អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

បញ្ហា EBA៖ អឺរ៉ុប​ថា នៅ​តែ​បើក​ទ្វារ​ចរចា​ជាមួយ​កម្ពុជា

ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ចន្ទ ទី​២១​មករា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោក​ស្រី Cecilia Malmstrom ក្នុង​ឱកាស​លោក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ដ្រី​ការបរទេស​អាស៊ានអឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក​។ នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ជជែក​អំពី​បញ្ហា EBA។ បញ្ហា EBA ដែល​លោក​ស្រី​​​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អះអាង​ថា អឺរ៉ុប​នៅ​តែ​បើក​ទ្វារ​ចរចា​ជាមួយ​កម្ពុជា​។

លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ឯកសារ
ផ្សាយពាណិជ្ជកម្ម

បើក​ទ្វារ​ចរចា​អំពី​បញ្ហា EBA ក៏​ពិត​មែន ប៉ុន្តែ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថា អឺរ៉ុប នៅ​តែ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​។នេះ​គឺ​ជា​អ្វី​ដែល​លោក​ស្រី Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប សរសេរនៅ​លើ​ទំព័រ​ធ្វីតធឺ​របស់​លោក​ស្រី កាល​ពី​ថ្ងៃ​ចន្ទ ទី​២១​មករា ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន​។ ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន ក៏​បាន​បញ្ជាក់​អំពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Cecilia Malstrom តាម​រយៈ​ហ្វេសប៊ុកផង​ដែរ ប៉ុន្តែ​ខ្លឹមសារ​នៃ​ជំនួប​នោះ មិន​ត្រូវ​បាន​លោក​រដ្ឋ​មន្ដ្រី​បង្ហើប​ឲ្យ​ដឹង​ទេ​។

សូម​រំឭក​បន្តិច​ថា កាល​ពី​ថ្ងៃ​ទី​០៥​តុលា​ឆ្នាំ​២០១៨​កន្លង​ទៅ លោក​ស្រី Cecilia Malstrom ស្នង​ការ​អឺរ៉ុប​សម្រាប់​វិស័យ​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ដល់​កម្ពុជា​ថា សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​សារ​តែ​គ្មាន​កែ​លម្អ​ច្បាស់​លាស់​និង​ជាក់​ស្ដែង ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ ​

ដំណើរ​ការ​នីតិវិធី​នេះ​ត្រូវ​ចំណាយ​ពេល​សរុប ​១២​ខែ ដោយ​ត្រូវ​​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល។​ ដំណាក់​កាល​ទី១ គឺ​នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ចាប់ផ្តើម​នីតិវិធី​ព្យួរ​ ប្រព័ន្ធ​អនុគ្រោះពន្ធ​។ នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈ​កម្មការ​អឺរ៉ុប​នៅ​​តែ​បើក​ទ្វារ​​ចំហ​ក្នុងការ​ជជែក​ជាមួយ​នឹង​ប្រទេស ​ដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។ ដំណាក់​កាល​ទី២ ​ដែល​មាន​រយៈពេល​ ៦​ខែ​ដែរ គឺ​ជា​ដំណាក់​កាល​នៃ​ការ​ចេញ​របាយការណ៍ និង​សេចក្តី​សន្និដ្ឋាន​ ដើម្បី​ឈាន​ទៅ​ចេញ​សេចក្តី​សម្រេច​ចុងក្រោយ​។ ការ​សម្រេច​នោះ ​ត្រូវ​ប្រើ​ពេល​៦​ខែ​ទៀត មុន​ពេល​ចូល​ជា​ធរមាន និង​ឈាន​ទៅ​អនុវត្ត​​។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា ខណៈ​វិស័យ​ឯកជន​វិញ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ លិខិត​ចុះ​ថ្ងៃ​ទី​២១​មករា​របស់​តំណាង​វិស័យ​​ឯកជន​ចំនួន​៣៩​ស្ថាប័ន​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ថា អវត្តមាន EBA ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​រាប់​លាន​នាក់ ដែល​អាស្រ័យ​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​នឹង​រុញ​ច្រានឲ្យ​​ពួក​គេខិត​ទៅ​រក​ហានិភ័យ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញថែម​ទៀត​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ