អានតួអត្ថបទ
កម្ពុជា

EU អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល

តំណាង​សហភាព​អឺរុប​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​បច្ចុប្បន្នភាព ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ ​ដោះលែង​តំណាង​សង្គម​ស៊ីវិល​ ដែល​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ នា​ពេល​ថ្មី​ៗ​នេះ។ ក្នុង​នោះ សហភាព​អឺរុប (EU) ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល បង្កើត និង​រក្សា​បរិយាកាស​ ដែល​គណបក្ស​នយោបាយ​ទាំង​អស់ និង​សង្គម​ស៊ីវិល អាច​ដំណើរ​ការ​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច។ ការ​អំពាវនាវ​របស់​ EU នេះ បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​៩ ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ពីថ្ងៃទី ២ ដល់​ថ្ងៃទី ៤ខែ​ឧសភា។

កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​ ៩​ ដឹកនាំ​ដោយ​លោក​អ៊ុច បូរិទ្ធ​ រដ្ឋលេខា​ធិការ​​ក្រសួង​​ការ​​បរទេស​​ និង​​អនុ​ប្រធាន​​គ្រប់​​គ្រ​ង​​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី ​និង​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរុប។ ​
កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​ ៩​ ដឹកនាំ​ដោយ​លោក​អ៊ុច បូរិទ្ធ​ រដ្ឋលេខា​ធិការ​​ក្រសួង​​ការ​​បរទេស​​ និង​​អនុ​ប្រធាន​​គ្រប់​​គ្រ​ង​​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី ​និង​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរុប។ ​ Facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះលើកទី ៩ ដែល​ដឹកនាំ​ដោយ​លោក​អ៊ុច បូរិទ្ធ​ រដ្ឋលេខាធិការ ​ក្រសួង​ការ​បរទេស ដែល​ជា​សហប្រធាន និង​អនុប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​សហភាព​អឺរុប លោក​អ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO) -តំណាង​សហភាព​អឺរុប បាន​លើក​ឡើង​ពី​ភាព​ជា​ដៃគូ​យូរ​អង្វែង រវាង​កម្ពុជា និង​សហភាព​អឺរុប លើ​គ្រប់​វិស័យ និង​បញ្ហា​សំខាន់​ៗ។ ដូច្នេះ​សហភាព​អឺរុប ដែល​ហៅ​កាត់​ថា EU ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ផ្តល់​សេរីភាព ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ រួម​ទាំង​សង្គម​ស៊ីវិល​ផង ដោយ​កុំ​បង្កើត​ភាព​ភ័យ​ខ្លាច​ដល់​ពួកគេ តាម​ការ​អនុវត្ត​ច្បាប់​ដោយ​ប្រព័ន្ធ​តុលាការ។​

ប៉ុន្តែ​លោក​អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ថា សកម្មភាព​របស់​តុលាការ​នា​ពេល​នេះ ពុំមែន​ជា​ការ​ព្យាបាទ ឬ​ការ​រំខាន​ដល់​តួនាទី​របស់​គណបក្ស​នយោបាយ ដែល​មាន​ដូចជា​បក្ស​ប្រឆាំង​នោះ​ទេ។ តាម​តំណាង​រដ្ឋាភិបាល​រូប​នេះ នេះ​គឺ​ជា​សកម្មភាព​នៃ​ការ​អនុវត្ត​នីតិរដ្ឋ។

ក្រៅ​តែ​ពី​ពិភាក្សា​ពី​កំណែ​ទម្រង់​ច្បាប់ និង​តុលាការ​ តំណាង EU និង​តំណាង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជកម្ម​ផង​ដែរ។ កម្ពុជា សរសើរ EU ដែល​បាន​បង្កើន​ការ​គាំទ្រ​រហូត​ដល់​ ៤១០លានអឺរូ ដល់​កម្ពុជា ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ឆ្នាំ ២០១៤ ដល់ ២០២០។ ក្នុង​នោះ ក៏​មាន​ការ​គូស​បញ្ជាក់​ថា មាន​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ដៃគូ​ទាំង​ពីរ។ ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់ EU មាន​ចំនួន​ជាង ៤ពាន់​លានអឺរូ ក្នុង​ឆ្នាំ ២០១៥។

៤ពាន់​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​នាំ​ចេញ​សម្លៀកបំពាក់ ៧២,៧ភាគរយ ស្បែក​ជើង ១២,៥ភាគរយ ការ​នាំ​ចេញ​កង់ ៨,៨ភាគរយ និង​ការ​នាំ​ចេញ​អង្គរ និង​ស្ករ មាន​ ៤,៣​ភាគ​រយ។ សូម​បញ្ជាក់​ថា ​តាំង​ពី​ឆ្នាំ​ ២០១៣​មក EU គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ ភាគី​កម្ពុជា និង​EU បាន​ព្រម​ព្រៀងគ្នា រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កម្ពុជា-សហភាពអឺរុប លើកទី ១០ និង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទាំង ៣ទៀត នៅឆ្នាំ ២០១៨ នា​ទីក្រុង​ព្រុចសែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ