អានតួអត្ថបទ
កម្ពុជា

សប្ដាហ៍​ទី​ ៣៤​ នៃ​ឆ្នាំ ២០១៦ ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ប្រមាណ ៥%

ជំងឺ​គ្រុន​ឈាម មាន​ការ​កើន​ឡើង​ក្នុង​សប្ដាហ៍​ទី​ ៣៤ ប្រមាណ ៥% បើ​ប្រៀបធៀប​នឹង​ពេល​វេលា​ដូច​គ្នា​ឆ្នាំ​ ២០១៥។ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ការ​កើន​ឡើង​នេះ ដោយសារ​តែ​ឆ្នាំ​ ២០១៦​ ជា​ឆ្នាំ​វដ្ត​ដែល​ជំងឺ​គ្រុនឈាម​ ត្រូវ​កើន​ឡើង ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​វិវត្ត​របស់​វីរុស​គ្រុន​ឈាម​ផ្ទាល់។អត្ថបទដោយ ប៉ោ គីមហុក

ជំងឺគ្រុនឈាម មានការកើនឡើងក្នុងសប្ដាហ៍ទី ៣៤ ប្រមាណ ៥% បើប្រៀបធៀបនឹងពេលវេលាដូចគ្នាឆ្នាំ ២០១៥។
ជំងឺគ្រុនឈាម មានការកើនឡើងក្នុងសប្ដាហ៍ទី ៣៤ ប្រមាណ ៥% បើប្រៀបធៀបនឹងពេលវេលាដូចគ្នាឆ្នាំ ២០១៥។ © ចាន់ណា-RFI
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល ប្រាប់​វិទ្យុ​បារាំង​RFI ​នៅ​ថ្ងៃ​នេះ​ថា ក្នុង​រយៈ​ពេល ៣៤​សប្ដាហ៍​ឆ្នាំ ២០១៦ ករណី​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ប្រមាណជា​ ៥% បើ​ប្រៀបធៀប​ជាមួយ​ពេល​វេលា​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៥។ លោក ហ៊ុយ រ៉េកុល បញ្ជាក់​ថា​ក្នុង​រយៈ​ពេល​៣៤​សប្ដាហ៍​ឆ្នាំ ២០១៦​នេះ មាន​ជំងឺ​គ្រុន​ឈាម រហូត​ដល់ ៨២១៨​ករណី និង​ស្លាប់​ចំនួន ១៧នាក់ ចំណែក​ឯ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០១៥ មាន​ត្រឹម​តែ ៧៧៨៥​ករណី​ប៉ុណ្ណោះ ហើយ​ស្លាប់​ចំនួន ២៦​នាក់។

ទោះបីជា​មាន​ការ​កើន​ឡើង នូវ​ករណី​ជំងឺ​គ្រុន​ឈាម​នេះ​ក៏​ដោយ តែ​ចំនួន​អ្នក​ស្លាប់​មាន​ការ​ថយ​ចុះ​ដោយ​លោក​ លើក​ហេតុ​ផល​ថា ក្រសួង​សុខាភិបាល​បាន​ដឹង​ជា​មុន​ថា​នឹង​មាន​ការ​កើន​ឡើង ហើយ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​ជំងឺ​នេះ។ ការ​ដឹង​មុន​បែប​នេះ​ហើយ​ទើប ក្រសួង​សុខាភិបាល បាន​រៀបចំ​ផែនការ​តាំង​ពី​ចុង​ឆ្នាំ ២០១៥ ដោយ​មាន​ការ​ប្រើប្រាស់​ថ្នាំ អាប៊ែត ថ្នាំ​ត្រៀម​សម្រាប់​បាញ់​សត្វ​ល្អិត និង​ស៊ីរ៉ូម​នៅ​តាម​មន្ទីរពេទ្យ​ផង​ដែរ។

ការ​កើន​ឡើង​នៃ ចំនួន​ជំងឺ​គ្រុន​ឈាម​នេះ ត្រូវ​បាន​ប្រធាន​មជ្ឈមណ្ឌល​រូម​នេះ ពន្យល់​បន្ថែម​ថា វា​កើត​ឡើង​ដោយ​សារ​តែ​ឆ្នាំ ២០១៦ នេះ​ជា​ឆ្នាំ​វដ្ត​ដែល​ជំងឺ​គ្រុនឈាម​ត្រូវ​កើន​ឡើង​ក្នុង​រយៈ​ពេល ៣​ទៅ ៤​ឆ្នាំ​ម្ដង​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ ការ​កើន​ឡើង​ក៏​ដោយសារ​តែ ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​វិវត្តិ​នៃ វីរុស​គ្រុន​ឈាម​នេះ​ផង​ដែរ។

ទន្ទឹម​នឹង​មាន​ការ​កើន​ឡើង​នេះ លោក​បាន​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​បាន ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​សំណាក់​ស្ថាប័ន​រដ្ឋ និង​ប្រជាពលរដ្ឋ​ផ្ទាល់។ ដោយ​ក្នុង​នោះ ខាង​ក្រសួង​សុខាភិបាល ត្រូវ​តែ មាន​ការ​ផ្គត់​ផ្គង់​ថ្នាំ​អាប៊ែត ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត និង​ត្រៀម​រួច​ជា​ស្រេច​នូវ​បណ្ដាញ​សម្រាប់​បញ្ជូន​អ្នក​ជំងឺ ពី​មណ្ឌល​សុខភាព​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត។ ហើយ​ក្រៅ​ពី​នេះ ប្រជាជន​ផ្ទាល់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ចំពោះ​បញ្ហា​អនាម័យ​ក្នុង​និង​ជុំវិញ​ផ្ទះ​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​កម្ចាត់​ជំរក​មូស​ និង​ការពារ​កុំ​ឲ្យ​មូស​ខាំ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ