អានតួអត្ថបទ
កម្ពុជា

កងទ័ព​វៀតណាម​បំពេញ​បេសកកម្ម រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ

លោក​សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សរសេរ និង​បង្ហោះ​រូប​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ផ្លូវ​ការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៦ មេសា​ម្សិលមិញ​នេះ​ថា មាន​ទាហាន វៀតណាម​ចូល​មក​បោះ​ជំរុំ​ស្នាក់​នៅ​ក្នុង វត្ត​ត្រពាំង​ផ្លុង ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ។ ប៉ុន្តែ​បើ​តាម​លោក​មេ​បញ្ជាការ​យោធា​ខេត្ត​ត្បូង​ឃ្មុំ បាន​ឲ្យ​ដឹង​ថា វត្តមាន​កង​ទ័ព​វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ពេល​នេះ គឺ​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការណ៍ រវាង​ប្រទេស​ទាំងពីរ ដើម្បី​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​វៀតណាម ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​សម័យ​សង្គ្រាម នៅ​ក្នុង​ទឹកដី​កម្ពុជា។

ទាហាន ​​វៀតណាម​ចូល​មក​បោះ​ជំរុំ​ស្នាក់​នៅ​ក្នុង​ វត្ត​ត្រពាំង​ផ្លុង ​ក្នុង​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ។​
ទាហាន ​​វៀតណាម​ចូល​មក​បោះ​ជំរុំ​ស្នាក់​នៅ​ក្នុង​ វត្ត​ត្រពាំង​ផ្លុង ​ក្នុង​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ។​ Facebook
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ាត ប៊ុនធឿន មេ​បញ្ជាការ​យោធា​ខេត្ត​ត្បូង​ឃ្មុំ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា វត្តមាន​របស់​កង​ទ័ព​វៀត ណាម​នៅ​ក្នុង​ស្រុក​ពញា​ក្រែក ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ពេល​នេះ គឺ​ជា​វត្តមាន​ស្រប​ច្បាប់ ហើយ​ធ្វើ​ឡើង​ក្នុង​ជំនួយ​មនុស្ស​ធម៌​ ដើម្បី​ស្វែង​រក​ឆ្អឹង​របស់​ទាហាន​វៀតណាម​ ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មេបញ្ជាការ​បាន​បន្ត​ទៀត​ថា កិច្ច​សហប្រតិបត្តិការណ៍​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ទាហាន​អាមេរិក​ចុះ​មក​ធ្វើ​បេសកកម្ម​ស្វែង​រក​អដ្ឋិធាតុ​ របស់​កង​ទ័ព​ខ្លួន​ផង​ដែរ។

ការ​ឆ្លើយ​តប​របស់​លោក​មេ​បញ្ជាការ​យោធា​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ចុះ​ទៅ​ដល់​ទឹកដី​ខេត្ត​ត្បូង​ឃ្មុំ ហើយ​ក្រុម​ការងារ​របស់​លោក​ក៏​បាន​ប្រទះ​ឃើញ ​ទាហាន​វៀតណាម​ជា​ច្រើន​កំពុង​តែ​ស្នាក់​នៅ​ក្នុង​វត្ត​ត្រពាំង​ផ្លុង។

លោក​សួន សេរីរដ្ឋា​បាន​សរសេរ និង​បង្ហោះ​រូប​ទាហាន​វៀតណាម​ថា «សកម្មភាព​ដែល​ទាហាន​យួន លើក​គ្នា​ចូល​មក​បោះ​ជំរុំ​នៅ​ក្នុង​វត្ត​ខ្មែរ ដី​ខ្មែរ​នេះ គឺ​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ ដែល​ជា​ការ​រំលោភ​អធិបតេយ្យភាព និង​បូរណៈភាព​ទឹក​ដី​ខ្មែរ»។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ​ក៏​បាន​សួរ​ព័ត៌មាន​ពី​អ្នក​ស្រុក​ចាស់​ៗ នៅ​ក្នុង​ភូមិ​នោះ​ផង​ដែរ​ថា ទាហាន​វៀតណាម​ទាំង​អស់​នេះ បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​វត្ត​នេះ​មាន​រយៈ​ពេល​ជិត​២​មក​ហើយ ហើយ​ទាហាន​ទាំង​អស់​នេះ​នឹង​ត្រូវ​ចេញ​ទៅ​វិញ​ក្នុង​រយៈ​ពេល​១២០​ថ្ងៃ។ បន្ទាប់​មក​នឹង​មាន​ក្រុម​ថ្មី​មក​ជំនួស​វិញ។ នេះ​បើ​តាម​លោក​សួន សេរីរដ្ឋា​បាន​ឲ្យ​ដឹង​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ