អានតួអត្ថបទ
កម្ពុជា

លោក​យ៉ែម បុ​ញ្ញ​ឫ​ទ្ធិ​​៖​នៅពេលនេះ ​បក្សប្រឆាំង​​កំពុង​​រៀបចំ​​ដាក់​​ពាក្យ​សុំ​​ដំឡើង​​អង់​តែ​​ន​​ទូរទស្សន៍​​សង្គ្រោះ​​ជាតិ​

លោក​យ៉ែម បុញ្ញ​ឫ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​នេះ​ថា នៅពេលនេះ ក្រុមការងារ​ទទួលបន្ទុក​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​កំពុង​រៀបចំ​ឯកសារ​នា​នា​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាធរ​ដំឡើង​អង់​តែ​ន​ទូរទស្សន៍។ អ្នកនាំពាក្យ​រូបនេះ ក៏​សង្ឃឹម​ដែរ​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ទៅតាម​ការស្នើសុំ​របស់​គណបក្សប្រឆាំង។

cnrp tv
cnrp tv @CNRP Twitter
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ត្រូវបាន​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ដំឡើង​អង់​តែ​ន​សម្រាប់​រៀបចំ​ផ្សាយ​ទូរទស្សន៍​ព្រះអាទិត្យ​ជា​បន្ត​បន្ទាប់មក នៅពេលនេះ​កំណើត​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​កំពុង​ចាប់ផ្តើម​មាន​ពន្លឺ​បន្តិច​ឡើងវិញ​ហើយ។ នោះ គឺ​នៅពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​រៀបចំ​សំណុំ​ឯកសារ​នានា​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ដំឡើង​អង់​តែ​ន​ម្តងទៀត។ ម្តងនេះ គឺ​គ្រោង​សាងសង់​លើដី​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​ដែល​គណបក្សប្រឆាំង​អះអាងថា​ជា​អំណោយ​សប្បុរ​ពី​អ្នកគាំទ្រ​របស់ខ្លួន​ម្នាក់​និង​ទើប​ទទួលបាន​ប្លង់រឹង​លើដី​ដែល​តម្លៃ​ជាង២០ម៉ឺន​ដុល្លារ​អាមេរិក​នេះ។

ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​តាំងតែ​ពីថ្ងៃ​ទី២៧ខែវិច្ឆិកា​ឆ្នាំ២០១៤ ប៉ុន្តែ​ត្រូវបាន​ជួប​ឧបសគ្គ​ជា​បន្តបន្ទាប់។ ដំបូង​ឡើយ​បក្សប្រឆាំង​គ្រោង​សាងសង់​នៅ​ទួលគោក​តែ​ក៏ត្រូវ​ផ្អាក​ទៅវិញ​ដោយសារ​តែមាន​ការតវ៉ា​មិន​ឲ្យ​លើក​អង់​តែ​ន។ ក្រោយមក​បក្សប្រឆាំង ក៏​ប្តូរ​ទៅ​ទិញ​ដី​នៅ​ក្រុង​តាខ្មៅ​អស់​ជាង១០ម៉ឺន​ដុល្លារ តែ​ក៏ត្រូវ​រាំងស្ទះ​ទៀត​ដោយសារតែ​ការផ្ទេរកម្មសិទ្ធិ​និង​រឿងហេតុផ្សេងៗទៀត​ដូចជា​ការទាមទារ​ដក​លុយ​វិញ​ពី​សំណាក់​អ្នក​ចូល​លុយពីមុនៗជាដើម។

សម្រាប់​លើក​នេះ​វិញ លោក​យ៉ែម បុញ្ញ​ឫ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា អាជ្ញាធរ​នឹង​អនុញ្ញាត​ទៅតាម​ការស្នើសុំ ព្រោះថា ដី​ដែល​គ្រោង​ដំឡើង​អង់​តែ​ន​នោះ គឺជា​ដីស្រែ​មិនសូវមាន​មនុស្ស​រស់នៅ។ លោក​យ៉ែម ប៉ុ​ញ​រិ​ទ្ធ បដិសេធ​មិន​ប្រាប់​ឡើយ​ថា ដី​ថ្មី​នោះ​មាន​ទីតាំងនៅ​កន្លែង​ណា​ទេ គ្រាន់តែ​ថា​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា គណបក្សប្រឆាំង​គ្រោង​ចំណាយលុយ៣លាន​ដុល្លារ​សម្រាប់​បង្កើត​ទូរទស្សន៍​ថ្មី​នេះ ហើយ​ក៏បាន​រៃអង្គាសប្រាក់​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ចំនួន​ជាង៧០ម៉ឺន​ដុល្លារ​ផងដែរ។ បើតាម​លោក​យ៉ែម បុញ្ញ​ឫ​ទ្ធិ លុយ​ទាំងនេះ កំពុងតែ​តម្កល់ទុក​នៅក្នុង​ធនាគារ​មិនមាន​អ្នកណា​ប៉ះពាល់​ឡើយ មិន​ដូច​ការរិះគន់​របស់​ម​ជ្ឈ​ដ្ឋា​ន​ខ្លះ​ដែលថា​គណបក្ស​យកលុយ​ទាំងនោះ​ទៅ​ចាយ​អស់​ទេ។  

បើទោះបី​នៅពេលនេះ ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ​កំពុងមាន​វិ​វ​ដ្ឋ​ទៅមុខខ្លះៗក៏ពិតមែន ក៏ប៉ុន្តែ​វាសនា​របស់​ទូរទស្សន៍​ថ្មី​នេះ នៅ​មិន​ប្រាកដប្រជា​នៅឡើយ​ទេ ព្រោះថា​ដំណើរការ​ស្នើសុំ​ដំឡើង​អង់​តែ​ន​លើដី​ថ្មី​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន។ ហេតុ​ដូច្នេះហើយ ទើប​លោក​យ៉ែម បុញ្ញ​ឫ​ទ្ធិ ពិបាក​បញ្ជាក់ថា ទូរទស្សន៍​ថ្មី​នេះ​នឹង​អាច​ដំណើរការ​ផ្សាយបាន​នៅពេល​ណាមួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ