អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន៖ ប្រជាជន​កម្ពុជា​ឆ្លង​ឆ្នាំ​ថ្មី ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​វាយ​ប្រហារ​ភេវរកម្ម

មួយ​ថ្ងៃ​ក្រោយ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​អបអរ​សាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ (២០១៥-​២០១៦​)​ កាល​ពី​រំលង​អធ្រាត្រ​យប់​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន បាន​វាយ​តម្លៃ​ជា​ទូទៅ​ថា ប្រជាជន​កម្ពុជា បាន​ចូលរួម​យ៉ាង​សប្បាយ​រីករាយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​វាយ​ប្រហារ​ភេវរកម្ម​នោះ​ទេ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក កំពុង​ប្រឈម​នឹង​បញ្ហា​នេះ។ បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​២​ទៅ​៧​ម៉ឺន​នាក់​បាន​ចូល​រួម​អបអរ​សាទរ​នៅ​ក្នុង​ខេត្ត​គោល​ដៅ​មួយ​ចំនួន។

ប្រជា​ពលរដ្ឋខ្មែរ​ ធ្វើ​ចរាចរណ៍​កំសាន្ត​យ៉ាង​ណែន​តាន់​តាប់ ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឳកាស​បុណ្យ​ឆ្លង​ឆ្នាំ​២០១៥ ចូល២០១៦នេះ។
ប្រជា​ពលរដ្ឋខ្មែរ​ ធ្វើ​ចរាចរណ៍​កំសាន្ត​យ៉ាង​ណែន​តាន់​តាប់ ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឳកាស​បុណ្យ​ឆ្លង​ឆ្នាំ​២០១៥ ចូល២០១៦នេះ។ សហការី
ផ្សាយពាណិជ្ជកម្ម

 

«ឆ្នាំ​ចាស់​២០១៥​បាន​កន្លង! ឆ្នាំ​ថ្មី​២០១៦ បាន​មក​ជំនួស ជាមួយ​នឹង​ក្តី​រីករាយ​របស់​ប្រជាជន។ សុខ​សន្តិភាព​បាន​ផ្តល់​ជូនជាតិ និង​ប្រជាជន​យើង​នូវ​ការ​សប្បាយ​រីករាយ​ក្នុង​ការ​ឆ្លង​ឆ្នាំ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​វាយ​ប្រហារ​ភេវរកម្ម​ដែល​ប្រទេស​មួយ​ចំនួន​កំពុង​ប្រឈម​នោះ​ឡើយ»។ នេះ​គឺ​ជា​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន កាល​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។ ជា​សារ​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្រ្តី នៅ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦​នេះ ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន បាន​ចូលរួម​អបអរ​សាទរ ដោយ​គ្មាន​បញ្ហា​ណាមួយ​កើត​ឡើង​នោះ​ទេ។

ពី​ខេត្ត​ព្រះសីហនុ ជា​ទី​ដែល​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន បាន​ចំណាយ​ពេល​វេលា​សំរាក​លំហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក, លោក ហ៊ុន សែន បាន​វាយ​តម្លៃ​ជាទូទៅ​ថា ​ប្រជាជន​កម្ពុជា ពិត​ជា​បាន​ចូលរួម​យ៉ាង​សប្បាយ​រីករាយ ​នៅ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​វាយ​ប្រហារ​ភេវរកម្ម ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក កំពុង​ប្រឈម​នឹង​បញ្ហា​នេះ​ឡើយ។

សូម​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​២​ទៅ​៧​ម៉ឺន​នាក់ បាន​ចូលរួម​អបអរសាទរ​ក្នុង​រាត្រី​ឆ្លងឆ្នាំ នៅ​តាម​ខេត្ត​គោល​ដៅ​មួយ​ចំនួន ដូចជា ខេត្ត​ព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ចូល​រួម​ច្រើន​ជាង​គេ​ជាង​៧​ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា។ បន្ទាប់​មក​គឺ​ខេត្ត​សៀមរាម ទីក្រុង​ភ្នំពេញ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពត​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​មាន​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត ​ក៏​បាន​រៀបចំ​អបអរ​សាទរ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ​ដោយ​មាន​ការ​តុប​តែង​លំអ​ភ្លើង​ពណ៌​គ្រប់​ប្រភេទ រួម​ទាំង​ការ​ប្រគុំ​តន្រ្តី​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​ផង។ បើ​តាម​លោក​រដ្ឋមន្រ្តី ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ បាន​ចំណាយ​ថវិកា​ម្នាក់​ប្រមាណ​ជា​២០​ម៉ឺន​រៀល​ឡើង​ទៅ ដើម្បី​ចូលរួម​អបអរ​សាទរ នៅ​ក្នុង​យប់​ឆ្លង​ឆ្នាំ​ថ្មី​នេះ។

ចំណែក​ឯ​ក្រុម​អ្នក​ធ្វើ​ការ​ខាង​ទីភ្នាក់ងារ​ទេសចរណ៍​ឯក​ជន​វិញ បាន​កត់​សំគាល់​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង បាន​ចូលរួម​អបអរ​សាទរ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ ថែម​ទាំង​បាន​ចេញ​ទៅ​ចូល​រួម​ឆ្លង​ឆ្នាំ​នៅបរទេស​ផង​ដែរ ដូច​ជា ប្រទេស​ថៃ ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និង​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប និង​តំបន់​មជ្ឈឹម​បូព៌ា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៥-២០១៦នេះ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប បាន​ប្រារព្ធ​ឡើង​ជា​មួយ​នឹង​ក្តី​ព្រួយ​បារម្ភ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​។ តួ​យ៉ាង​ដូចជា ទីក្រុង​ប្រុចស៊ែល​ប្រទេស​ប៊ែល​ស៊ិក, ទីក្រុង​ប៉ារីស​ប្រទេស​បារាំង, ទីក្រុង​អង់ការ៉ា​ រដ្ឋធានី​ប្រទេស​តួកគី និង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​ជា​ដើម ដែល​បាន​លុប​ចោល​ការ​បាញ់​កាំជ្រូច​អបអរ​ឆ្នាំ​ថ្មី និង​ខ្លះ​ទៀត​បាន​បង្កើន​ការ​យាមកាម​យ៉ាង​តឹង​រឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ