អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

រុស្ស៊ី លើក​លែង​ពន្ធ​នាំ​ចូលទំនិញ ពី​កម្ពុជា ចំនួន ៣ ពាន់ មុខទំនិញ

ចាប់​ពី​ឆ្នាំ ២០១៧ តទៅ សហភាព​រុស្ស៊ី សន្យា​ថា​នឹង​នាំ​ចូល​ផលិតផល​ប្រមាណ​ជា ៣ ពាន់ ពី​កម្ពុជា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ពន្ធ​នាំ​ចូល​សូន្យ។ កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ទំនិញ​ជា​អាទិភាព​ដែល​កម្ពុជា នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេសរុស្ស៊ី មាន​ដូចជា ផលិតផលកសិកម្ម អង្ករ ស្ករ និងកៅស៊ូ ជា​ដើម។ ក្រៅតែពីក៏ ភាគី​ទាំង​ពីរ រំពឹង​ថា​នឹងមាន​ជើង​យន្ត​ហោះ​ត្រង់​ពីរស្ស៊ី (រដ្ឋធានីម៉ូស្គូ) មកកម្ពុជា (ក្រុងព្រះសីហនុ) បន្ទាប់ពីសេចក្តី​សម្រេច​ជា​ផ្លូវ​ការ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរស្ស៊ី។

អង្ករជាអាហារចំបាច់របស់ប្រជាពលរដ្ឋខ្មែរកំពុងឡើងថ្លៃជាងទំនិញដទៃទៀត៕
អង្ករជាអាហារចំបាច់របស់ប្រជាពលរដ្ឋខ្មែរកំពុងឡើងថ្លៃជាងទំនិញដទៃទៀត៕ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង លោកស្រី តឹករ៉េត កំរង រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង លោក ឌីមីទ្រី ស្វេតកូវ​ ឯក​អគ្គរដ្ឋ​ទូត​សហព័ន្ធ​រុស្ស៊ី ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី ២៨ ធ្នូ កន្លង​ទៅ រុស្ស៊ី​បាន​យល់​ព្រម​តាម​សំណើរ​របស់​ភាគី​កម្ពុជា ក្នុង​ការ​លើក​លែង​ពន្ធ​នាំចូល​ទៅ​កាន់​ប្រទេស​មហា​អំណាច​មួយ​នេះ។​

កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា នេះ​ជា​សញ្ញាណ​វិជ្ជមានសម្រាប់​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​រុស្ស៊ី និង ការ​វិនិយោគ របស់​ប្រទេស​ទាំង​ពីរ​។ អ្នក​នាំ​ពាក្យ​រូប​នេះ ទទួល​ស្គាល់​ថា ទំនិញ​ចំនួន ៣ ពាន់ មុខ នេះ​ មាន​បរិមាណ​ច្រើន ក៏ប៉ុន្តែ នេះ​ជា​មហិច្ឆតា របស់​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ឆ្នាំ ២០១៦ ក្រៅ​ពី​តែ​ពី​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ផលិត​ផល​កម្ពុជា ទៅ​សហភាព​រុស្ស៊ី ក៏​មាន​ផង​ដែរ កាល​ពី​ខែ តុលា កន្លងទៅ ​វៀតណាម ​ បាន​យល់​ព្រម​ផ្តល់​ភាព​អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​ដូច​គ្នា​នូវ​មុខ​ទំនិញ​ចំនួន ៣៩ ដល់​ភាគី​កម្ពុជា​ក្នុង​នោះ​មាន​អង្ករ​ចំនួន ៣០ ម៉ឺន​តោន​រៀងរាល់​ឆ្នាំ និង​សន្លឹក​ថ្នាំ​ជក់​ស្ងួត ៣ ០០០ តោន​សម្រាប់​ឆ្នាំ ២០១៦-២០១៧។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​ទាំងពីរ គ្រោង​នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ឱ្យ​កើន​ដល់​៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​ខាង​មុខ​។

ដោយឡែក ក្នុង​ឆមាស​ទី​មួយ ឆ្នាំ ២០១៦ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ប្រកាស​ការ​ពង្រីក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ក្នុង​ពិភពលោក។ ដោយ​គ្មាន​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ជា​ច្រើន។

ការ​ពង្រីក​ប្រព័ន្ធ​នេះ​មិន​ត្រឹមតែ​ផ្ដល់​អោយ​កម្ពុជា នូវ​លទ្ធភាព​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ដែល​មាន​តម្លៃ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​លើក​ទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ក្នុង​ផ្នែក​ថ្មីៗ​នៃ​ផលិតកម្ម​ដែល​ផ្ដល់​ការ​ចំណេញ​ទៀត​ផង។

ដោយឡែក កាលពីដើមខែ​ កក្កដា វិញ ស.រ.អា.បាន​ប្រកាស​អំពី​ការ​អនុគ្រោះ​ពន្ធលើ​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា​ជា​ច្រើន​ប្រភេទដូច​ជា​វ៉ាលីស ​កាបូប​ស្ពាយ ​កាបូបដៃ​ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ​នឹង​អាច​នាំ​របស់​ទាំងនេះ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។​

ចំណែក ប្រទេស​ចិន ​នឹង​បង្កើន​កម្រិត​កូតា​នាំចេញ​សម្រាប់​ស្រូវអង្ករ​កម្ពុជា ឲ្យ​បាន​រហូត​ដល់២០​ម៉ឺន​តោន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧។   ភាគី​ចិន ​នឹង​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ផ្តល់​ការ​អនុគ្រោះ​ពន្ធគយ​ក្នុង​កម្រិត​រហូត​ដល់ ​៩៧​ភាគរយ នៃ​ខ្សែ​បន្ទាត់​ពន្ធគយ​សរុប​ក្រោម​ក្របខ័ណ្ឌ​អនុគ្រោះ​ដោយ​ឲ្យ​រួច​ពន្ធគយ ​និង​គ្មាន​កូតា​កំណត់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ កម្ពុជា និងចិន បាន​ដាក់​ចេញ​ទិស​ដៅ​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ២០១៧​ខាង​មុខ​៕

ដោយ​ឡែក ផលិតផល​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា ចូល​ទៅ​លក់​ក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប ត្រូវ​បាន​អនុគ្រោះ​ពន្ធ​ទាំងអស់ លើក​លែង​តែ​គ្រឿង​សព្វាវុធ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ ២០១៦ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា កើន​ដល់​១០.៦ពាន់​លាន​ដុល្លារ។ ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម ឆ្នាំ ២០១៦ នេះ ដោយសារ​តែ​មាន​ការ​កើន​ឡើង​នូវ​ការ​នាំ​ចេញ​ទំនិញ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង និង​ក​សិ​-​ឧស្សាហកម្ម ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ