អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​ពន្យល់​​ពី​លក្ខខណ្ឌ​នៃ​ការ​បើក​​វិទ្យុ VOA និង RFA នៅ​កម្ពុជាឡើង​វិញ

រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​២៥​មករា​នេះ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដើម្បី​ពន្យល់​ពី​និតីវិធី​នៃ​ការ​បើក​ដំណើរការ​ឡើង​វិញ នូវ​ការិយាល័យ​តំណាង​វិទ្យុ​អាស៊ី​សេរី RFA និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA នៅ​កម្ពុជា​។ បើ​តាម​រដ្ឋ​មន្ដ្រី​ក្រសួង​ព័ត៌មាន ការ​បើក​ការិយាល័យ​​វិទ្យុ VOA និង RFA នៅ​កម្ពុជា​ឡើង​វិញ​បាន ល្គឹក​ណា​វិទ្យុ​ទាំង​ពីរ​នេះ គោរព​កាតព្វកិច្ច​សារពើ​ពន្ធ​ជា​មុន​សិន​។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ កាញារីទ្ធ​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សេចក្ដី​ពន្យល់​បំភ្លឺ​របស់​ក្រសួង​ព័ត៌មាន​នា​ថ្ងៃ​ទី​២៥​មករា​នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ជា​សេចក្ដី​ថ្លែងការណ៍​ដែល​គូស​បញ្ជាក់​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក បាន​ផ្ដួច​ផ្ដើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន ដោយ​ខ្លួន​ឯង​។ ហេតុ​ដូច្នេះ វិទ្យុ​ទាំង​ពីរ​នេះ ក៏​មាន​សេរីភាព​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ​បាន​ដែរ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប ក្រសួង​ព័ត៌មាន បាន​រំឭកប្រាប់​ក្រសួង​ការបរទេស អំ​ពី​វត្តមាន​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុ​អាស៊ី​សេរី នៅ​កម្ពុជា​។ បើ​តាម​ក្រសួង​ព័ត៌មាន វិទ្យុ​ទាំង​ពីរ​នេះ បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ ដោយ​ពុំ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន និង​មិន​បាន​អនុវត្ត​កាតព្វកិច្ច​ចុះ​បញ្ជី​ពន្ធដារ​ស្រប​តាម​ច្បាប់​ទេ។ ការ​បិទ​ការិយាល័យ​តំណាង​នៅ​កម្ពុជា​របស់​វិទ្យុ​ទាំង​ពីរ​នេះ ក៏​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែរ​។

ទាក់ទង​នឹង​ទៅ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស ដែល​បញ្ជាក់​ថា វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក មាន​សេរីភាព​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជា​ឡើង​វិញ, ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា អាច​ធ្វើ​ទៅ​បាន​ ល្គឹក​ណា​វិទ្យុ​ទាំង​ពីរ​នេះ គោរព​កាតព្វកិច្ច​សារពើ​ពន្ធ​ជា​មុន​សិន​។

សូម​រំឭក​ជូន​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៧។ កាល​ណោះ ​ក្រសួង​ពាក់ព័ន្ធ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ក្រោយ​រក​ឃើញ​ថា វិទ្យុ​ទាំង​ពីរ​នេះ បាន​បើក​ការិយាល័យ​របស់​ខ្លួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​។ វិទ្យុ​អាស៊ីសេរី បាន​ហៅ​ចំណាត់ការ​របស់​អាជ្ញាធរ​ដូច្នេះ ថា​ជា​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រសួង​ការបរទេស​កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល មាន​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត ក្នុង​ការ​លើក​តម្កើង​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ជា​ធរមាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ