អានតួអត្ថបទ
កម្ពុជា

ដំណើរ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ព្រះអាទិត្យ បន្ត​ជាប់​គាំង​នៅ​ត្រង់​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី

មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ បាន​បន្ត​ស្តី​បន្ទោស​ទៅ​លើ​នីតិវិធី​នៃ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ក្រុង​តា​ខ្មៅ​ថា បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​ប្រឆាំង។ គិត​ត្រឹម​ថ្ងៃ​ទី​១៣​មករា​ឆ្នាំ​២០១៦​នេះ ឯកសារ​នៃ​ការ​ផ្ទេរកម្ម​សិទ្ធិ​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​នោះ​នៅ​តែ​មិន​ទាន់​ឆ្លង​ផុត​ពី​មន្ទីរ​សូរិយោ​ដី​ខេត្ត​កណ្តាល​នៅ​ឡើយ។

លោក សម រង្ស៊ី(ឆ្វេង) និង​ លោក កឹម សុខា (ស្តាំ) នៅ​ក្នុង​សន្និសីទ នាពេលកន្លងមក។
លោក សម រង្ស៊ី(ឆ្វេង) និង​ លោក កឹម សុខា (ស្តាំ) នៅ​ក្នុង​សន្និសីទ នាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) របស់​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​ដំណើរ​ការ​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ រឺ​ដើម​ឆ្នាំ​២០១៦​នេះ ក៏​ប៉ុន្តែ ដំណើរ​ការ​ផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​បក្ស​ប្រឆាំង​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​ពន្យា​ពេល​ជា​បន្ត​បន្ទាប់។ លោក តុ វ៉ាន់ច័ន្ទ សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បន្ទុក​ជំរុញ​ដំណើរ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ព្រះអាទិត្យ បាន​ស្តី​បន្ទោស​ទៅ​លើ​ភាព​យឺត​យ៉ាវ​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ដំឡើង​ស្ថានីយ៍​ផ្សាយ​នៅ​ក្នុង ​ភូមិ​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​នោះ​ថា បាន​ធ្វើ​ឲ្យ​អាក់ខាន​ទៅ​ដល់​ដំណើរ​ការ​រៀបចំ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

លោក តុ វ៉ាន់ច័ន្ទ កំពុង​ពិនិត្យ​ថា តើ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​ទិញ​ក្នុង​តម្លៃ​ជាង ១០​ម៉ឺន ៧​ពាន់​ដុល្លារ​អាមេរិក​នេះ គឺ​ជា​រឿង​នយោបាយ​រឺ​យ៉ាង​ណា?

សូម​បញ្ជាក់ថា​ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទិញ​ដី​ទំហំ​ជាង ១.២០០​ម៉ែត្រ​ការ៉េ នៅភូមិ​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ​ដើម្បី​ដំឡើង​អង់តែន និង​ស្ទូឌីយោ​ស្ថានីយ៏​ទូរទស្សន៍​នេះ ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​មិន​អាច​ដំឡើង​អង់តែន រឺ​សាងសង់​ស្ទូឌីយោ​នៅ​លើ​ដី​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​រងចាំ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជា​មុន​សិន។

បើ​តាម លោក តុ វ៉ាន់ច័ន្ទ ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​នេះ គឺ​ជា​រឿង​ចាំបាច់ មុន​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​ស្ទូឌីយោ រឺ​ដំឡើង​អង់តែន​ទូរទស្សន៍​នេះ។

គួរ​រំលឹក​ជូន​ថា គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រកាស​ថា នឹង​ដំណើរ​ការ​ផ្សាយ​ទូរទស្សន៍​ព្រះអាទិត្យ (Sun TV) នៅ​មុន​ដំណាច់​ឆ្នាំ ២០១៥​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាតិ​ពី​ក្រសួង​ព័ត៌មាន​ក្រោម​កិច្ច​ព្រម​ព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤។ ប៉ុន្តែ​គម្រោង​នៃ​ដំណើរ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ព្រះ​អាទិត្យ ដែល​គ្រោង​ចំណាយ​ជាង​៣​លាន​ដុល្លារ​នេះ​ បាន​ពន្យា​ពេល ជា​បន្ត​បន្ទាប់។

លោក តុ វ៉ាន់ច័ន្ទ មន្រ្តី​ទទួល​បន្ទុក​ជំរុញ​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ ក៏​នៅ​មិន​ទាន់​កំណត់​ឲ្យ​បាន​ប្រាកដ​ប្រជា​នៅ​ឡើយ​ថា តើ​ទូរទស្សន៍​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ផ្សាយ​នៅ​ពេល​ណា? ព្រោះថា​ អ្វី​ៗ វា​ស្ថិត​នៅ​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី ដែល​គណបក្ស​បាន​ទិញ​សម្រាប់​ការ​សាងសង់​ស្ថានីយ៍​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​នេះ។ លោក តុ វ៉ាន់ច័ន្ទ បាន​បញ្ជាក់​ថា ​បញ្ហា​ថវិកា​ មិន​មែន​ជា​បញ្ហា​នៃ​ការ​បង្កើត​ទូរទស្សន៍​ទៀត​ទេ។

ចំណែក​ឯ​លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹក​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​បាន​ទទួល​មូលនិធិ​ប្រមាណ​ជា​៧០​ម៉ឺន​ដុល្លារ​ហើយ​ពី​ប្រជាពលរដ្ឋ ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នៅ​ជំហ៊ាន​ដំបូង​នេះ។ ប៉ុន្តែ​ការ​ប្រមូល​មូល​និធិ​ក្នុង​ស្រុក បាន​ផ្អាក​កាល​ពី​២​ខែ​មុន​ ដោយ​សារ​រង​ចាំ​ការ​សាងសង់​ស្ថានីយ៍​ផ្សាយ​នៅ​ក្នុង​ជំហាន​ទី​២ នៅ​ដើម​ឆ្នាំ​២០១៦។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​របស់​ទូរទស្សន៍​ព្រះអាទិត្យ​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​ផ្លូវ​ច្បាប់ នោះ​គណបក្ស​នឹង​រៀបចំ​ឲ្យ​មាន​ការ​ផ្សាយ​ទូរទស្សន៍​ព្រះ​អាទិត្យ នៅ​តាម​ប្រព័ន្ធ ​Online​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ