អានតួអត្ថបទ
កម្ពុជា-សង្គម

​ខួប​៧​ឆ្នាំ​៖ ​រាជ​វាំង​រំលឹក​ពី​នាទី​ចុង​ក្រោយ​របស់​ព្រះ​បរម​រតន​កោដ្ឋ​មុន​ពេល​យាង​ចូល​ទិវង្គត​

ខួប​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បាទ​នរោត្តម​សីហនុ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែ តុលា គំរប់​៧ឆ្នាំ ហើយ​​ស្ថាប័ន​​សំខាន់​ៗ នៅ​​កម្ពុជា​​នឹង​​គោ​រព​​ព្រះ​​វិញ្ញាណ​ក្ខន្ធ ព្រះ​បរមរតន​កោដ្ឋ នៅ​​វិមាន​​តម្កល់​​ព្រះបរម​រូប ខាង​កើត​វិមាន​ឯករាជ្យ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ទំព័រ​ហ្វេស​ប៊ុក​ព្រះ​បរាម​រាជ​វាំង បាន​ផ្សព្វ​ផ្សាយ​ពី​សំណេរ​រៀប​រាប់​ពី​ស្ថាន​ភាព​ព្រះ​រាជ​អាការ​របស់​ព្រះ​បាទ​នរោត្តម​សីហនុ មុន​ពេល​ស្តេច​យាង​ចូល​ទិវង្គត កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២​។ 

ខួប៧ឆ្នាំនៃការយាងចូលព្រះទីវង្គិតរបស់ព្រះបរមរតនកោដ្ឋ
ខួប៧ឆ្នាំនៃការយាងចូលព្រះទីវង្គិតរបស់ព្រះបរមរតនកោដ្ឋ លឿង យ៉ុងសឹង្ហ
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះ​ករុណា ព្រះ​បាទ​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​ចាប់​ផ្តើម​ចាប់​ចុក​ព្រះ​ឱរា​ព្រះ​ហទយៈ (បេះដូង) ភ្លាមៗ​ជា​បន្ទាន់​នោះ សម្តេច​ព្រះ​មហាក្ស​ត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រម​ទាំង​កូន​ចៅ​ចាំ​គាល់​បម្រើ ហ្លួង នៅ​ក្រុង​ប៉េកាំង បាន​យាង សម្តេច​ឪ ចាក​ចេញ​ពី​ព្រះ​រាជ​ដំណាក់​ទីក្រុង​ប៉េកាំង ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង​។ នេះ​បើ​បណ្តាញ​សង្គម​របស់​ព្រះ​បរម​រាជ​វាំង Royal du Cambodge បាន​សរសេរ​ដោយ​ដក​ស្រង់​នូវ​សំណេរ​របស់ សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ អំពី​អាការ ព្រះ​បាទ​នរោត្តម​សីហនុ មុន​សោយ​ព្រះ​ទិវង្គត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​ចិន​។

សំណេរ​ដដែល​ឲ្យ​ដឹង​ថា នៅ​ក្នុង​មន្ទីរ​ពេទ្យ សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ ក៏​បាន​យក​ទូរស័ព្ទ ទៅថ្វាយ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​ព្រះ​សណ្តាប់ ព្រះ​រាជ​បន្ទូល​របស់ ព្រះ​រាជ​បុត្រ ហើយ ព្រះអង្គ​ញញឹម និង មាន​ព្រះ​រាជ​ឱង្ការ ​ពីរ បី ព្រះ​ឱស្ឋ ដោយ​សារ​តែ​ព្រះ​អង្គ​ប្រឈួន​ខ្លាំង​។ នេះ​ជា​លើក​ចុង​ក្រោយ​បំផុត​នៃ​ព្រះ​ជន្ម​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​មាន​ព្រះ​រាជ​ឱង្ការ​ជា​មួយ​ព្រះ​រាជ​បុត្រ (ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហ​មុនី​)។

ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវរ​រាជបិតា ឯក​រាជ្យ បូរណ​ភាព​ទឹក​ដី និង ឯក​ភាព​ជាតិ បាន​ប្រសូតនៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​១៩២២ និង បាន​យាង​ចូល​ទិវង្គត ​កាល​ពី​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១២ នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះ​វស្សា​។

អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ អតីត​ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ​ទ្រង់​គ្រង​រាជបល្ល័ង្ករហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក ទ្រង់​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។ ​ស្នាព្រះ​ហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែលគេមិនអាច​បំភ្លេច​បាន​មួយ​ទៀត គឺ​ព្រះរាជបូជនីយ​កិច្ចទាមទារ​ឯករាជ្យ​ពី​ប្រទេសបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ