អានតួអត្ថបទ
កម្ពុជា

ជន​រង​គ្រោះ​នៃ​ការ​គប់​គ្រាប់​បែក​នៅ​មុខ​អតីត​រដ្ឋសភា នៅ​តែ​ទទូច​សុំ​រក​យុត្តិធម៌

 ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​កឹម សុខា ប្រធាន​ស្ដី​ទី និង​សកម្មជន​អ្នក​គាំទ្រ រួម​ទាំង​សាច់​ញាតិ​ជន​រង​គ្រោះ​ប្រមាណ​ជា​២០០​នាក់ បាន​រៀប​ចំ​ពិធី​បង្សុកូល​នៅ​មុខ​ចេតិយ​នៃ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គប់​គ្រាប់​បែក​ដៃ ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី​៣០​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ចាស់​។ ជា​ការ​កត់​សម្គាល់ នៅ​ព្រឹក​មិញ ជន​រង​គ្រោះ​នៅ​តែ​ទទូច​ទាមទារ​ឲ្យ​មាន​ការ​ស្វែង​រក​យុត្តិធម៌ ដោយ​នាំ​ឃាតករ​មក​ផ្ដន្ទាទោស​ឲ្យ​បាន​។   

ពិធី​បែប​សាសនា នៅ​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ រំលឹក​ដល់​ការ​គប់​គ្រាប់​បែក ឆ្នាំ​១៩៩៧
ពិធី​បែប​សាសនា នៅ​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ រំលឹក​ដល់​ការ​គប់​គ្រាប់​បែក ឆ្នាំ​១៩៩៧ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

 

 

 
ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​សូត្រ​ធម៌​ពី​ព្រះ​សង្ឃ​ប្រមាណ​ជា​៥០​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​នៃ​ជន​រង​គ្រោះ​ចំនួន​១៦​រូប ដែល​គេ​បាន​តាំង​រូប​ថត​និង​ឈ្មោះ នៅ​ពី​មុខ​ចេតិយ​ពណ៌​មាស​។ បន្ទាប់​មក គឺ​ជា​ការ​ឡើង​ថ្លែង​សារ​ជា​បន្ត​បន្ទាប់ ដែល​ដំបូង​ឡើយ​គឺ​ជា​សារ​របស់​លោក សឺន ស៊ូប៊ែរិ៍ ប្រធាន​គណបក្ស​សមរង្ស៊ី និង​បន្ទាប់​មក​គឺ​ជា​សេចក្ដី​ថ្លែងការណ៍​របស់​លោក​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ភាគ​ច្រើន ខ្លឹម​សារ​នៃ​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​តុលាការ ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ​ទាំង​នេះ​ទេ​។
 
លោក សំ ជឿន តំណាង​ជន​រង​គ្រោះ​បាន​ថ្លែង​ថា អស់​រយៈ​ពេល​១៨​ឆ្នាំ​ហើយ ដែល​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​នៃ​សំណុំ​រឿង​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ចាស់​នេះ មិន​ទាន់​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​នោះ​ទេ​។
 
ចំណែក​ឯ​លោក​កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​សុំ​ទោស​ចំពោះ​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​បាន​ស្លាប់​និង​របួស​ដោយ​អំពើ​គប់​គ្រាប់​បែក​ដៃ​នេះ​។ ប៉ុន្តែ​លោក កឹម សុខា បាន​សន្យា​ថា នឹង​មិន​បញ្ចប់​ត្រឹម​ការ​សូម​ទោស​នោះ​ទេ ដោយ​លោក​នឹង​បន្ត​ការ​តស៊ូ ទាមទារ​ស្វែង​រក​យុត្តិធម៌​បន្ត​ទៅ​ទៀត តែ​ជា​ការ​ទាមទារ​ដោយ​អហិង្សា និង​សន្តិវិធី​។

គួរ​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី​៣០​មីនា​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​មួយ បាន​កើត​ឡើង​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ចំនួន​៤​គ្រាប់ ទៅ​លើ​ហ្វូង​បាតុករ ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។ ជា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ដែល​កាល​ណោះ គឺ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មាន​មនុស្ស​១៦​នាក់​ស្លាប់ និង​ជាង​២០០​នាក់​រង​របួស ក្នុង​នោះ​ក៏​មាន​លោក​សម រង្ស៊ី ដែរ​។ ការ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​៣០​មីនា​នេះ គឺ​ជា​ឆ្នាំ​ទី​១៨​ហើយ ដែល​គណបក្ស​ប្រឆាំង​តែងតែ​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ និង​ក៏​ជា​ឱកាស​ដើម្បី​បំពង​សំឡេង ស្វែង​រក​យុត្តិធម៌ ជូន​ដល់​ជន​រង​គ្រោះ​ថែម​ទៀត​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ