អានតួអត្ថបទ
កម្ពុជា

​ឆ្នាំ​២០១៨៖ ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​កើន​ឡើង​ដល់ ៨លាន​៥​សែន​នាក់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ផ្ដល់​សុពលភាព និង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវ​ការ​នៃ​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៨​។ លទ្ធផល​នៃ​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បង្ហាញ​ថា ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កើន​ឡើង​ដល់​៨​លាន​៥​សែន​នាក់​។

បុរសម្នាក់ កំពុងស្វែងរកឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨នេះ។
បុរសម្នាក់ កំពុងស្វែងរកឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨នេះ។ @REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​ប្រកាស​ផ្ដល់​សុពលភាព​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៨ រៀបចំ​ធ្វើ​នៅ​ទីស្ដី​ការ គជប នៅ​ថ្ងៃ​ទី​២៧​ខែធ្នូ លោក ឌុច សុន សមាជិក គជប បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រកាស​ផ្ដល់​សុពលភាព​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៨ នេះ ធ្វើ​ឡើង​ក្រោយ​ពេល គជប បិទ​បញ្ចប់​ការ​ដោះ​ស្រាយ​បណ្ដឹង​តវ៉ា​និង​បណ្ដឹង​ជំទាស់​ចប់​រួច​រាល់​។ នេះ​គឺ​ជា​ការ​ប្រកាស​បិទ​ផ្លូវ​តវ៉ា មាន​ន័យ​ថា ពលរដ្ឋ​លែង​មាន​ឱកាស​ប្ដឹង​តវ៉ា​ឬ​ជំទាស់​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ទៀត​ហើយ​។

បើ​តាម​ការ​ប្រកាស​របស់ គជប នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោតឆ្នាំ​២០១៨ ​កើន​ឡើង​ដល់​៨​លាន​៥​សែន​នាក់​ (៨,៥៤៤,៨៨៥​នាក់) ស្មើ​នឹង ៨៦,២៤% នៃ​ចំនួន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប​ដែល​មាន​ជិត​១០​លាន​នាក់​។ ក្នុង​នោះ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជិត​២​​សែន​នាក់ (១៩៥,៣៨៥​នាក់​) ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​មាន​ចំនួន​ជាង​៥​ម៉ឺន​នាក់ (៥៦,៩៤១នាក់) និង​ឈ្មោះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​កែ​តម្រូវ​ទិន្នន័យ​មាន​ចំនួន​ប្រមាណ​១​ពាន់​នាក់ (១,៥៥៣​នាក់​)។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១៨​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​។ គជប ក៏​នឹង​បញ្ជូន​បញ្ជី​ផ្លូវ​ការ​នេះ ទៅ​រក្សា​ទុក​ជា​ឯកសារ​នៅ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោត និង​នៅ​តាម​សាលា​ឃុំ សង្កាត់ ទាំង​ ១៦៤៦ ទូទាំង​ប្រទេស​។

គួរ​រំឭក​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ត្រូវ​បាន គជប រៀបចំ​ធ្វើ​រយៈ​ពេល​១៨​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ដល់​ថ្ងៃ​ទី​១៨​ខែ​តុលា​កន្លង​ទៅ​​។ បើ​តាម​ទិន្នន័យ គជប ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជិត​៥​សែន​​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៨ បន្ថែម​លើ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន​ជាង​៨​លាន​៣​សែន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ