អានតួអត្ថបទ
កម្ពុជា

បដិមា​ព្រះកេស​ព្រះព្រហ្ម​សតវត្ស​ទី១០ ចំនួន​ពីរ មក​ពី​ប្រទេស​បារាំង ត្រូវ​បាន​យក​មក​រក្សា​ទុកនៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

បដិមា​ព្រះកេស​ព្រះព្រហ្ម​សតវត្សទី ១០ នៃ​រចនាបទ​កោះ​កេរ្តិ៍ ចំនួន​ពីរ នៅ​ថ្ងៃ​ទី​ ៣០ ខែ មីនា នេះ ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​បារាំង​យក​មក​រក្សា​ទុក​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ជាតិ នៅ​សារមន្ទីរជាតិ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ សូម​បញ្ជាក់​ថា បដិមា​ព្រះ​កេស​ទាំង​ពីរ ដែល​សាង​សង់​ពី​ថ្មភក់ ត្រូវ​បាន​ជន​ខិល​ខូច​លួច​ចេញ​ពី​ប្រាសាទ​ណា​មួយ​នៃ​ក្រុម​ប្រាសាទ​កោះ​កេរ្តិ៍ ក្នុង​អំឡុងពេល​សង្គ្រាម​ស៊ីវិល​កើត​ឡើង​នា​ទសវត្សន៍​ឆ្នំាំ ១៩៧០។ អត្តបទដោយ សរ ពិសី

បដិមាព្រះកេសព្រះព្រហ្មសតវត្សទី ១០ នៃរចនាបទកោះកេរ្តិ៍ ចំនួនពីរ នៅថ្ងៃទី ៣០ ខែ មីនា នេះ ត្រូវបានបញ្ជូនពីប្រទេសបារាំងយកមករក្សាទុកជាសម្បត្តិបេតិកភ័ណ្ឌជាតិ នៅសារមន្ទីរជាតិកម្ពុជា
បដិមាព្រះកេសព្រះព្រហ្មសតវត្សទី ១០ នៃរចនាបទកោះកេរ្តិ៍ ចំនួនពីរ នៅថ្ងៃទី ៣០ ខែ មីនា នេះ ត្រូវបានបញ្ជូនពីប្រទេសបារាំងយកមករក្សាទុកជាសម្បត្តិបេតិកភ័ណ្ឌជាតិ នៅសារមន្ទីរជាតិកម្ពុជា
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​កិច្ច​សហការណ៍​ពី​សំណាក់​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​របស់​បារាំង ធ្វើការ​ស៊ើបអ​ង្កេត និង ឈាន​ដល់​ការ​បញ្ជូន​ឯកសារ និង ព្រះ​កេស​ព្រះ​ព្រហ្ម​ទាំង​ពីរ ដែល​ធ្វើឡើង​ពី​ថ្ម​ភក់ ទៅ​កាន់​តុលាការ​បារាំង​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​។ ជា​លទ្ធផល បុរាណ​វត្ថុ​ទាំង​ពីរ​នេះ ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌​មាន​ច្បាស់​លាស់​ណាមួយ​ ថា​តើ​ប្រាសាទ​ណា​មួយ​នៃ​ក្រុម​ប្រាសាទ​កោះកេរ្តិ៍​តម្កល់​ព្រះ​អាទិទេព​នេះ​នោះ​ទេ។ គេគ្រាន់​តែ​ដឹង​ថា ព្រះបដិមា​ទាំង​ពីរ​គឺ​មាន​ប្រភព​មក​ពី ព្រះបដិមា​ព្រះព្រហ្ម​ដ៏​ធំ​មួយ ដែល​បានសាង​សង់​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ដែល​ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះហស្ត​ផ្នែកសំណង់​ប្រាសាទ​ដ៏​ស្កឹម​ស្កៃ និង បដិមា​ធំៗ​ផ្នែក​ព្រហ្មញ្ញ​សាសនា​។

បើ​តាម រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស និង សហ​ប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំ ហុង មុនពេល​យក​មក​រក្សា​ទុក​នៅ​សារមន្ទី​ជាតិ​កម្ពុជា បុរាណ​វត្ថុ​ទាំង​ពីរ ត្រូវ​បាន​ដាក់​តាំង​លក់​ក្នុង​តម្លៃ ១ លាន​ដុល្លារ​អាមេរិក នៅ​ទីកន្លែង​មួយ​នៃ​ទី​ក្រុង​ប៉ារីស។ នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​វត្ថុបុរាណ​របស់​បារាំង បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​លក់​ព្រះសិរ្ស​នោះ ជា​បន្ត​បន្ទាប់​ រហូតតុលាការ​ប្រទេស​បារាំង ប្រគល់​វត្ថុ​បុរាណ​ទាំង​ពីរ​នោះ​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ ១៩៩៤​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់-ទទួល​បុរាណ​វត្ថុ​ចំនួន​ពីរ​ដែល​ជា​បដិមា​ព្រះកេស ឬ ព្រះសិរ្ស ព្រះព្រហ្ម នៅ​ថ្ងៃ​ទី ៣០ ខែ មីនា នេះ រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចាត់​ទុក​ថា ការប្រគល់​វត្ថុ​បុរាណ​នេះ គឺ​ជា​កាយវិការ​ដែល​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ក្នុងការ​ទាមទារ​ត្រឡប់​មក​វិញ​នូវ​បដិមា​ដែល​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​ជាតិ ដែល​ត្រូវ​បាន​យកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រគល់ វត្ថុ​បុរាណ​នៅ​ថ្ងៃ​នេះ ក៏​ជា​កាយវិការ​ឆ្លុះបញ្ចាំង​ក្តី​ស្រឡាញ់ និង ការ​ចូល​រួម​ថែរក្សា​ចំពោះ​តម្លៃ​បេតិកភ័ណ្ឌ​វប្បធម៌​ជាតិ។

រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ សាធារណៈជន ក៏​ដូចជា​សហគមន៍​អន្តរជាតិ ចូល​រួម​ថែរក្សា​ការពារ​ និង ផ្តល់​ព័ត៌មាន ពាក់​ព័ន្ធ​នឹង​វត្ថុ​បុរាណ​ខ្មែរដែល​បាត់​បង់​ជាពិសេស គឺ ដង​ខ្លួន​របស់​ព្រះព្រហ្ម​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ២៨ ខែ មីនា ឆ្នាំ ២០១៦ នេះ បដិមា​ដង​ខ្លួន​ព្រះរាម​មួយ​អង្គ ដែលត្រូវ​បាន​ក្រុម​ជន​ល្មើស​លួច​យក​ទៅ​លក់​អំឡុង​ឆ្នាំ​១៩៧០ផងដែរនោះ ក៏ត្រូវ​យក​មក​ប្រគល់​ជូន​​កម្ពុជា ពីសារមន្ទីរ​សិល្បៈ​ដេនវើ (Denver Museum of Art) នៅ​សហរដ្ឋ​អាមេរិក។ បដិមា​ដង​ខ្លួន​ព្រះរាម ដែល​មិន​មាន​ដៃ ជើង និង​សិរសា​នេះ មាន​កម្ពស់ ១៥៧​ សង់ទីម៉ែត្រ គ្រោង​នាំ​ទៅ​តម្កល់​ទុក​នៅ​ប្រាសាទ​ចិន ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​កោះ​កេរ ក្នុង​ខេត្ត​ព្រះវិហារ ដែល​ជា​ប្រភព​ដើម​នៃ​បដិមា​នេះ​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ