អានតួអត្ថបទ
កម្ពុជា

ដី​សម្បទាន​នៅ​រតនៈគីរី​៖ រដ្ឋាភិបាល​ថា​បន្ថយ​ដី​ពី​៤​ម៉ឺន​ហិកតា​ត្រូវ​កាត់​បន្ថយ​សល់​៤​ពាន់​ហិកតា

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ បាន​ចេញ​សេចក្កី​ជូន​ដំណឹង​ស្តីពី​ការ​កាត់​បន្ថយ​ផ្ទៃ​ដី​សម្បទាន​ សេដ្ឋកិច្ច​នៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​រតនៈគីរី។ ជា​សេចក្តី​ជូន​ដំណឹង​ដែល​កាត់​បន្ថយ​ផ្ទៃដី​សម្បទាន​ដែល​មាន​ក្រុម​ហ៊ុន​ វៀតណាម​ជា​ភាគ​ហ៊ុន​នោះ​ពី​៤​ម៉ឺន​ហិកតា​មក​នៅ​ត្រឹម​ជាង​៤​ពាន់​ហិកតា​តែ​ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​ដី​សម្បទាន​ ធ្វើ​ការ​តវ៉ា​នា​ពេល​កន្លង​មក។
ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​ដី​សម្បទាន​ ធ្វើ​ការ​តវ៉ា​នា​ពេល​កន្លង​មក។ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ដី​វិនិយោគ​ដី​សម្បទាន​មហា​សាល​ចំនួន​៤​ម៉ឺន​ហិកតា​នៅ​ខេត្ត​រតនៈគីរី​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ត្រឹម​ជាង​៤​ពាន់​ហិក​តា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សយ សូណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនៈគីរី។

លោក​សយ សូណា​ បាន​ទទួល​ស្គាល់​ថា​ចំនួន​ដី​ទាំង​៤​ម៉ឺន​ហិកតា​នោះ​គឺ​ទំហំ​ផ្តល់​ដី​សម្បទាន​ចាស់​ដែល​រដ្ឋាភិបាល​បាន​ឱ្យ​ក្រុម​ហ៊ុន​មុន​ការ​ចុះ​អនុវត្ត​បទ​បញ្ជា​លេខ​០១​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២​ និង​ការ​ដោះស្រាយ​ដី​សម្បទាន​របស់​ក្រុម​គណៈកម្មការ​អន្តរ​ក្រសួង​តែ​ប៉ុណ្ណោះ។ ​ហើយ​លោក​ក៏​បាន​ទទួល​ស្គាល់​ថា​ក្រុម​ហ៊ុន​ទាំង​៤​នោះ មាន​ភាគ​ហ៊ុន​ជាមួយ​នឹង​កង​ទ័ព​របស់​វៀតណាម​ពិត​មែន។

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​នោះ មាន​ចំនួន​៤ គឺ​ទី​១​ក្រុម​ហ៊ុន វាសនា​អិនវេសមេន​ដែល​ទទួល​បាន​ដី​សម្បទាន​ចំនួន​៥០៨០​ហិកតា បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម​១៥៤១​ហិកតា​។ ទី២ ក្រុម​ហ៊ុន Chea Chanrith Aphivath ទទួល​បាន​ដី​សម្បទាន​ចំនួន​៥១២៤ ហិកតា បច្ចុប្បន្ន​កាត់​បន្ថយ​នៅ​ត្រឹម​៩០០​ហិកតា ទី៣ ក្រុមហ៊ុន Rama Khmer International ទទួល​បាន​ដី​ចំនួន​២​ម៉ឺន​ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ត្រឹម​៩០០ហិកតា និតី៤ ក្រុមហ៊ុន​Dai Dong Duoungដែល​ទទួល​បាន​ដី​សម្បទាន​៩៣៨០ ហិកតា ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម​៨០០​ហិកតា។ ដី​សម្បទាន​ទាំង​នោះ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​អូយាដាវ ស្រុក​អណ្តូង​មាស និង​ស្រុក​បរកែវ។

សូម​បញ្ជាក់​ថា បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​ជា​ចំណុច​រស៊ើប​របស់​រដ្ឋាភិបាល​កម្ពុជា​ព្រោះ​ថា​ដី​សម្បទាន​ទាំង​នោះ​ភាគ​ច្រើន​បាន​ប៉ះពាល់​ដី​ព្រៃ​សហគមន៍ និង​ដី​កាន់​កាប់​របស់​ប្រជាពលរដ្ឋ​។ ទាក់​ទង​នឹង​ដី​សម្បទាន​មហា​សាល​នៅ​ខេត្ត​រតនៈ​គីរី​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ក៏​បាន​បង្ហោះ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ផង​ដែរ ដោយ​បាន​អត្ថាធិប្បាយ​វាយ​ប្រហារ​មក​កាន់​រដ្ឋាភិបាល​ថែម​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​ដី​សម្បទាន​ដ៏​មហាសាល​នេះ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ពី​៤ម៉ឺនហិក​តា​ មក​នៅ​ត្រឹម​៤​ពាន់​ហិកតា តាំង​ពី​ចុង​ឆ្នាំ​២០១៥ ដោយ​កំពុង​ឱ្យ​ក្រុមហ៊ុន​ទាំង​អស់​ចុះ​បញ្ជី​ឡើង​វិញ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ