អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ដាក់​លិខិត​ទៅ​សហភាព​អឺរ៉ុប ក្រោយ​សកម្មជន​របស់​ខ្លួន​ត្រូវ​សមត្ថកិច្ចកោះ​ហៅ​ទៅ​សាកសួរ

លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៦​ធ្នូ ម្សិលមិញ បាន​ដាក់លិខិត​ទៅ​សហភាព​អឺរ៉ុប ដោយ​ចោទ​អាជ្ញាធរ​កម្ពុជា​ថា​នៅ​តែ​គំរាម​កំហែង​សកម្មជន​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន​នៅ​កម្ពុជា​។ លិខិត​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពី​សកម្មជន​សង្គ្រោះ​ជាតិ ត្រូវ​កោះ​ហៅ​ទៅ​សាក​សួរ ដោយ​សារ​ការ​បង្ហោះ​វីដេអូ​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដី​ទី​សង្គ្រោះ​ជាតិ​។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

ការ​កោះ​ហៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សាក​សួរ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​អើពើ​លើ​ស្មារតី​នៃ​អនុសាសន៍​របស់​សហភាព​អឺរ៉ុប ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ធ្វើ​នៅ​ស្ត្រាស់បួរ ក្នុង​ខែ​កញ្ញា​ កន្លង​ទៅ​។ នេះ​បើ​តាម​លិខិត​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​។

សូម​រំឭក​ជូន​ថា កាល​ពី​សប្ដាហ៍​មុន សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ទៅ​សាកសួរ ដោយ​សារ​ការ​បង្ហោះ​វីដេអូ​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ស្មារតី​នៃ​ពាក្យ​ស្លោក សម រង្ស៊ី និង​ កឹម សុខា ជា​មនុស្ស​តែ​មួយ​។ លោក លី ម៉េងយៀង តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​គូស​បញ្ជាក់​ថា ក្រោយ​ការ​​សាកសួរ​លោក​អស់​៤​ម៉ោង ​លោកត្រូវ​បាន​សមត្ថកិច្ច​តម្រូវ​ឲ្យ​​ធ្វើ​កិច្ច​សន្យា​ឈប់​បង្ហោះ​វីដេអូ​ឃ្លីប​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៅ​ទៀត មុន​នឹង​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ក្រៅ​ពី​ចោទ​អាជ្ញាធរ​កម្ពុជា​ថា នៅ​តែ​បន្ត​គំរាម​កំហែង​សកម្មជន​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន​នៅ​កម្ពុជា លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្ដរជាតិ ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​និង​កាន់​តែ​ឆាប់​លើ​រដ្ឋាភិបាល​កម្ពុជា​។ ជា​ទណ្ឌកម្ម​ប្រឆាំង​នឹង​​មន្ដ្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាលកម្ពុជា និងអនុវត្ត​​ការ​ផ្អាក​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​សេរី​ជា​ដើម​។ បើ​តាម លោក សម រង្ស៊ី គឺ​មាន​តែ​ទណ្ឌកម្ម​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ផ្ទាល់​របស់​របប​លោក ហ៊ុន សែន ទេ ទើប​អាច​ធ្វើ​ឲ្យ​របប​នេះ​ប្រតិកម្ម​តប​វិញ​បាន​។

គួរ​ជម្រាប​ថា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​វិញ​នៅ​ឆ្នាំ​ក្រោយ សកម្មជនអតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ថ្លែង​សារ​គាំទ្រ និង​ត្រៀម​ខ្លួន​ត្រឡប់​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ លោក សម រង្ស៊ី វិញ​។ លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ដែរ ដោយ​ត្រៀម​ខ្នោះ​ដើម្បី​ទទួល​លោក សម រង្ស៊ី រួច​ជា​ស្រេច​។ លោក ហ៊ុន សែន ថា គ្មាន​ឡើយ​ការ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ