អានតួអត្ថបទ
កម្ពុជា

សមាគម​គ្រូ​បង្រៀន ស្នើ​លោក​ហ៊ុន សែន ផ្តល់​ប្រាក់​ឧបត្ថម្ភ ១៥​ម៉ឺន​រៀល ​ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​​ថ្ងៃ​ទី​ ២៣​មីនា​នេះ បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដើម្បី​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​ ដល់​គ្រូបង្រៀន មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស ក្នុង​ម្នាក់ៗ​ចំនួន ១៥​ម៉ឺនរៀល អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ចំពោះ​សំណើ​នេះ​នៅ​ឡើយ​ទេ​ ដោយសារ​លោក​ពេល​នេះ កំពុង​ចូលរួម​កិច្ច​ប្រជុំ​ នៅ​ប្រទេស​ចិន។

លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា។​
លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា។​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ជាក់​ថា​ទឹក​ប្រាក់​ឧបត្ថម្ភ ១៥​ម៉ឺនរៀល ដល់​គ្រូ​បង្រៀន មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​លើក​ស្ទួយ​ទំនៀម​ទម្លាប់​ និង​សាសនា​របស់​កម្ពុជា។ សារៈ​សំខាន់​ ដោយ​សារ​តែ​អំឡុង​ពេល​នេះ តម្លៃ​ទំនិញ ក៏​ដូចជា​សេវាដឹក​ជញ្ជូន​ក្នុង​ស្រុក​ជាដើម បាន​ឡើង​ថ្លៃ​គុណ​២​ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្រៀន មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​មាន​ប្រាក់​បៀរវត្ស​តិច​តួច ពិបាក​ចូលរួម​អបអរសាទរ ក្នុង​ឱកាស​បុណ្យ​ជាតិ​មួយ​ឆ្នាំ​មាន​ម្តង​នេះ។​

អ្នក​ស្រីអ៊ុក ឆាយ៉ាវី ប្រធាន​ស្តីទី​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រាប់​វិទ្យុ​បារាំងថា ទឹក​ប្រាក់​ឧបត្ថម្ភ ១៥​ម៉ឺន​រៀល​នេះ បើ​គិត​ទៅ​វា​តិចតួច​ណាស់​សម្រាប់​អ្នក​មាន​ប្រាក់​បៀរវត្ស​ខ្ពស់ តែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នក​មាន​បៀរវត្ស​ទាប។ អ្នក​ស្រី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​គ្រូ​បង្រៀន​សរុប​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ ដូច្នេះ​រដ្ឋាភិបាល ទំនង​ជា​មិន​អាច​ចំណាយ​ច្រើន​ពេក​ទេ ​គ្រាន់​តែ​ឧបត្ថម្ភ​ប្រាក់​ ១៥​ម៉ឺនរៀល​ដល់​ពួក​គេ​ក្នុង​ឱកាស​នេះ។

យ៉ាង​ណា​មិញ សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ មិនបាន​បញ្ជាក់​ពី​ចំនួន​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​សរុប​ក្នុង​ប្រទេស​នោះ​ទេ។ ប៉ុន្តែ​អ្នក​ស្រី ឆាយ៉ាវី សង្ឃឹម​ថា ប្រាក់​ឧបត្ថម្ភ​ប៉ុណ្ណេះ ប្រហែល​ជា​មិន​អាច​ជា​ការ​ចំណាយ​ប្រាក់​ជាតិ​ច្រើន​នោះ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​ធ្វើ​លិខិត​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ ហើយ​កាលណោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤​ម៉ឺន​រៀល ដល់​គ្រូ​បង្រៀន​ មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​អបអរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ