​ប្រធានរដ្ឋសភា​ជា​សិន​ជាមុនសិន។

លោក​ជាម យៀប ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មការ​ទី​ពីរ បាន​ប្រតិកម្ម​ថា ការលើកឡើង​របស់លោក​សុន ឆ័យ​នេះ មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​លោក​ជា​ប្រធាន​ជាមុនសិន​នោះទេ។ ​លោក ជាម យៀប ចាត់ទុក​សម្តី​របស់លោក​សុន ឆ័យ​ថា គ្មាន​មូលដ្ឋាន និង​គ្មាន​ភ​ស្ត​តាង គឺជា​ការនិយាយ​តាម​ការនឹកឃើញ​ប៉ុណ្ណោះ។ បើតាម​លោក​ជាម យៀប ការបញ្ជាទិញ​សម្ភារៈ​មួយចំនួន​ដូចជា​រថយន្ត​ជាដើម​នោះ គឺ​ក្រសួង​សេដ្ឋកិច្ច​ជា​អ្នករៀបចំ​ហើយ​រដ្ឋសភា​គ្រាន់តែ​ចាំ​ទទួលយក​ប៉ុណ្ណោះ។ ចំណែក​ការចំណាយ​ផ្នែកផ្សេងៗទៀត​នោះ គឺ​លោក​សុន ឆ័យ មិន​ប្រភព​ឯកសារ និង ភ​ស្ត​តាង​ច្បាស់លាស់ ដើម្បី​បញ្ជាក់​នោះឡើយ។ ចំពោះ​បញ្ហា​គ្រួសារនិយម ដែល​លោក​សុន ឆ័យ ចង់​សំដៅលើ​លោក​មិត្ត កា​រ៉ែ​ន ដែលជា​អគ្គលេខាធិការ​ង​នៃ​រដ្ឋសភា មិនត្រូវ​បាន​លោក​ជាម យៀប ថ្លែង​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ទេ។

លោក​ជាម យៀប បញ្ជាក់ទៀតថា របាយការណ៍​ស្តី​ការចំណាយ​របស់​រដ្ឋសភា ត្រូវបាន​ផ្តល់​ឲ្យ​សមាជិក​គណៈកម្មការ​ទី​ពីរ​រួចហើយ​រួមទាំង​លោក​សុន ឆ័យ ផងដែរ ប៉ុន្តែ​លោក​សុន ឆ័យ បែរជា​និយាយ​ខុសពី​ការពិត​ទៅវិញ។ លោក​ប្រធាន​គណៈកម្មការ​ទី​ពីរ បាន​គូសបញ្ជាក់ថា ការលើកឡើង​របស់លោក​សុន ឆ័យ លោក​មិនអាច​ទទួលយក​បានទេ ព្រោះថា វា​ធ្វើ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​គណៈកម្មការ​ទី​ពីរ និង​រដ្ឋសភា​ទាំងមូល។

បើតាម​ប្រធាន​គណៈកម្មការ​ទី​ពីរ​រូបនេះ លោក​នឹង​ជំរាប​ដល់​ប្រធានរដ្ឋសភា​លោក​ហេង សំរិន និង​អនុប្រធាន​ទីមួយ​លោក​កឹម សុខា ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចាត់វិធានការ​ចំពោះ​ករណី​និយាយ​បំផ្លើស​របស់លោក​សុន ឆ័យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ