អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ញៀនល្បែងវីដេអូ ជាជំងឺ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សុខភាពពិភពលោក បាន​​ចុះ ការញៀន​ល្បែង​វីដេអូ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ជំងឺ​ នៅ​ខែ​មិថុនា ២០១៨​ ​នេះ។ នេះ​ជា​ករណី​ទីមួយ ! សម្រាប់​អង្គការ​សុខភាព​ពិភពលោក ការ​ប្រព្រឹត្ត​លេង​ល្បែង​វីដេអូ ជា​បញ្ហា​ខួរក្បាលពិតៗ។ អង្គការ​បាន​បង្ហាញ​ឯកសារការងារ​ ​តាំ​ងពី​ចុង​ឆ្នាំ​២០១៧​មក បញ្ជាក់​អំពើ​សំណើ​ចុះ​បញ្ជី​ ញៀន​ល្បែង​វីដេអូ ជា​ជំងឺ។ ដូចម្តេច​ដែលហៅ​ថា​ជំងឺ​ញៀន​ល្បែង​វីដេអូ ? ជំងឺ​នេះ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ ?

អង្គការ​សុខភាព​ពិភពលោក បាន​ចាត់​បញ្ចូល​ការ​ញៀន​ល្បែង​វីដេអូ​ជា​ជំងឺ
អង្គការ​សុខភាព​ពិភពលោក បាន​ចាត់​បញ្ចូល​ការ​ញៀន​ល្បែង​វីដេអូ​ជា​ជំងឺ Thomas SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

ញៀន​ល្បែង ជា​ពាក្យ​មួយ​ដ៏​ស្មុគស្មាញ ពិបាក​យល់​ខ្លាំងណាស់ ! តាំង​ពី​ដើម​មក ​ល្បែង ដែល​រាប់​ ​ថា​អាច​មាន​លក្ខណៈ​ញៀន ដរាប​ណា​តែ​ជា​ល្បែង​មាន​ភ្នាក់​ ឬ​បើ​តាម​ពាក្យ​សាមញ្ញខ្មែរ គឺ​ល្បែង​ស៊ីសង ដែល​ឪពុកម្តាយ​ជីដូន​ជីតា ផ្តាំផ្តាច់​មិន​ឱ្យ​សាក​ល្បង​ព្រោះ​ខ្លាច​លុង​ខ្លួន ងប់​នឹង​ល្បែង​ពាលា។ ចំពោះ​ពាក្យ​ថា​ ​ញៀន គឺ​ច្រើន​តែ​សំដៅ​ទៅ​លើ​ការ​ញៀន សុរា ញៀន​អាភៀន គ្រឿងញៀន ...

នៅថ្ងៃទី ១៨ មិថុនា ២០១៨ ពិភពលោក​បាន​រាប់​ឃើញ​មាន​ជំងឺ​ថ្មី​មួយ​ទៀត នោះ​គឺជំងឺ​​ញៀនល្បែងវីដេអូ។ សម្រាប់​អង្គការ​សុខភាព​ពិភព​លោក ការ​ញៀន​ល្បែង​វីដេអូ គឺ​ជា​ជំងឺ​ផ្លូវចិត្ត​ ដ៏ពិតៗ ដោយ​បាន​ប្រមូល​ ​ភស្តុតាង ឯកសារ​ការងារ​ជាច្រើន​ សុំ​កត់​ត្រា​បញ្ចូល​ ការ​ញៀន​ល្បែងវីដេអូ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​​ជា​ប្រភេទ​ជំងឺអន្តរជាតិ​មួយ​ ​តាំង​ពី​ឆ្នាំ​២០១៧​មក។ នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០មក ដែល​អង្គការ​សុខភាព​ពិភពលោក បាន​សើរើ​បញ្ជី​ឈ្មោះ​ជំងឺផ្លូវចិត្ត​និង​ឥរិយាបថ។

​ញៀន​ហ្កេម ​ជា​ជំងឺដែល​គ្មាន​ផ្តល់​​និង​បង្ហាញ​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់ ! ​នេះ​បើ​តាម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ចំនួន​ធំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មិន​ខ្វះ​ឡើយ ការ​ចោទ​សំណួរ និងការ​សិក្សា​ប្រឆាំង ​បញ្ជាក់​សួរ​ថា​តើ ការ​ញៀន​ល្បែង​វីដេអូ ពិត​ជា​ជំងឺ ឬ​គ្រាន់​តែ​ជា​ប្រឌិត ?

សម្រាប់​អង្គការសុខភាព​ពិភពលោក ជំងឺ​ញៀន​ហ្កេម ត្រូវ​បាន​កំណត់​ តាម​រយៈ​ឥរិយាបថ បែប​ស៊ូខ្លាំង និង​ប្រឹង​ខ្លាំង ​របស់​អ្នកលេង មិនថា​ល្បែង​វីដេអូ​នោះ​ជា​ល្បែង​អនឡាញ ឬ​អុហ្វឡាញ​ទេ។

ដើម្បី​អាច​ចាត់​ទុក​​ ជន​ណា​ម្នាក់ ថា​​មាន​ធ្លាក់​ខ្លួនកើត​​ជំងឺ​ញៀន​ល្បែង​វីដេអូ អង្គការ​សុខភាព​បាន​កំណត់ រោគ​សញ្ញា ធំៗ​បី ៖

  • កាត់​បន្ថយ​ការ​គ្រប់គ្រង​ឥរិយាបថរបស់​ខ្លួន​នៅ​ពេល​លេង​ល្បែង​ (លែង​ដឹង​ពេល​ម៉ោងចាប់​ផ្តើមដែល​គួរ​លេង ឬ​មិន​គួ​រ ​ លែង​គិត​គូរ​អំពី​ចំនួន និង​ចង្វាក់​នៃ​ការ​លេង លែង​សូវ​ខ្វល់​ខ្វាយ​នឹង​រយៈ​ពេល​លេង លែង​ដឹង​ម៉ោង​បញ្ចប់ និង​លែង​ស្គាល់​កាលៈទេសៈ)
  • ផ្តល់​អាទិភាព​ដល់​ការ​លេង​ល្បែង​វីដេអូ ច្រើន​ជាងសកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង​ផលប្រយោជន៍​ផ្សេង​ទៀត​នៃ​ជីវិត។
  • បន្ត​លេង​ បើ​ទោះ​បី​ជា​ដឹង​ថា​មាន​ផលវិបាក​​អវិជ្ជមាន

ជា​ចុងក្រោយ​ សូម​ចង​ចាំ​ថា​ មិន​មែន​រយៈ​ពេល​លេង​ទេ ដែល​កំណត់​ថា​ជន​ណា​ម្នាក់​ជា​ញៀន​ល្បែង​វីដេអូ ឥរិយាបថ​នោះ​ត្រូវ​មាន​លក្ខណៈធ្ងន់ធ្ងរ​ខ្លាំង ដល់​ថ្នាក់​ផ្តាច់​ ឬ​បាត់​បង់ទំនាក់ទំនង​ជាមួយ​គ្រួសារ សង្គម ការ​សិក្សា ការងារ ឬ​សកម្មភាព​ផ្សេង​ទៀត។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក គេ​អាច​រាប់​ការ​ញៀន​ហ្កេម​ជា​ជំងឺ​បាន លុះ​ណា​តែ​បុគ្គល​នោះ មាន​អាការៈ​ឬ​ឥរិយាបថ​មិន​ប្រក្រតី​ ដូច​រៀប​រាប់​ខាង​លើ​ រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ។

ល្បែង​វីដេអូ ជា​ហ្កេម​ដ៏​ពេញ​និយម​របស់​ក្មេង​ អាយុ​ពី​១០-១៥​ឆ្នាំ​ និង​ភាគ​ច្រើន​ជា​ក្មេង​ប្រុស។ ប៉ុន្តែ​មនុស្ស​ធំ​ពេញ​វ័យ មិន​ទាន់​សូវ​ចាស់ ឬ​ចាស់​ហើយ ក៏​មាន​ងប់ និង​ញៀន​នឹងហ្កេម​នេះ​ច្រើន មិន​ចាញ់​ក្មេង​ប៉ុន្មាន​ឡើយ។ ល្បេង​វីដេអូ គឺ​ជា​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស​បំផុត​នៅក្នុង​សង្គម ព្រោះ​ថ្វី​បើ​ក្រុមគ្រូពេទ្យ​ចិត្តសាស្ត្រ​យល់​ថា​ជា​បញ្ហា ចាត់​ទុក​ជា​ជំងឺ ជា​គ្រឿង​ញៀន ផ្តាច់​មនុស្ស​ពី​ជីវិត​ពិត​ជាក់​ស្តែង អ្នក​​ខ្លះ​ទៀត យល់​ថា​ល្បែង​ខ្លះ ក៏​មាន​ផ្តល់​ផលវិជ្ជមាន ជួយ​ដាស់​សតិ​បញ្ហា​មនុស្ស​ឱ្យ​រវាសរវៃ ចេះ​មាន​យុទ្ធសាស្ត្រ​ ... ​តើ​មានន័យ​ថា ល្បែង​វីដេអូ​នេះល្អ​ ល្បែង​វីដេអូ​នោះ​​ ឆាប់ផ្តល់​ការ​ញៀន​ជាង​ឬ ?!

លោក​វេជ្ជបណ្ឌិត Michaël Stora គ្រូពេទ្យ​ឯកទេស​ចិត្តសាស្ត្រ និង​រោគចិត្ត នៃ​វិទ្យាស្ថានVirtuel

« គេទំនង​ជា​​ត្រូវ​ចាប់​ផ្តើម​ព្រួយបារម្ភ​នៅ​ពេល​ណា ដែល​អ្នក​ងប់​នឹង​ល្បែង​ចាប់ផ្តាច់​ខ្លួន​ពី សង្គម​ ពី​សង្គម​គ្រួសារ ! មិន​មែន​គិត​តែ​អំពី​ចំនួន​ពេល​ម៉ោង​ លេង​ល្បែង​តែ​មួយ​មុខ​នោះ​ឡើយ។ ព្រោះ​ថា​ជើង​ឯក​ផ្នែក​ហ្កេម គាត់អាច​ជួន​កាលលេង​ប្រកួត​គ្នា​ដល់​ទៅ​៤០ម៉ោង​ជាប់​ក៏​មាន​ដែរ។ ប៉ុន្តែ​ចំពោះ​ក្មេង​ជំទង់​ គេ​អាច​ចាត់​ទុក​ថា​មាន​ការ​ងប់​ ញៀន​នឹង​ល្បែង នៅពេល​ណា​ដែល​ក្មេង​នោះ​ដល់​ថ្នាក់​គេច​សាលា មិន​ចេះ​ធ្វើ​អ្វី ផ្សេង​ ក្រៅ​តែ​អំពី​លេង​ហ្កេម។ អាច​ហៅ​ថាជា​ជំងឺ​ញៀន​បាន​ លុះ​ណា​តែ ជន​នោះ​បាន​ងប់​លេង ក្នុង​ទម្រង់​ជា​ការ​ងប់ងល់​ តស៊ូ ស្វិតស្វាញ​។ ​ល្បែង​ដែល​ធ្វើ​ឱ្យ​ក្មេង​ញៀន​ខ្លាំង​បំផុត​នោះ គឺ​ការ​លេង​ល្បែង​តាម​អ៊ីធ័រនែត ភ្ជាប់​បណ្តាញ​ជាប់​រហូត។ ល្បែង​អនឡាញ​អាច​ល្អទេ ប៉ុន្តែ កម្មវត្ថុ​នៃល្បែង បាន​ជំរុញ​ឱ្យ​ក្មេង​ កាន់​ជក់​ឡើងៗ ចង់​ឈ្នះ ​ ព្រោះ​ជាពិភព​ដែល​គ្មាន​ទី​បញ្ចប់​ ...

គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​ញៀន​បំផុត​ច្រើន​តែ​ជា​ក្មេង​ឆ្លាត ចេះ​​មុន​អាយុ​ ក្មេង​ដែល​បាន​ទទួល​ការអប់រំ បណ្តុះ​បណ្តាល​ឱ្យ​ចេះ​តែ​ចង់​ឈ្នះ​ ឱ្យ​ពូកែ​ជាងគេ ខ្លាំង​ជាងគេ ...

ប៉ុន្តែ​ទោះ​ករណី​ណា​ក៏​ដោយ ក៏​ដំណោះស្រាយ​នៅ​តែ​មាន។ សូម​ចងចាំ​ថា ការ​ញៀន​ល្បែង​វីដេអូ ញៀន​ហ្កេមលើ​​អេក្រង់ ។ល។ និង។ល។ ក៏​មាន​ការ​ព្យាបាល​ផ្តាច់វា​​ដែរ។ នៅ​ពេល​ព្យាបាល​នោះការ​ញៀន​ហ្កេម​នោះ ក្មេង​អាច​ ​ មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​មួយ​រំពេច ក្លាយ​មនុស្ស​មាន​ចរិតកាច សាហាវ មាន​ន័យ​ថា​ក្មេង​នោះ​រក​ទុក្ខវេទនា​ក្នុង​ចិត្ត​ខ្លាំងណាស់ ។ ជា​ការ​ព្យាបាល​ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ឈ្មោះ​ថា Hier et l’expérience ដោយ​ត្រូវ​ធ្វើ​ការ​ផ្តាច់​ល្បែង​វីដេអូ​ រយៈ​ពេល​មួយ​សប្តាហ៍ បន្ទាប់​មក​ត្រូវ​បន្ត​តាមដាន​រយៈ​ពេល​១១​ខែ ដើម្បី​ជួយ​អ្នក​ញៀន​នោះ​ឱ្យ​បានស្គាល់​ភាព​រីករាយ​ និង​ស្គាល់​តម្រូវការ​នៃ​រាងកាយ​​ នៃ​ជីវិត​ពិតរបស់​ខ្លួន។ »

អ្នក​ជា​ឪពុក​ម្តាយ​ មាន​តួនាទីសំខាន់​ណាស់ ក្នុង​កិច្ចការពារ​កូន​ទល់​នឹង​ការ​ញៀន​ល្បែង​ ប៉ុន្តែ​ក៏​ត្រូវ​ប្រឈម​នឹង​ភារកិច្ច​ដ៏​លំបាក​មួយ គឺ​ការ​ត្រូត​ពិនិត្យ​និង​គ្រប់​គ្រង​ពេល​វេលា​លេង​ហ្កេម។ លេង​ហ្កេម តាម​ប្រព័ន្ធ​អ៊ីនធ័រណែត លើស​ពី​១៥ម៉ោង ចាត់ទុក​ថា​ជ្រុលហួសហេតុ -៣០​ម៉ោង​ក្នុង​សប្តាហ៍ ​ថា​ជា​​ជំងឺ​ញៀន​ហ្កេម​ហើយ។​ ដូច្នេះ​អ្នកជា​ឪពុកម្តាយ​ត្រូវ​ភ្ជាប់​ទំនាក់ទំនង រក​ពេលវេលា​ជជែក​ពិភាក្សា​ជាមួយ​កូន​ឱ្យ​បាន​យល់​អំពីផលវិជ្ជមាន​ និង​ហានិភ័យ​នៃ​ការ​ញៀន​ល្បែង​វីដេអូ។ ការ​ចេះ​ជ្រើសរើស​ល្បែង​ជាមួយ​កូន ដើម្បី​ឱ្យ​ស្រប​ជាមួយ​អាយុ​របស់​កូន​ជា​ដំណោះស្រាយ​មួយ និង​ជា​ចុង​ក្រោយ​អ្នក​ជា​ឪពុកម្តាយ​ត្រូវ​ចេះ​ប្រើ​អំណាច​សម្រេចចិត្ត​ថា​ ពេល​ណាម៉ោងណា រយៈ​ពេល​ប៉ុន្មាន​កូន​អាច​លេង​ហ្កេម​បាន។ នៅក្នុង​កម្មវិធី​សុខភាព​របស់​យើង​មុនៗ ក៏​មាន​រៀប​រាប់​និង​ពន្យល់​បញ្ជាក់​អំពី​របៀប​ប្រើប្រាស់​អេក្រង់ និង​ការលេង​ហ្កេម​ របស់​ក្មេង ពី​អាយុ​បី​ឆ្នាំ​ទៅ​១២​ឆ្នាំ។ ក្មេង​អាយុ​ក្រោម​ពីរ​ឆ្នាំ គួរ​តែ​ត្រូវ​បាន​រស់​ឆ្ងាយ​អំពី​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន។

វិធីទប់ស្កាត់​ការ​ញៀន​ល្បែងវីដេអូ

វីដេអូ​ហ្កេម ជា​ល្បែង​លេង​សម័យ​ថ្មី សម័យ​អ៊ីនធ័រនែត ដែល​មិន​អាច​បដិសេធ​ធ្វើ​មិន​ដឹង​មិន​ស្គាល់​បាន​ឡើយ ! ល្បែង​វីដេអូ គឺ​ជា​បញ្ហាសុខភាព​សាធារណៈ​​ពិតៗ ដែល​អាច​ជះ​ជា​​ផលវិបាកផ្នែក​អាកប្បករិយា ​ដល់​​គ្រួសារ ក្នុង​សង្គម ផ្លូវ​ចិត្ត ហិរញ្ញវត្ថុ និង​ផលវិបាកផ្នែក​សិក្សា។ ប៉ុន្តែ​គេ​មិន​អាច​ម៉ៅ​ថា​ល្បែងវីដេអូ សុទ្ធ​តែ​អាក្រក់ និងធ្វើ​ឱ្យ​កើត​រោគ​ងប់​ញៀនឡើយ​ ប្រសិន​បើ​គេ​ចេះ​យក​ល្បែង​វីដេអូ​មក​ប្រើ​ដើម្បី​ចម្រើន​បញ្ញា​កូន។ ​នេះ​ជា​ដំបូន្មាន​៥​យ៉ាង ដើម្បីទប់​ស្កាត់​ភាព​ញៀន​ល្បែង​វីដេអូ ៖

ទី​មួយ មិន​ត្រូវ​ចេញ​បម្រាមហាមឃាត់​កូន​ទាំង​ស្រុង​ទេ ៗ ! ក្មេង​សម័យ​ថ្មី​ចេះ​និង​ស្គាល់​អេក្រង់​ ទូរស័ព្ទ​ អ៊ីនធ័រនែត និង​ហ្កេម​ច្បាស់​ណាស់ បើ​ហាម​នៅ​ផ្ទះ គេ​នឹងអាច​លួច​លេង​នៅ​សាលា ជាមួយ​មិត្ត​ភក្តិ នៅ​តូប​ហ្កេម។ ទីពីរ​ អ្នក​ជា​ឪពុកម្តាយ ក៏​គួរ​តែ​រៀនលេង​ដែរ​ដើម្បី​ឱ្យស្គាល់​ហ្កេម​នោះ ទើប​ងាយ​លើ​ក​អំពី​ចំណុច​ល្អ​និង​អាក្រក់ ហើយ​និយាយ​ពន្យល់​កូន​ឈ្នះ បញ្ជាក់​ថា​យើង​ជា​ម្តាយ​ឪពុក​មិន​មែន​ល្អ​ មិន​ដឹង​អី​ឡើយ​។ បើ​អាច​ចំណាយ​ពេល​លេង​ជាមួយ​កូនបាន​ទៀតកាន់​តែ​ប្រសើរ​ ព្រោះ​អ្នក​ជា​ឪពុកម្តាយ​ស្ថិត​នៅ​ជិត​កូន​ជានិច្ច​ ស្រួល​អូស​ទាញ​កូន​មក​វិញ កុំ​ឱ្យ​ជ្រុលជ្រួសទាន់។ ដាក់​វិន័យ​កំណត់​ពេល​ម៉ោង​លេង​ ឱ្យ​បាន​សមស្រប អាច​ធ្វើបាន និង​ ទៅតាម​វ័យ ទៅ​តាម​ពេល​វេលា ពេល​សម្រាក​វិស្សមកាល ពេល​បាន​ទទួល​លទ្ធផល​សិក្សា ពិន្ទុ​ល្អ ... ជជែក​លេង​ជាមួយកូន អំពី​ល្បែង​វីដេអូ​នោះ ដើម្បី​កុំ​ឱ្យ​កូន​ផ្តាច់​ខ្លួន​ចេញ​ពីសង្គម​គ្រួសារ​ និង​បាន​យល់​ពីកូន។ ស្វែង​យល់​ថាហេតុអ្វី​បាន​ជា​កូន​ចូលចិត្ត​ល្បែង​វីដេអូ មក​ពី​អត់​ពួក​ម៉ាក មានបញ្ហា​ផ្លូវចិត្ត មិន​ទុក​ចិត្ត​ខ្លួន​ឯង ខ្វះ​ភាព​កក់​ក្តៅ។ ​ជា​ចុងក្រោយ​ ផ្តល់អាទិភាព​ដល់​សកម្មភាព​កីឡា និង​លំហែ​នៅ ក្រៅ​ផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ