អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ម៉ាស៊ីនត្រជាក់ និងសុខភាព ៖ តើម៉ាស៊ីន​ត្រជាក់​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហៀ​សំបោរ ឈឺ​បំពង់ក ឈឺក្បាល រមាស់​ភ្នែក រមាស់​ស្បែក ... ម៉ាស៊ីនត្រជាក់ ផ្តល់​ផាសុកខ្លាំង​ណាស់​ នៅពេល​អាកាសធាតុ​ឡើង​ក្តៅខ្លាំង។ ប៉ុន្តែ​ម៉ាស៊ីនត្រជាក់ ក៏​អាច​បង្ក​ផលប៉ះពាល់ និង​ផល​រំខាន មួយ​ចំនួន។ តើ​ម៉ាស៊ីនត្រជាក់​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាងណា ?​ តើ​ត្រូវ​ធ្វើដូចម្តេច​ទើប​អាច​កាត់​បន្ថយ​ផលរំខាន​របស់​ម៉ាស៊ីន​ត្រជាក់​ចំពោះ​សុខភាព​បាន ?

ម៉ាស៊ីនត្រជាក់​អាចអាចបង្កផលប៉ះពាល់ និងផលរំខាន មួយចំនួន​ដល់​សុខភាព
ម៉ាស៊ីនត្រជាក់​អាចអាចបង្កផលប៉ះពាល់ និងផលរំខាន មួយចំនួន​ដល់​សុខភាព © Reuters
ផ្សាយពាណិជ្ជកម្ម

នៅពេល​អាកាសធាតុ​ក្តៅ ស្អុសស្អាប់​ខ្លាំង ​រក​ឃើញ​កន្លែង​មាន​ម៉ាស៊ីនត្រជាក់ ជ្រក ជា​ផាសុក​មួយ​ដែល​មិន​អាច​បរិយាយ​បាន​ទេ ! ត្រជាក់​​ស្រួល​ជាង​ក្តៅ ! នៅពេល​អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ​យើង​បាន​គេង​សម្រាក​ស្រួល និ​ងលក់​ស្កប់ស្កល់​ល្អ បាយក៏​ឆ្ងាញ់ ហើយ​មិន​សូវ​ហត់​អស់​កម្លាំង​ទៀត តែ​ភាព​ត្រជាក់​ផ្តល់​ដោយ​ម៉ាស៊ីន​ត្រជាក់ មិន​បរិសុទ្ធ​ផូរផង់​ឥត​ខ្ចោះ​ឡើយ។ ដូច​ឈ្មោះ​ដែល​បាន​ហៅ ម៉ាស៊ីន​ត្រជាក់ បាន​ធ្វើ​ឱ្យ​ខ្យល់​ក្តៅ ក្លាយ​ជា​ខ្យល់​ត្រជាក់ និង​ជា​ខ្យល់​ស្ងួត​ខ្លាំង។ បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Dr Mathieu Calafiore គ្រូពេទ្យ​ជំនាញ​ទូទៅ ខ្យល់​ស្ងួត​ដោយ​សារ​ម៉ាស៊ីនត្រជាក់​ ប៉ះពាល់​ជា​ពិសេស​ដល់​ច្រមុះ​ មាត់​ បំពង់ក ស្បែក និង​ភ្នែក ដោយ​ធ្វើ​ឱ្យ​សរីរាង្គ​ទាំងនោះ​មាន​ភាព​ស្ងួត​ខុស​ប្រក្រតី។

ម៉ាស៊ីនត្រជាក់​និង​ជំងឺ

ក្នុង​ករណី​ជួប​អាការៈស្ងួត​មាត់ ​ស្ងួត​បំពង់ក មិនបាច់​ស្វែង​រក​ថ្នាំ​បៀម ឬ​ថ្នាំ​លេប​នៅ​ឱសថស្ថានទេ ​ផ្សើម​ជាមួយ​ទឹក​មាត់ជា​វិធីសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាងគេ។ បើ​​​ភ្នែក​ឡើង​ស្ងួត ហើយ​អ្នក​មាន​ពាក់​ឡែនខុនតាក់ទៀត សូម​ប្រើ​ទឹក​សេរ៉ូមហ្វីស្យូឡូហ្ស៊ី ឬ​ទឹកភ្នែក​សិប្បនិម្មិត​ជា​ជំនួយ។

ម៉ាស៊ីនត្រជាក់​ ជាប់​ឈ្មោះ​អាក្រក់​ថា​ខាង​ធ្វើ​ឱ្យ​យើង​កណ្តាស់ ឬ​ហៀ​សំបោរ ! នេះ​ជា​ករណី​រំខាន​ ស្រាលៗ ដែល​គេ​ច្រើន​ជួប​ប្រទះ​យ៉ាង​ញឹកញាប់ តែ​ម៉ាស៊ីន​ត្រជាក់​ក៏​ជា​ដើម​ហេតុ​ បង្ក​ផលរំខាន​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ធ្វើ​ឱ្យ​មាន​ផ្សិត ប្រតិកម្ម​អាល់ឡែកហ្ស៊ី និង​ជំងឺ​បង្ករោគ​នៅ​ប្រព័ន្ធ​ច្រមុះ​ត្រចៀក​បំពង់ក។

ជា​ប្រជុំសញ្ញារោគ​​ឈឺ​ក្នុង​ផ្ទះ​ថ្ម ​ដែល​ពុំ​សូវ​មាន​នរណា​ស្គាល់​ទេ តែ​វា​អាច​កើត​ឡើង​ ដោយ​គ្រាន់​តែ​យើង​ធ្វេសប្រហែស​បន្តិច ក្នុង​ការ​ប្រើ​ម៉ាស៊ីនត្រជាក់​។ ប្រជុំ​សញ្ញារោគ​នោះ​ គឺ​ជា​រោគ​សញ្ញា​ដែល​ប្លែកៗ​គ្នា កើត​នៅ​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម នៅ​ភ្នែក លើ​ស្បែក លើញាណអារម្មណ៍ និង​ប្រព័ន្ធប្រសាទ​ចិត្តសាស្ត្រ ..។ រោគ​សញ្ញា​ដ៏​ពិបាក​ពិពណ៌នា​នេះ នឹង​បាត់​រលុប​ទៅ​វិញ​ភ្លាម នៅ​ពេល​ណា​យើង​ដើរ​ចេញ​ពី​ផ្ទះ​ ពី​បន្ទប់​ ពី​អាគារ​មាន​ម៉ាស៊ីន​ត្រជាក់។

ផ្តាសាយ រលាកពោះវៀន ក៏​អាច​ត្រូវ​បាន​ម៉ាស៊ីន​ត្រជាក់​ជា​អ្នក​ជួយ​ចម្លង​វីរ៉ុស​ ពី​ម្នាក់ទៅ​មា្នក់​បាន​ដែរ តែករណី​បែប​នេះ​វា​អាស្រ័យ​ទៅ​លើ​កត្តា​ច្រើន​យ៉ាង​ទៀត ៖ ទី​មួយ​មក​ពី​បន្ទប់​ ឬអាគារ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ តែ​គ្មាន​ប្រព័ន្ធ​ឬ​រន្ធ​ហើយ​បង្វិល​ខ្យល់។ មាន​តែ​ម៉ាស៊ីន​ការ​​បន្សុទ្ធ​ខ្យល់ ពេល​ខ្លះ​មិន​គ្រប់គ្រាន់​នឹង​បណ្តេញ​វីរ៉ុស​ដែល​ខ្លះ​អាច​ធុន​និង​រស់​នៅ​ក្នុង​ខ្យល់​បានឡើយ។ ដោយ​ទម្រង់​នៃ​វីរ៉ុស​ខ្លះ​ទៀត បូកផ្សំ​នឹង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ចម្រោះ​ខ្យល់ ​ម៉ាស៊ីន​ត្រជាក់អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជាតំណាង​ហានិភ័យ​មួយ​​​ចម្លង​ជំងឺ​ផ្តាសាយ​ឬ​រលាក​ពោះវៀន។

ម៉ាស៊ីនត្រជាក់​ជម្រក​បាក់តេរី

​ម៉ាស៊ីនត្រជាក់ អាច​បង្ក​ឱ្យ​ជំងឺ​ម្យ៉ាង​ទៀត ដែល​ជា​ជំងឺ​ធ្ងន់ធ្ងរ​ ដល់​ស្លាប់ តែជា​ករណី​ក៏​កម្រ​បំផុត។ នោះ​គឺ​ជំងឺ​រលាកសួត ដែល​បង្ក​ឡើង​ដោយ​មេរោគ​ légionelle។ ជំងឺនេះ​សម្គាល់​ដោយ​ការ​ចុះ​ខ្សោយ​នៃ​​​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ក្តៅ​ខ្លួន និងការ​​ធ្លាក់​ខ្លួន​ស្គម ឬ​ស្លាប់តែ​ម្តង ក្នុង​១០​ករណី​លើ​មួយ​រយ។ កាលពី​ឆ្នាំ​១៩៧៦ បាក់តេរី​ Légionelle ​ភ្នាក់ងារ​បង្ក​ជំងឺសួត​ធ្ងន់ធ្ងរ បាន​ចម្លង​​ជំងឺ​តាម​ម៉ាស៊ីនត្រជាក់ទៅ​លើ​មនុស្ស​ចំនួន​២២០​នាក់ ដែល​មក​ចូល​រួម​ប្រជុំ​អង្គុយ​ក្នុង​សាល​តែ​មួយ។ ៣៤​នាក់​បាន​សម្លាប់​។ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គេ​ក៏​សង្កេត​ឃើញ​មាន​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត បាន​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​ បង្ក​ឡើង​ដោយ​បាក់តេរី​ Légionelle ក្នុង​ម៉ាស៊ីនត្រជាក់​ នៅ​ប្រទេស​បារាំង។

តើ​បាក់តេរីនេះ​ចម្លង​រាលដាល​យ៉ាង​ដូចម្តេច ? បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត Dr Calafiore ​ បាក់តេរី​​ ​មាន​សមត្ថភាព​​ពង្រីកខ្លួន​បាន​យ៉ាង​រហ័ស ក្នុង​កំរិត​សីតុណ្ហភាព​ពី ២៥ទៅ​៤៣​អង្សារសេ នៅ​ក្នុង​សំណល់​ទឹក​នៃ​ប្រព័ន្ធ​​​​​ម៉ាស៊ីនត្រជាក់។ ​បើ​គ្មាន​ការ​ថែ​ទាំប្រព័ន្ធ​បង្ហូរ​ទឹក​ម៉ាស៊ីន​ត្រជាក់​ ​សម្អាត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ នោះ​បំពង់​បង្ហូរ​ទឹក​ចេញ​ពី​ប្រព័ន្ធ​ត្រជាក់ ​នឹង​ក្លាយ​ទៅ​ជា​ជង្រុក​ចិញ្ចឹម​បាក់តេរី មីក្រុប ចម្លង​មក​មនុស្ស​វិញជាក់​ជា​ពុំ​ខាន។

ម៉ាស៊ីនត្រជាក់​សម្រួលសុខភាព​​មនុស្ស​ចាស់​

ម៉ាស៊ីនត្រជាក់​មិន​មែន​ជា​វត្ថុ​ដ៏​សំខាន់​និង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​ឡើយ ! បើ​តាម​គ្រូពេទ្យ​ជំនាញ មនុស្ស​យើង​អាច​ផ្ចង់​អារម្មណ៍បាន​ល្អ​ និង​ធ្វើការពេញកម្លាំង ​ក្នុង​អាកាសធាតុធម្មជាតិ​។ ​តែ​ម៉ាស៊ីន​ត្រជាក់​ក៏អាច​​ល្អ និង​ជួយ​ដល់​មនុស្ស​ចាស់ ដែល​នៅ​ពេលចូល​ដល់​វ័យ​ជរា ប្រព័ន្ធ​បញ្ចេញ​ញើស​លែង​សូវ​ដំណើរការ​ល្អ​ ហើយ​លែង​សូវ​ដឹង​ចេះ​ស្រេក​ទឹក។ ដូច្នេះ​ ក្នុង​​ពេលមាន​អាកាសធាតុ​ឡើង​​ក្តៅ​ខ្លាំង​ មនុស្ស​ចាស់​ងាយ​នឹង​​ជួប​គ្រោះ​ខ្សោះ​ទឹក រហូត​ដល់​ស្លាប់​ដោយ​មិន​ដឹង​ខ្លួន។

ម៉ាស៊ីន​ត្រជាក់​ ក៏អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​រស់​នៅទីក្រុង ដែល​មាន​ខ្យល់​បរិយាកាស​ពុល​ខ្លាំង​។ ក្រៅ​អំពី​ធ្វើ​ឱ្យ​ខ្យល់​ត្រជាក់ តម្រង​ម៉ាស៊ីន​ត្រជាក់​ក៏​អាច​ច្រោះ​ជាតិ​ពុល​មក​ពី​ក្រៅ​ផ្ទះ​។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត Dr Michelle Bell សាស្ត្រាចារ្យ​ផ្នែក​សុខភាព​បរិស្ថាន​នៅ​សកលវិទ្យាល័យ​Yale។ ការសិក្សា​នៅ​ឆ្នាំ​២០០៩ បាន​បង្ហាញ​ថា បន្ទប់​ដាក់​​ម៉ាស៊ីន​ត្រជាក់ដែល​មាន​ការ​ថែទាំ​ ដោយ​ត្រឹមត្រូវ គោរព​តាម​ក្បួន​ខ្នាត​អនាម័យសុខភាព​សាធារណៈ ​ មានខ្យល់​ពុល​តិច​ជាង​​បន្ទប់​បើក​ទ្វារ​បង្អួច​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ក្រុម​គ្រូពេទ្យ​បាន​យល់​ព្រមគ្នា ផ្តល់​អនុសាសន៍ ឱ្យ​អ្នក​ប្រើប្រាស់ បើក​ទ្វារ​បង្អួច​ផ្ទះ ឱ្យ​ខ្យល់​ចេញ​ចូល​នៅពេល​ព្រលឹម ឬព្រលប់ ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ពី​១៥​ទៅ​២០នាទី​ក្នុង​មួយ​ថ្ងៃ។​

របៀបប្រើ​ម៉ាស៊ីន​ត្រជាក់​ដោយគ្មាន​គ្រោះថ្នាក់

ម៉ាស៊ីនត្រជាក់​ជា​វត្ថុ​បំពុល​បរិស្ថាន​ និង​ស្រូប​ថាមពល​ខ្លាំងណាស់។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា ម៉ាស៊ីន​ត្រជាក់​ស៊ី​ភ្លើង​អស់​ប្រមាណ​១០%​នៃ​​ការ​ប្រើ​ថាមពលអគ្គីសនី​នៅ​លើ​ពិភពលោក។ ​គេ​មិន​អាច​បន្ទោស​ និង​ទម្លាក់​កំហុស​គ្រប់​បែប​យ៉ាង​ដាក់​ម៉ាស៊ីន​ត្រជាក់​​ ដែលពិភពលោក​ត្រូវ​ការ​ការ​ប្រើប្រាស់​កាន់​តែ​ទូលំទូលាយ​ នោះ​ឡើយ។ ជាញឹកញយ​ ឥទ្ធិពល​អាក្រក់​របស់​ម៉ាស៊ីន​ត្រជាក់​មក​លើ​សុខភាព ច្រើន​តែ​បង្ក​ឡើង​ដោយ​កង្វះ​ថែទាំសម្អាត​ម៉ាស៊ីន​នោះ​មិន​បាន​ត្រឹម​ត្រូវ។ ដូច្នេះ​ដើម្បី​បញ្ចៀស​ផលវិបាក​តូច ឬ​ធំ គេ​មិន​ចាំ​បាច់​ទៅ​គាល់​កកាយ​រក​គម្ពី​ណា​ឆ្ងាយ​ឡើយ។

សូម​ប្រើ​ម៉ាស៊ីនត្រជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ !

-ហាម ​កំរិត​សីតុណ្ហភាព​​ម៉ាស៊ីនត្រជាក់ ឱ្យ​ត្រជាក់​ខ្លាំង ក្រោម​២១​អង្សារសេ។ មិន​ត្រូវ​ឱ្យ​​សីតុណ្ហភាព​ខាង​ក្នុង​ខុស​ឆ្ងាយ​ពីកម្តៅ​ខាង​ក្រៅ​លើស​ពី​១០​អង្សារ។ បើ​រក្សា​ភាព​ត្រជាក់​ ត្រឹម ៥-៦​អង្សារ ក្រោម​សីតុណ្ហភាព​ខាង​ក្រៅ​គឺ​ជា​ការ​ប្រសើរ​បំផុត។ សរីរាង្គ​មនុស្ស​យើង​ងាយ​នឹង​រង​ការ​ប៉ះទង្គិច​ណាស់ នៅពេល​មាន​ការ​ប្តូរផ្លាស់​អាកាសធាតុ និង​គម្លាត​សីតុណ្ហភាព​ឆ្ងាយ​គ្នា​ពេក ដែល​ហៅ​តាម​​ភាសា​បារាំងថា Choc Thermique ឆក់​កម្តៅ។ អាការៈ​បែប​នេះ​​អាច​នឹងធ្វើ​ឱ្យ​យើង​​សន្លប់​បាត់​ស្មារតី​ ឬ​គាំង​បេះដូង​ ក្នុង​ករណី​ធ្ងន់ធ្ងរខ្លាំង។

-ព្យាយាម​ ថែទាំ លាង​សម្អាត ឬ​ប្តូរ​កញ្ច្រែង​ម៉ាស៊ីន​ត្រជាក់​ ជូត​ចម្រាស​ទឹកសំណល់​ម៉ាស៊ីន​ត្រជាក់ ដោយ​ខ្លួន​ឯង​ឬ​ដោយ​អ្នក​ឯកទេសម៉ាស៊ីនត្រជាក់ យ៉ាង​ហោចណាស់​ក៏​មួយ​ឆ្នាំ​ម្តង ដើម្បី​ជម្រុះ​ផ្សិត ធូលី ឬ​លំអងផ្សេង​ ចម្លង​ខ្យល់​ត្រជាក់​ទៅ​ជា​ខ្យល់​មាន​មេរោគ។

-កុំ​បញ្ចាំង​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ចំ​មុខ ជា​ពិសេស​នៅក្នុងរថយន្ត សូម​កាច់​ទិស​ខ្យល់​ឱ្យ​បាញ់​ទៅ​ចុងជើង។ ពេលខ្យល់​ចាប់​ត្រជាក់​ហើយ ក៏​ត្រូវ​រក្សា​ទិស​ម៉ាស៊ីន​ត្រជាក់​ទៅជើង ដដែល ដើម្បី​កុំ​ឱ្យ​ខ្យល់​នេះបាញ់​ត្រង់​ទៅ​ប៉ះ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដែល​ក្លាយ​ជា​បញ្ហា​ស្ងួត​ ឬរលាក។ ចំពោះ​កំរិត​សីតុណ្ហភាព​វិញ ត្រូវ​ទាប​ជាង​កម្តៅ​នៅ​ក្រៅឡាន​តែ​ប្រមាណ​៤-៨​អង្សារ។ បិទ​ម៉ាស៊ីន​ត្រជាក់​ឡាន ប្រមាណ​ជា​១០​ទៅ​១៥​នាទី​ មុន​ពេល​ទៅ​ដល់​ទិសដៅ។

-បញ្ចុះ​សីតុណ្ហភាព​ត្រជាក់ ឱ្យ​ទាប​ជាង​កម្តៅ​ខាង​ក្រៅ​ ៨​អង្សារ យ៉ាង​ច្រើន​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ