អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាមេរិក​លើក​លែង​ទោស​ដល់​ពលរដ្ឋខ្មែរ​ពីរ​នាក់​ដែល​គ្រោង​នឹង​ចាប់​បញ្ជូន​មក​កម្ពុជា

ពលរដ្ឋខ្មែ​២​នាក់​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​សហរដ្ឋ​អាមេរិក ទើប​តែ​ទទួល​បានការ​លើក​លែង​ទោស​ពី​អភិបាល​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អាមេរិក ត្រូវ​រក​មេធាវី​តតាំងក្ដី​នៅ​ចំពោះ​មុខ​តុលាការ​អាមេរិក ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​គ្រោង​បញ្ជូន​មក​ពួក​គេមក​កម្ពុជា​វិញ។

ការតវ៉ាប្រឆាំងការបញ្ជួនពលរដ្ឋខ្មែរមកកម្ពុជាវិញ
ការតវ៉ាប្រឆាំងការបញ្ជួនពលរដ្ឋខ្មែរមកកម្ពុជាវិញ @IKARE
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋខ្មែរ​២នាក់​ដែល​ទទួល​បាន​ការ​លើក​លែង​ទោស​នេះ ត្រូវ​បាន​សមត្ថកិច្ច​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០០២ និង ២០០៥ពី​បទ​ឧក្រិដ្ឋ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ការ​លើក​លែង​ទោស​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន​ពីរ​នាក់​នេះ ធ្វើ​ឡើង​ដោយ​សារ​ពួក​គេ​បាន​តតាំង​ក្ដី​ឈ្នះ​នៅ​ចំពោះ​មុខ​តុលាការ​អាមេរិក។ បើតាម​លោក ផៃ ស៊ីផាន តុលាការ​អាមេរិក​ជា​អ្នក​ចេញ​មុខ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ប្រធានា​ធិប​តី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ។ ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ភៀស​ខ្លួន​ដែល​ត្រូវ​បញ្ជូន​មក​កម្ពុជា ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​ស្វែង​កិច្ច​ការ​ពារពី​តុលាការ​អាមេរិក។ នៅ​ពេល​ដែល​ពួក​គេ​ឈ្នះ​ក្ដី រដ្ឋាភិបាល​អាមេរិក​មិន​មាន​សិទ្ធិបញ្ជូន​ពួក​គេ​មក​ប្រទេស​កំណើត​ឡើយ។ នេះ​បើ​តាម​លោក​ ផៃ ស៊ីផាន។

យ៉ាង​ណា​ក៏​ដោយ ការិយាល័យ​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា បាន​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​បាន​លើក​លែង​ទោស​នេះ បាន​បញ្ចប់​ការ​ទទួល​ទោស​របស់​ពួក​គេ​តាំង​ពី​ច្រើន​ឆ្នាំកន្លង​មក​ហើយ​។ និង​ថា ការ​លើក​លែង​ទោស​មិន​មែន​ចេះ​តែ​ធ្វើ​ឡើង​ទេ គឺ​ល្គឹក​ណា​តែ​ពួក​គេ​សក្តិសម​នឹង​ទទួល​បានការ​លើក​លែង​ទោស​នោះ​ដែរ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​លើក​លែង​ទោស​នេះ មិន​អាច​បញ្ឈប់​ដំណើរ​ការ​នីតិវិធី​នៃ​ការ​បញ្ជូនពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​រូប​ត្រឡប់​មកកាន់ប្រទេសកម្ពុជាវិញនោះទេ។ ប៉ុន្តែ​វា​អាចលុប​ចោល​ការ​ផ្ដន្ទាទោស ដែល​ជា​លេស​នៃ​ការ​និរទេស​បាន​។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ភ្នាក់​ងារ​សារព័ត៌​មានAP។​

សូម​រំឭក​ថា បើគិតចាប់​ពី​ឆ្នាំ​ ២០០២ ​មកមាន​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជាង ៥០០​នាក់​ហើយ ដែល​អាមេរិក​បាន​បញ្ជូន​មក​កម្ពុជា​វិញ។ កាលពីចុងខែមករាឆ្នាំ២០១៨នេះ ចៅក្រម​ស​ហ​ព័ន្ធ​សហ​រដ្ឋ​អាមេរិក ​បាន​ផ្អាក​បណ្តេញ​ជន​ជាតិ​ខ្មែរ​ជិត​១០០​នាក់​ ចេញ​ពី​សហរដ្ឋ​អា​មេរិក​ភ្លាមៗ។ ចៅក្រម​សហព័ន្ធ​អាមេរិក​យល់​ថា ​ជន​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ទាំង​នោះ ​គួរ​មាន​សិទ្ធិ​តតាំង​ក្តី​នៅ​ចំពោះ​មុខ​តុ​លា​ការ ​ប្រឆាំង​នឹង​គោ​ល​នយោបាយ​របស់​លោក ​ដូណាល់ ត្រាំ ​ជា​មុន​សិន មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ​។​

ពី​ភាគី​កម្ពុជា​វិញ កន្លង​មក រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​បង្ហាញ​ជំហរ​មិនព្រមទទួល​យក​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឲ្យមករស់​នៅកម្ពុជា​វិញ​ទេ ដោយ​សម្អាង​លើ​ហេតុផល​មនុស្ស​ធម៌​។ ជា​ការ​ឆ្លើយតប ​​ រដ្ឋាភិបាល​អាមេរិក បាន​​បង្កក​ទិដ្ឋាការ​ដល់​ក្រុម​មន្រ្តី​ការទូត​កម្ពុជា​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​នៅ​ស្ងៀម​ដែរ គឺ​បាន​ផ្អាក​កិច្ច​សហប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​កម្ពុជា​ក្នុង​សម័យ​សង្រ្គាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ